ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក សុខ ឥសាន៖«បើនៅតែព្រហើនប្រព្រឹត្តបទញុះញង់ គឺនៅតែជាប់គុក»
06, Sep 2021 , 5:02 pm        
រូបភាព
លោក សុខ ឥសាន ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលមិថុនា ឆ្នាំ២០២០ (រូបពីព្រឹទ្ធភា)។ ជូរខាងលើពីឆ្វេងដៃទៅស្តាំដៃ៖ យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវស្មី (រូបពីបណ្តាញសង្គម)។ ជូរខាងក្រោមពីឆ្វេងដៃទៅស្តាំដៃ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និង យុវជន យីម លាងហ៊ី (រូបពីបណ្តាញសង្គម)។
លោក សុខ ឥសាន ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលមិថុនា ឆ្នាំ២០២០ (រូបពីព្រឹទ្ធភា)។ ជូរខាងលើពីឆ្វេងដៃទៅស្តាំដៃ៖ យុវជន ថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវស្មី (រូបពីបណ្តាញសង្គម)។ ជូរខាងក្រោមពីឆ្វេងដៃទៅស្តាំដៃ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និង យុវជន យីម លាងហ៊ី (រូបពីបណ្តាញសង្គម)។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានផ្ញើសារក្នុងន័យទូន្មាន ទៅកាន់អ្នកប្រឆាំង សកម្មជនបរិស្ថាន ឬសកម្មជនផ្សេងទៀតថា បើមិនចង់ឲ្យជាប់ពីបទញុះញង់ គឺកុំប្រព្រឹត្តអំពើញុះញង់។ លោក បញ្ចេញសារនេះរយៈពេល២ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ស្របពេលដែលក្រុមសង្គមស៊ីវិល កំពុងបន្តយុទ្ធនាការតាមបណ្តាញសង្គម ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននានា ពិសេសសកម្មជនបរិស្ថានក្មេងៗ។



តាមរយៈសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាផងនោះ បានសរសេរដូច្នេះថា៖«បើដឹងថា ប្រព្រឹត្តបទញុះញង់ត្រូវជាប់គុក ម៉េចបានជាចេះតែប្រព្រឹត្តបទញុះញង់ឲ្យជាប់គុក? បើនៅតែព្រហើនប្រព្រឹត្តបទញុះញង់ នៅតែជាប់គុក ទោះខិតខំស្រែកយ៉ាងណា ក៏នៅតែគុកដដែល»។ 
 
អង្គការសង្គមស៊ីវិលនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១មក ហើយគ្រោងធ្វើយុទ្ធនាការនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣។ អង្គការសង្គមស៊ីវិល បានត្រឹមធ្វើយុទ្ធនាការនេះ តាមបណ្តាញសង្គមប៉ុណ្ណោះ ដោយពុំអាចប្រមូលផ្តុំផ្ទាល់ឡើយ ដ្បិតបារម្ភនឹងជំងឺកូវីដ-១៩។ 
 
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបន្តបង្ហោះសារអំពាវនាវឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ដោយភ្ជាប់ជាមួយនឹងរូបថតរបស់អ្នកទាំងនោះ។ មន្រ្តីអង្គការសង្គមស៊ីវិល បានបន្តពិភាក្សាគ្នាតាមអនឡាញ ជុំវិញការចាប់អ្នកការពារសិទ្ធិមនុស្ស និងក្រុមយុវជន ដែលជាសកម្មជនបរិស្ថាន។ 
 
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រំលេចពីភាពផ្ទុយគ្នារវាងសកម្មជនបរិស្ថាននៅកម្ពុជា និងសកម្មជនបរិស្ថាននៅតាមបណ្តាប្រទេសនានា។ អង្គការសិទ្ធិមនុស្សដ៏ធំមួយនេះ ប្រៀបធៀបថា សកម្មជនបរិស្ថាននៅទូទាំងពិភពលោក តែងទទួលបានការគាំទ្រពីអាជ្ញាធរ ឯសកម្មជនបរិស្ថាននៅកម្ពុជា មិនសូវទទួលបានការគាំទ្រពីអាជ្ញាធរនោះទេ ប៉ុន្តែ ពួកគេ បែរជាទទួលរងការគំរាមកំហែង ការបំភិតបំភ័យ និង ការចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ។ 
 
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចោទជាសំណួរថា៖«ប្រសិនបើអ្នកទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណា នឹងបន្តភាពសកម្មរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គមតទៅទៀត?»។ អង្គការផ្នែកសិទ្ធិមនុស្សមួយនេះ នៅតែអំពាវនាវឲ្យមានការគាំទ្ររាល់សកម្មភាព ដែលនាំឲ្យមានប្រយោជន៍ដល់សង្គម និងប្រជាពលរដ្ឋ។ 
 

 រូបដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហោះលើទំព័រហ្វសប៊ុក ដើម្បីប្រៀបធៀបរវាងសកម្មជនបរិស្ថាននៅកម្ពុជា និងសកម្មជនបរិស្ថាននៅប្រទេសដទៃ។

លោក សុខ ឥសាន បកស្រាយថា ការចាត់វិធានការណ៍ផ្លូវច្បាប់លើក្រុមសកម្មជនបរិស្ថាន គឺដោយសារពួកគេ ធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាត និងថែមទាំងរំលោភច្បាប់ទៀត។ លោក ថែមទាំងអះអាងថា ក្រុមសកម្មជនបរិស្ថានទាំងនោះ ធ្វើសកម្មភាពបម្រើនយោបាយឲ្យក្រុមប្រឆាំង។ លោក បន្ថែមថា ដើម្បីពង្រឹងការដឹកនាំសង្គមឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាល ចាំបាច់ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ហើយទប់ស្កាត់គ្រប់រូបភាពនៃឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់។ 
 
មន្រ្តីជាន់ខ្ពស់នៃគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា៖«ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានភារកិច្ចចូលរួមការពារទ្រព្យសម្បត្តិនិងធនធានធម្មជាតិ អាចធ្វើសកម្មភាពស្របតាមច្បាប់ មិនមែនធ្វើសកម្មភាពបែបអនាធិបតេយ្យទេ។ ការចាប់ខ្លួនអ្នកល្មើសច្បាប់ គឺជាការអនុវត្តច្បាប់ មិនមែនចង់យកចំណេញអីទេ តែជាការពង្រឹងនីតិរដ្ឋ»។ 

លោក យល់ថា ការតវ៉ា ការដើរស្រែក និងការធ្វើបាតុកម្ម មិនអាចជួយឲ្យមានការដោះលែងអ្នកល្មើសច្បាប់ឡើយ។ តាមយោបល់របស់លោក គឺមានតែកុំប្រព្រឹត្តអំពើល្មើសច្បាប់ប៉ុណ្ណោះ ទើបមិនមានបញ្ហាដល់ខ្លួន។ លោក នៅតែដាស់តឿនដូចរាល់ដងថា សិទ្ធិបញ្ចេញមតិមានដែនកំណត់ ហើយបើនិយាយហួសដែនកំណត់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ 
 
ក្នុងចំណោមសកម្មជនបរិស្ថាន ដែលកំពុងជាប់ឃុំ មានសកម្មជន៦នាក់ រួមមាន យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវតី ស៊ុន រដ្ឋា យុវជន ថុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុទ្ធ និង យុវជន យីម លាងហ៊ី ត្រូវបានចោទប្រកាន់បទល្មើសធ្ងន់ គឺបទរួមគំនិតក្បត់ (ជាតិ)។ ក្នុងចំណោមពួកគេទាំង៦នាក់ មាន២-៣នាក់ ក៏ត្រូវចោទពីបទប្រមាថព្រះមហាក្សត្រផងដែរ។ ពួកគេទាំង៦នាក់ នៅជាប់ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមថែមទៀត។ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀត ភាគច្រើនបំផុតគឺជាប់ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម៕ 
 

Tag:
 សកម្មជនបរិស្ថាន
  NGO
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com