ជាតិ
ទំនាស់ដីធ្លី៖ បុរសជាប់ឃុំម្នាក់ស្លាប់ អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ
07, Sep 2021 , 12:08 pm        
រូបភាព
ពន្ធនាគារខេត្តកណ្ដាល (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល)
ពន្ធនាគារខេត្តកណ្ដាល (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល)
ភ្នំពេញ៖ បុរសម្នាក់ជាប់ឃុំ ដោយសារបញ្ហាដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជំងឺគាំងបេះដូង។ ករណីនេះ សង្គមស៊ីវិលចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។

 
អ្នកស្រី្ត សុខ សូផា ជាប្រពន្ធអ្នកជាប់ឃុំ ឈ្មោះ ប៊ុន ចាន់សិដ្ឋ បានអះអាងថា ប្ដីខ្លួនបានស្លាប់នៅមន្ទីរពេទ្រជ័យជំនះ ក្រុងតាខ្មៅ កាលពីថ្ងៃទី៤ កញ្ញា  បន្ទាប់ពីជាប់ឃុំអស់រយៈពេឹល២ខែ ដោយសារបញ្ហាដីធ្លី។ 
 
«ពេលគេហៅឲ្យទៅយកសព គេប្រាប់ថាប្ដីខ្ញុំឈឺធ្ងន់នៅមន្ទីរពេទ្យជ័យជំនះ…។ ពេលខ្ញុំទៅដល់មន្ទីរពេទ្យ អ្នកគ្រូពេទ្យប្រាប់ថា ទៅមើលប្ដីទៅ ប្ដីខ្ញុំបិទភ្នែកបាត់ហើយ។ ខ្ញុំមិនដឹងថា គាត់ស្លាប់នៅពន្ធនាគារឬពេទ្យទេ»។ នេះបើតាមអ្នកស្រី្ត សុខ សូផា ដែលរៀបរាប់ទាំងស្រែកយំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្ដីខ្លួនមានជំងឺប្រចាំកាយ និងចុកទ្រូងពិបាកដកដង្ហើម តាំងពីមុនពេលជាប់ឃុំម្ល៉េះ។
 
ពាក់ព័ន្ធករណីនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មិនអាចបកស្រាយបានឡើយ ដោយលោកប្រាប់ថា ជាប់ប្រជុំ។ ចំណែក លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា លោក ប៊ុន ចាន់សិដ្ឋ គឺស្លាប់ដោយសារជំងឺគាំងបេះដូងនៅមន្ទីរពេទ្យ។ 
 
ជុំវិញរឿងរ៉ាវអ្នកជាប់ឃុំស្លាប់នេះ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំងមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO) ចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។ 
 
«គាត់(លោក ប៊ុន ចាន់សិដ្ឋ)ត្រឹមជាអ្នកជាប់ឃុំបណ្ដោះអាសន្ន គាត់អាចមានសិទ្ធិទទួលបានការព្យាបាលនៅខាងក្រៅបានលឿន។ ប៉ុន្តែករណីនេះ មិនដឹងយ៉ាងណា ម៉េច‌‌! ទុករហូតដល់អ្នកជំងឺ ដែលជាអ្នកជាប់ឃុំ ត្រូវបានស្លាប់ពេទ្យបញ្ជូនទៅមន្ទីរពេទ្យ»។ នេះបើតាមលោក អំ សំអាត ។
 
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបន្ថែមទៀតថា គ្រប់ពន្ធនាគារ គឺមានប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ប៉ុន្តែអ្នកជាប់ឃុំឈឺធ្ងន់ គឺមិនអាចព្យាបាលនៅទីនោះបានឡើយ ដោយសារខ្វះឧបករណ៍ ឬសម្ភារៈ គ្រូពេទ្យ និងបច្ចេកទេសផ្សេងៗនៅមានកម្រិត។ 
 
«ដូច្នេះខាងពន្ធនាគារត្រូវរូតរះបញ្ជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីបញ្ជូនអ្នកជាប់ឃុំ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ទៅសង្គ្រោះឲ្យទាន់ពេលវេលា»។ នេះបើតាមនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ដែលបានបន្ថែមថា ខាងពន្ធនាគារត្រូវយកចិត្តទុកដាក់លើសុខភាពអ្នកជាប់ឃុំ ដោយមិនត្រូវធ្វេសប្រហែសបែបនេះឡើយ។
 
 
លោក ប៊ុន ចាន់សិដ្ឋ ដែលជាប់ខុំដោយសារទំនាស់ដីធ្លីនោះ បានស្លាប់ក្រោយពេលសម្រាកព្យាបាល ទៅមន្ទីរពេទ្យ អស់រយៈពេល២ថ្ងៃ ពោលគឺមិនមែនបញ្ចូនទៅពេទ្យភ្លាម ទើបស្លាប់នោះទេ។ នេះជាការអះអាងរបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ដែលឆ្លើយតបទៅសង្គមស៊ីវិលថា អង្គភាពពន្ធនាគារខិតខំយកចិត្តទុកដាក់លើអ្នកជាប់ឃុំគ្រប់គ្នា។
 
«យើងបញ្ជូនគាត់ទៅបានឡើងពីរថ្ងៃហើយ មិនមែនទើបបញ្ជូនទៅភ្លាមៗណា ហើយគាត់ស្លាប់ភ្លាមណា។ យើងមិនមែនចេះតែ អផ្សុកចេះតែបញ្ជូនទៅណា‌! ឲ្យតែឈឺគេបញ្ជូនទៅហើយ។ បើចេះតែបញ្ជូនទៅអ៊ីចឹង អ្នកជាប់ឃុំ២ទៅ៣ពាន់នាក់ ដាច់ខ្យល់អ្នកយាមហើយ»។ នេះបើតាមលោក ស៊ីនាង ដោយបញ្ជាក់ថា នៅពេលអ្នកជាប់ឃុំណាមួយឈឺនោះ គឺក្រុមការងារនឹងរាយការណ៍ទៅលោក ដើម្បីសុំការសម្រេចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។
 
កាលពីថ្ងៃទី២ កក្កដា អាជ្ញាធរបានឃាត់ខ្លួនពលរដ្ឋ៣នាក់ គឺលោក ប៊ុន ចាន់សិដ្ឋ លោក ផៃ ថី និងលោក គឹម បូរិន ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ទំហំ១៧៥ហិកាតា។ ប៉ុន្តែអ្នកស្រី សុខ សូផា ដែលត្រូវជាប្រពន្ធរបស់លោក ប៊ុន ចាន់សិដ្ឋ មិនបានស្គាល់អត្តសញ្ញាណ អ្នកដែលទិញដីនៅតំបន់ជម្លោះឡើយ ដោយគ្រាន់តែទទួលបានព័ត៌មានពីអាជ្ញាធរថា មានឈ្មួញទិញដីនៅតំបន់នេះប៉ុណ្ណោះ។
 
ដើម្បីដោះស្រាយវិវាទដីធ្លី លោក អំ សំអាត លើកឡើងថា អាជ្ញាធរត្រូវចុះសិក្សាឲ្យបានច្បាស់ ជាជាងប្រើកម្លាំងបង្ក្រាបនិងបំភិតបំភ័យលើពលរដ្ឋ។ បញ្ហាដីធ្លីកន្លងមក លោកសង្កេតឃើញថា អាជ្ញាធរខ្វះការសិក្សានិងដោះស្រាយដោយសន្តិវិធី៕ 
 
គ្រួសារអ្នកជាប់ឃុំរៀបរាប់ផលលំបាក 
 
ស្ថានភាពគ្រួសាររបស់អ្នកស្រ្តី សុខ សូផា កាន់តែលំបាកពីមួយថ្ងៃ ទៅមួយថ្ងៃ ចាប់តាំងពីប្តីខ្លួន គឺលោក ប៊ុន ចាន់សិដ្ឋ ត្រូវបានជាប់ឃុំដោយសារបញ្ហាដីធ្លី ហើយរហូតដល់ស្លាប់នេះ។ មុនពេលជួបសោកនាដកម្ម ដោយសារបញ្ហាដីធ្លីនេះ អ្នកស្រី សុខ សូផា និងប្តី ប្រឹងរកចំណូលរួមគ្នា ដើម្បីផ្គត់ផ្គង់ជីវភាពផង និងដោះស្រាយបំណុលធនាគារ ក្នុងទំហំទឹកប្រាក់៥ពាន់ដុល្លារផង។ ប៉ុន្តែបន្ទុកទាំងនេះ ត្រូវធ្លាក់មកលើអ្នកស្រី សូផា តែម្នាក់ឯង ដែលត្រូវបន្តរបរលក់បន្លែដោះស្រាយជីវភាព ។
 
សព្វថ្ងៃនេះ អ្នកស្រី សុខ សុផា ត្រូវរ៉ាប់រងចិញ្ចឹមកូនតូចៗ ២នាក់ និងដោះស្រាយបំណុលធនាគារ ដែលនៅសល់ជាង២ពាន់ដុល្លារទៀត ក្រោយបាត់បង់ប្តី ដែលជាជំហរគ្រួសារ។ 
 
រៀបរាប់ទាំងទឹកភ្នែក ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ «ដីស្រែដែលមានជម្លោះនោះ គឺឪពុកខាងប្ដីចែកឲ្យ។ ដីដែលយកប្លង់ដាក់ធនាគារនោះ គឺដីដែលខ្ញុំនិងប្ដីទិញក្រោយពេលការរួច ហើយផ្ទះរស់នៅសព្វថ្ងៃ គឺសុំនៅជាមួយម្ដាយ។ ដីដែលដាក់បំណុលធនាគារនោះ ពេលអត់ពីប្ដីទៅមិនដឹងរកលុយណាបង់បន្តទេ ខ្ញុំខ្លាចតែដីក៏អស់ ស្រែក៏អស់ ដីជាប់បំណុលនោះក៏អស់ ហើយឥឡូវប្ដីក៏ស្លាប់…»។ 
 
ចំណែក អ្នកស្រី្ត ហុក គន្ធា បារម្ភពីស្ថានភាពគ្រួសារដែរ ក្រោយលោក ផៃ ថី ដែលជាប្ដីកំពុងជាប់ឃុំ។ អ្នកស្រី គន្ធា អះអាងថា ប្ដីមានជំងឺប្រចាំកាយ លើសឈាម ក្រពះ លើសជាតិអាស៊ីតជាដើម។ បើតាមអ្នកស្រី គន្ធា មុនពេលជាប់ឃុំ ប្តីខ្លួនមានគីឡូ៨០ ប៉ុន្តែឥឡូវនៅសល់ជាង៦០គីឡូប៉ុណ្ណោះ។ 
 
«ចាប់ពីជាប់ឃុំមក ខ្ញុំបានទៅគាត់២ដង។ គាត់ស្គមស្គាំងខ្លាំង ទ្រុឌទ្រោមពិបាកកម្រើកជើង និងស្ពឹកដៃ ខ្ញុំភ័យគាត់ឈឺកាន់តែធ្ងន់ទៅៗ»។ នេះបើតាមអ្នកស្រី ហុក គន្ធា ដោយបញ្ជាក់ថា ខ្លួនមិនសូវយល់ដឹងពីនីតិវិធីច្បាប់ ហើយក៏មិនដឹងថាប្តីខ្លួន ត្រូវជាប់ឃុំយូរប៉ុណ្ណានោះទេ ល់ើបញ្ហាដីធ្លីប្រមាណ៣ហិកតានេះ។ 
 
ចំពោះករណីលោក ផៃ ថី ប្ដីរបស់អ្នកស្រី គន្ធា នេះ ប្រធានពន្ធនាគារខេត្តកណ្កាល លោក ចាត ស៊ីនាង បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកនឹងឲ្យក្រុមការងារចុះទៅពិនិត្យ និងតាមដានសុខភាពបុរសរូបនេះ ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ៕
 
 
 
 

Tag:
 សង្គម
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com