ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុព័ន្ធយោធារុស្សី ប្រាប់ថា ពេលទៅរុស្ស៊ីវិញ នឹងនិយាយការពិតពីកម្ពុជា ដែលមានមេដឹកនាំឈ្លាសវៃ
07, Sep 2021 , 7:59 pm        
រូបភាព
ជំនួបរវាងសម្តេច ទៀ បាញ់ (ស្តាំដៃ) និង លោក អ៊ីវ៉ាន ស្ទេតចេនកូ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១
ជំនួបរវាងសម្តេច ទៀ បាញ់ (ស្តាំដៃ) និង លោក អ៊ីវ៉ាន ស្ទេតចេនកូ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១
មុនចាកចេញពីកម្ពុជា លោកវរនាវីឯក អ៊ីវ៉ាន ស្ទេតចេនកូ (Ivan Stadchenko) ដែលផុតអាណត្តិពីតំណែងនាយការិយាល័យអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានចូលជួបសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីជម្រាបលា។



គេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា បានស្រង់សម្តីរបស់លោកវរនាវីឯក អ៊ីវ៉ាន ស្ទេតចេនកូ ក្នុងជំនួបជាមួយសម្តេច ទៀ បាញ់ យ៉ាងដូច្នេះថា៖«លោកវរនាវីឯក អ៊ីវ៉ាន ស្ទេតចេនកូ បានសន្យាថា ពេលទៅបំពេញការងារនៅប្រទេសរុស្ស៊ីវិញ លោក នឹងជម្រាបពីការពិតនៅកម្ពុជា ដែលមានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ»។
 
លោក អ៊ីវ៉ាន ស្ទេតចេនកូ ប្រាប់សម្តេច ទៀ បាញ់ ថា លោក នឹងស្នើដល់រដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិរុស្ស៊ី ឲ្យបន្តជួយគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា-រុស្ស៊ី។ សម្តេច ទៀ បាញ់ បានកោតសរសើរលោក អ៊ីវ៉ាន ស្ទេតចេនកូ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការបំពេញបេសកកម្មនៅកម្ពុជារយៈពេល៤ឆ្នាំកន្លងមក និងបានជួយពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-រុស្ស៊ី។ 
 
លោកវរនាវីឯក វីតាលី លុចសេវ (Vitaly Luchshev) ត្រូវបានតែងតាំងជានាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីថ្មី ជំនួសលោក អ៊ីវ៉ាន ស្ទេតចេនកូ។ ក្នុងការចូលជួបសម្តេច ទៀ បាញ់ លោក វីតាលី លុចសេវ ក៏បានធ្វើដំណើរទៅជាមួយលោក អ៊ីវ៉ាន ស្ទេតចេនកូ ដែរ ដើម្បីបង្ហាញខ្លួន ក្នុងនាមជានាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីថ្មីប្រចាំកម្ពុជា។   
 
សម្តេច ទៀ បាញ់ បានបង្ហាញក្តីស្វាគមន៍ និងអបអរសាទរចំពោះលោក វីតាលី លុចសេវ ដែលត្រូវបានតែងតាំងជានាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីថ្មីប្រចាំកម្ពុជា។ សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងការពារជាតិកម្ពុជា ត្រៀមផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញជាមួយ លោក វីតាលី លុចសេវ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ៕ 
 
 

Tag:
 កម្ពុជា-រុស្ស៊ី
  ការទូត
  អនុព័ន្ធយោធារុស្ស៊ីថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com