ជាតិ
ភ្នំពេញ និងខេត្តចំនួន១០ នឹងប្រឈមជំនន់ទឹកភ្លៀង
08, Sep 2021 , 7:59 am        
រូបភាព
(ទឹកលិចផ្លូវនៅម្តុំវត្តដំបូកខ្ពស់ ក្នុងខណ្ឌមានជ័យ។) ថតដោយ​កញ្ញា​ អ៊ូ​ សុខមាន​
(ទឹកលិចផ្លូវនៅម្តុំវត្តដំបូកខ្ពស់ ក្នុងខណ្ឌមានជ័យ។) ថតដោយ​កញ្ញា​ អ៊ូ​ សុខមាន​
ភ្នំពេញ៖រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, កោះកុង, កំពត, ព្រះសីហនុ និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤ កញ្ញា។ ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។


ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ កញ្ញានេះ បានឱ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមាកាត់ថៃ,ឡាវ និងវៀតណាម រួចចុះបន្តិចមកលើកម្ពុជា។ 
 
ក្រសួងធនធានទឹក បន្តថា កម្ពុជាក៏រងឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងល្បឿងមធ្យមទៅបង្គួរ និងខ្យល់សមុទ្រ (Sea Breeze) រួមទាំងវិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដោយបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន។ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើ ដោយមិនមានឥទ្ធិពលលើកម្ពុជាឡើយ។
 
ស្ថានភាពបែបនេះ បានធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ រួមនឹងខ្យល់កន្រ្តាក់។ លើសពីនេះ រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
 
បើតាមក្រសួងធនធានទឹក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃអួរអាប់ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកតំបន់មាត់សមុទ្រវិញ ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកខ្ពស់ៗ។ បន្ថែមលើនេះ ខេត្តកោះកុង ព្រះសីហនុ និងកំពត ក៏អាចរកនូវជំនន់ទឹកភ្លៀងផងដែរ៕ 
 

Tag:
 អាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com