COVID-19
ជាតិ
កណ្តាល ព្រះសីហនុ កែប នឹងបិទយុទ្ធនាការចាក់វ៉ាក់សាំងមុនគេ
07, Sep 2021 , 10:59 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងវត្តមួយ នៅខេត្តកណ្តាល កាលពីខែមិថុនា ឆ្នាំ២០២១។ រូបពី AFP
ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងវត្តមួយ នៅខេត្តកណ្តាល កាលពីខែមិថុនា ឆ្នាំ២០២១។ រូបពី AFP
ខេត្តកណ្តាល ខេត្តព្រះសីហនុ និង ខេត្តកែប នឹងត្រូវបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសារប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងខេត្តទាំង៣នេះ ចាក់វ៉ាក់សាំងស្ទើរតែបានគ្រប់គ្នាហើយ។ នេះបើតាមព័ត៌មានពីអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។



នាឱកាសយកអំណោយរបស់រដ្ឋាភិបាលទៅជូនលោកតា-លោកយាយអាយុ១០០ឆ្នាំឡើង  ដែលបានចាក់វ៉ាក់សាំង ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី ឱ វណ្ណឌីន ថ្លែងថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មនុស្ស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុណ្ណោះ ឯយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី១២ឆ្នាំ ទៅ១៧ឆ្នាំ មិនទាន់ដល់ពេលត្រូវបិទបញ្ចប់ឡើយ។ 
 
ដោយបារម្ភខ្លាចប្រជាពលរដ្ឋយល់ច្រលំ អ្នកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ថ្វីបើខេត្តណាមួយ ត្រូវបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងក្តី តែការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តនោះ មិនត្រូវបញ្ឈប់នោះទេ។ អ្នកស្រី បន្តថា តាមបណ្តាខេត្ត ដែលត្រូវបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅតែរៀបចំទីតាំងមួយចំនួន សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ ដោយសារមូលហេតុផ្សេងៗ។  អ្នកស្រី មានប្រសាសន៍ថា៖«យើង បិទយុទ្ធនាការ តែការផ្តល់វ៉ាក់សាំង គឺយើង នៅរក្សាទុក»។ 
 
បើតាមព័ត៌មានពីអ្នកស្រី ឱ វណ្ណឌីន ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តកណ្តាល នឹងធ្វើឡើង នៅថ្ងៃទី៨ ខែកញ្ញា ហើយខេត្តព្រះសីហនុ និងខេត្តកែប នឹងប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលរូបនេះ បន្ថែមថា ការប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង នៅតាមបណ្តាខេត្តដទៃជាបន្តបន្ទាប់ទៀត គឺអាស្រ័យលើលទ្ធផលនៃការចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងនោះ។ 
 
គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋអាយុលើសពី១៨ឆ្នាំ មានជាង៩,៦លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំង។ ជាង៩,៦លាននាក់នេះ គឺស្មើ៩៦ភាគរយ នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ 
 
ជាមួយគ្នានេះ កុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំទៅ១៧ឆ្នាំ មានចំនួនជាង១,៦លាននាក់ហើយ ឬស្មើនឹងប្រមាណ៨៥ភាគរយ ដែលបានចាក់វ៉ាក់សាំង។ កុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំទៅ១៧ឆ្នាំ មានប្រមាណ២លាននាក់ ដែលរដ្ឋាភិបាល ដាក់ផែនការចាក់វ៉ាក់សាំងឲ្យ៕ 
 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com