ជាតិ
ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលដឹកនាំដោយ​នាយករដ្ឋមន្ត្រីផ្ទាល់
08, Sep 2021 , 11:32 am        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៧ ខែសីហា បានឡាយព្រះហស្តលើព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។



ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.)ជាសេនាធិការមួយទៀតរបស់រដ្ឋាភិបាល ក្នុងការដឹកនាំសម្របសម្រួល និងការជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

តាមមាត្រា៣ នាយករដ្ឋមន្ត្រី ជាប្រធាន ក.ស.ឌ. ដោយមានឧបនាយករដ្ឋមន្ត្រី១រូបជាអនុប្រធានប្រចាំការ។ រដ្ឋមន្ត្រី៥រូប (មហាផ្ទៃ, ការពារជាតិ, សេដ្ឋកិច្ច, ឧស្សហកម្ម និងប្រៃសណីយ៍) ជាអនុប្រធាន រីឯរដ្ឋមន្ត្រី២០រូបទៀត រួមទាំងតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាសមាជិក។

ក.ស.ឌ. មានតួនាទី និងភារកិច្ច ចម្បងទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដូចជាការកំណត់ចក្ខុវិស័យ និងគោលការណ៍ ការតម្រង់ទិស ការផ្តល់យោបល់ កៀរគរធនធានហិរញ្ញវត្ថុ បច្ចេកទេស ធនធានមនុស្ស និងការជំរុញការអនុវត្តច្បាប់ ជាដើម។

ក.ស.ឌ. មានគណៈកម្មាធិការជំនាញ៣ជាសេនាធិការលើការងារបច្ចេកទេស ដែលរួមមាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល គណៈកម្មាធិការដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសន្តិសុខឌីជីថល៕


© រក្សាសិទ្ធិដោយ thmeythmey.com