អត្ថបទពាណិជ្ជកម្ម
វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ
10, Sep 2021 , 10:52 am        
រូបភាព
ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨
ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨
ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ 
 
លោក  គិត ម៉េង  ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន ធនាគារ វីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ 
 
នេះជាលើកទី២ហើយ ដែលធនាគារវីងបានចូលរួមប្រារព្ធពីធីនេះ។
 
លោកស្រី ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។”
 
លោក គិត ម៉េង និង​លោកស្រី ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួន នូវទឹកប្រាក់ចំនួន ១០លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។
 
ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន២០លានរៀល ព្រមទាំងបានលើកទឹកចិត្ត​បុគ្គលិក ឲ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃ ដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគថវិកា តាមរយៈសេវាកម្មរបស់ខ្លួន។​
 
ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០លានរៀល និងបានផ្សព្វផ្សាយ តាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទ ដល់សាធារណជនទូទាំងប្រទេសផងដែរ។
មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុ នៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលងាយរងគ្រោះ ដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។
 
ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌​ទេសនាជាធម្មទានដោយធម្មកថិកល្បីៗ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហានិងបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។
 
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រាសាន៍ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាព និងក្តីមេត្តា។ លោកបានបន្តថា ៖ «តាងនាមឱ្យមន្ទីរពេទ្យកុមារអង្គរ ក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ លោក គិត ម៉េង និង លោកស្រី ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងម្ចាស់ជំនួយដទៃ​ទៀត ចំពោះការរួមចំណែកដ៏មានតម្លៃនេះ។»


 
មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជា ដែលបានពិនិត្យ និងព្យាបាលកុមារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ៤០០ នាក់ និងបានចំណាយទឹកប្រាក់៦លានដុល្លារអាម៉េរិក ជារៀងរាល់ឆ្នាំ។
 
ក្នុងឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ ។
 
ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំង​ផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។
 
អតិថិជនវីង ដែលមានបំណង​ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ អាច​បរិច្ចាគធនធានរបស់ពួកគេ តាមរយៈភ្នាក់ងារវីង ជិត១ម៉ឺនកន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយឥតគិតថ្លៃ។​ អតិថិជន ក៏អាច​បរិច្ចាគតាមលេខគណនីជាប្រាក់រៀល “៩១២២” ឬប្រាក់ដុល្លារតាមគណនីលេខ “៨១២២”៕
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com