អន្តរជាតិ
លោក បៃដិន ថា អ្នកមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យអ្នកផ្សេងជួបបញ្ហា
10, Sep 2021 , 2:33 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ដោយ:
ប្រធានាធិបតី​អាម៉េរិកលោក ចូ បៃដិន នៅថ្ងៃទី៩ ខែកញ្ញា បានរិះគន់ចំៗប្រជាជនអាម៉េរិកដែលមិនទាន់ទៅទទួលការចាក់វ៉ាក់សាំង ដោយលោកចាត់ទុកទង្វើនេះជាការធ្វើឱ្យអ្នកដទៃខាតបង់។ ពីសេតវិមាន លោក បៃឌិន ក៏ប្រកាសគោលនយោបាយបន្ថែមទៀតដែលតម្រូវឱ្យបុគ្គលិកសហព័ន្ធត្រូវទៅទទួលការចាក់វ៉ាក់សាំង។ លោកក៏ជំរុញឱ្យបណ្តាក្រុមហ៊ុនធំៗកំណត់ការចាក់វ៉ាក់សាំងក្នុងចំណោមបុគ្គលិករបស់ពួកគេ ឬធ្វើតេស្តប្រចាំសប្តាហ៍។

 
«យើងបានអត់ធ្មត់ណាស់ហើយ។ ប៉ុន្តែការអត់ធ្មត់យើងកំពុងតែថយចុះ ហើយការបដិសេធអ្នកនឹងធ្វើឱ្យពួកយើងទាំងអស់គ្នាខាតបង់។»» ​ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថ្លែងបែបនេះពីកម្មវិធីមួយនៅសេតវិមាន ដើម្បីផ្ញើសារប្រាប់ប្រជាជនអាម៉េរិករាប់លាននាក់ដែលបដិសេធមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
 
ពីសេតវិមាន លោក បៃឌិន ក៏ដាក់ចេញវិធានការថ្មីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនឹងអនុវត្តលើបុ​គ្គលិកសហព័ន្ធសរុប១០០លាននាក់ ឬស្មើនឹងចំនួន២ភាគ៣នៃប្រជាជនសរុប និងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង១០០នាក់។​
 
វិធានការនេះ ឆ្លុះបញ្ចាំងពីជំហានដ៏ក្តៅគគុករបស់រដ្ឋបាលលោក បៃដិន ក្នុងការបង្ខំឱ្យអ្នកមិនទទួលវ៉ាក់សាំងប្រញាប់ទៅទទួលវ៉ាក់សាំង ស្របពេលករណីឆ្លង​ថ្មីៗកើនឡើងយ៉ាងឆាប់រហ័សដោយសារវត្តមានវីរុសបំប្លែងថ្មីទម្រង់ដែលតា។ សន្ទុះនៃការឆ្លងវីរុសទម្រង់ដែលតា ក៏ទំនងរារាំងការសម្រេចបានការសន្យារបស់លោក បៃឌិន លើការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេសទៀតផង។
 
បើទោះជាយុទ្ធនាការចាក់វ៉ាក់សាំងមិនគិតថ្លៃក្ដី ភាគរយនៃចំនួនអ្នកទទួលវ៉ាក់សាំងពេញលេញមានត្រឹម៥៣ភាគរយ និងចំនួនមួយដូសមានត្រឹម៦២,៧​ភាគរយក្នុងចំណោមប្រជាជនសរុប។ មន្រ្តីរដ្ឋបាលអាម៉េរិកម្នាក់និយាយថា ក្រោមផែនការលោក បៃដិន ​​រដ្ឋាភិបាល ក៏នឹងត្រូវចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកថែទាំសុខភាពប្រមាណជាង១៧លាននាក់តាមមន្ទីរពេទ្យ ​និងស្ថាប័នផ្សេងៗទៀតដែលធ្វើការក្នុងប្រព័ន្ធថែនាំសុខភាពសម្រាប់ជួយជនក្រីក្រ​, ជនពិការ និងជនជាតិអាម៉េរិកវ័យចំណាស់។
 
គិតត្រឹមថ្ងៃទី១០ ខែកញ្ញា អាម៉េរិកនៅតែជាប្រទេសស្ថិតក្នុងលំដាប់លេខមួយដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតលើពិភពលោកដោយកត់ត្រាចំនួនអ្នកឆ្លងសរុបប្រមាណ​៤១លាននាក់និងស្លាប់ជាង៧៦ម៉ឺននាក់៕
 

Tag:
 អាម៉េរិក
  បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com