អន្តរជាតិ
អាម៉េរិកអំពាវនាវឱ្យប្រទេស G7 អនុវត្តផែនការកំណែទម្រង់ប្រព័ន្ធសកលឱ្យបានឆាប់
10, Sep 2021 , 7:29 pm        
រូបភាព
លោកស្រី ជេណេត យេលេន រដ្ឋមន្រ្តីរតនាគារអាម៉េរិក។ រូបថត Xinhua
លោកស្រី ជេណេត យេលេន រដ្ឋមន្រ្តីរតនាគារអាម៉េរិក។ រូបថត Xinhua
ដោយ៖ឡាយ ស្រីពេជ្រ
 
រដ្ឋមន្ត្រីរតនាគារអាម៉េរិក ជេណេត យេលេន (Janet Yellen) នៅថ្ងៃទី៩ ខែកញ្ញា បានជំរុញឱ្យប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) អនុវត្តឱ្យឆាប់រហ័សកំណែទម្រង់ពន្ធសកលដែលគោលបំណងទប់ស្កាត់ការគេចវេះពន្ធរបស់ក្រុមហ៊ុនធំៗ។

 
កាលពីខែមិថុនាកន្លងទៅ ក្រុមប្រទេស G7 នឹងដាក់ចេញពន្ធសាជីវកម្មជាអប្បបរមា១៥ភាគរយនៅទូទាំងពិភពលោកលើក្រុមហ៊ុនធំៗ ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាដែលគេចវេះពីការបង់ពន្ធ ឬបង់ពន្ធតិចបើទោះជារកចំណូលបានច្រើនក្រាស់ក្រែលក្ដី។ ផែនការនេះ ទទួលបានការគាំទ្រពីប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) និងសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ដែលតំណាងឱ្យជាង៩០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
 
ខណៈមិនទាន់មានប្រទេសណាអនុវត្តផែននេះនេះ លោកស្រី ជេណាត យេលេន រដ្ឋមន្រ្តីរតនាគារអាម៉េរិក ស្នើឱ្យក្រុមប្រទេស G7 ប្រញាប់អនុវត្តកំណែទម្រង់នេះឱ្យបានរហ័ស។ ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅថ្ងៃទី៩ ខែកញ្ញា ក្រសួងរតនាគាតអាម៉េរិកបញ្ជាក់ថា៖ «លោកស្រី យេលេន បង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តធ្វើឡើងដើម្បីធ្វើឱ្យប្រសើរឡើងប្រព័ន្ធពន្ធអន្តរជាតិ និងសារសំខាន់នៃការអនុវត្តឲ្យឆាប់រហ័សនៃប្រព័ន្ធពន្ធថ្មីនេះ។»
 
នៅពេលប្រទេសជាច្រើនគាំទ្រកំណែទម្រង់ប្រព័ន្ធសកលនេះ អៀរឡង់ បានចេញមុខជំទាស់។ អៀរឡង់ ដែលមិនមែនជាប្រទេសក្នុង G7 ត្រូវគេដឹងឮថា ជាឋានសួគ៌ស្នាក់របស់ក្រុមហ៊ុនជាច្រើនដែលចង់បានអត្រាពន្ធទាបត្រឹម១២,៥ភាគរយ។ ក្រុមហ៊ុនបច្ចេកវិទ្យា និងឱសថធំៗរបស់អាម៉េរិក សុទ្ធតែដាក់ទីស្នាក់ការនៅទីនោះ ដោយសារការយកពន្ធទាបបែបនេះ។ 
 
ចំណែកអាម៉េរិកវិញ ក៏កំពុងធ្វើកំណែទម្រង់ថ្មីដោយឡែកមួយដែលកំណត់គោលដៅលើក្រុមហ៊ុនណាដែលចំណេញពីការជ្រកពន្ធនៅប្រទេសដែលមានអត្រាពន្ធទាបឬគ្មាន ដោយតម្រូវឱ្យបង់ពន្ធយ៉ាងតិច២១ភាគរយដោយមិនគិតពីទីតាំងដែលប្រកាសអត្រាពន្ធឡើយ។
 
បើតាមក្រសួងរតនាគារអាម៉េរិក ផែនការរបស់អាម៉េរិកផ្ទាល់ គួបផ្សំនឹងកិច្ចព្រមព្រៀងអន្តរជាតិ នឹងជួយបង្កើនប្រភពធនធានដើម្បីវិនិយោគក្នុងវិស័យអប់រំ ការស្រាវជ្រាវនិងថាមពលស្អាតដែលនឹងធ្វើឱ្យជិវិតរបស់ពលរដ្ឋអាម៉េរិកប្រសើរឡើង និងជួយឱ្យអាម៉េរិកនៅតែជាកន្លែងល្អបំផុតនៅក្នុងពិភពលោកសម្រាប់ការធ្វើអាជីវកម្ម៕
 

Tag:
 អាម៉េរិក
  G7
© រក្សាសិទ្ធិដោយ thmeythmey.com