COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ ក្រសួង លើកទឹកចិត្តឲ្យធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ដើម្បីចៀសពីជំងឺកូវីដ-១៩
10, Sep 2021 , 8:59 pm        
រូបភាព
ទិដ្ឋភាពនៃការធ្វើចរាចរណ៍ម្តុំស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវបានថត កាលពីខែឧសភា ឆ្នាំ២០២១។
ទិដ្ឋភាពនៃការធ្វើចរាចរណ៍ម្តុំស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវបានថត កាលពីខែឧសភា ឆ្នាំ២០២១។
ដោយ: ថ្មីៗ
ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬធ្វើដំណើរកម្សាន្ត នារដូវបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានជំរុញប្រជាពលរដ្ឋ ឲ្យជ្រើសរើសយកការធ្វើដំណើរដោយមធ្យោបាយរបស់ខ្លួនឯងផ្ទាល់ ជាជាងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ឬតាមរថយន្តឈ្នួល។ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។



សេចក្តីណែនាំ ចេញដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានប្រាប់ប្រជាពលរដ្ឋថា បើចាំបាច់ ត្រូវធ្វើដំណើរដោយមធ្យោបាយសាធារណៈ គឺត្រូវចៀសវាងមធ្យោបាយសាធារណៈណា ដែលផ្ទុកមនុស្សច្រើន ហើយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងដាក់អាល់កុល ឬជែលតាមខ្លួនជានិច្ច។  
 
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានណែនាំអ្នកបើកបរ ឲ្យសម្អាតរថយន្តដោយប៊ូ ជូតកៅអីក្នុងរថយន្តដោយអាល់កុល និងត្រូវដាក់អាល់កុល ឬជែលតាមរថយន្ត សម្រាប់ឲ្យអ្នកដំណើរ លាងសម្អាតដៃ មុនចូលក្នុងរថយន្ត៕   
 

Tag:
 បុណ្យភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com