សិល្បៈអន្តរជាតិ
អន្តរជាតិ
សក់មួយកញ្ចុំរបស់ស្តេចចម្រៀង Elvis Presley លក់បានតម្លៃ៧២០០០ដុល្លារអាមេរិក
11, Sep 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
មនុស្សម្នាក់បានចំណាយលុយដល់ទៅ៧២០០០ដុល្លារអាមេរិក លើសក់មួយកញ្ចុំរបស់ស្តេចចម្រៀងរ៉ុកខែនរ៉ូល (Rock and Roll) អាមេរិក Elvis Presley នាពិធីដេញថ្លៃមួយនៅក្រុង Los Angeles សហរដ្ឋអាមេរិក។

 
Elvis Presley បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៧៧ ប៉ុន្តែភាពល្បីល្បាញ និងការគាំទ្រដ៏ងុបងល់ចំពោះស្តេចចម្រៀងរូបនេះ នៅតែបន្តមានរហូតដល់បច្ចុប្បន្ន។ កាលពីថ្ងៃទី៥ ខែកញ្ញា ក្រុមហ៊ុនដេញថ្លៃ Kruse GWS Auctions បានលក់ដាច់កញ្ចុំសក់របស់កំពូលតារាចម្រៀង រូបនេះ ក្នុងតម្លៃដល់៧២០០០ដុល្លារអាមេរិក។
 
យោងតាមការផ្សាយរបស់ HuffPost ក្រុមហ៊ុន Kruse GWS Auctions បានផ្តល់នូវឯកសារលម្អិតជាច្រើនដែលបង្ហាញថា កញ្ចុំសក់នៅក្នុងកែវដ៏ថ្លាមួយ ពិតជាកម្មសិទ្ធិរបស់ម្ចាស់បទ Jailhouse Rock ដ៏ល្បីរន្ធឺ។ របាយការណ៍បង្ហាញថា កញ្ចុំនោះ ត្រូវបានរក្សាទុកដោយលោក Homer Gilleland អ្នកកាត់សក់ផ្ទាល់ខ្លួនរបស់លោក Elvis។


 
 
យោងតាមសេចក្តីព័ត៌មានរបស់ Kruse GWS Auctions កញ្ចុំសក់នោះ មានទំហំស្មើបាល់បេស្បល ហើយរក្សាទុកយ៉ាងត្រឹមត្រូវ និងមិនយកទៅលក់បន្តអស់រយៈពេលប្រមាណ២០ឆ្នាំហើយ។ ជាមួយគ្នា អត្តសញ្ញាណបុគ្គលដែលបានចំណាយប្រាក់៧២០០០ដុល្លារនោះ មិនត្រូវបានបង្ហាញជាសាធារណៈឡើយ។
 
នេះមិនមែនជាលើកទីមួយនោះដែរ ចំពោះការទិញលក់ដេញថ្លៃសម្ភារ និងរបស់ផ្សេងៗរបស់ស្តេចចម្រៀង Elvis Presley។ សម្ភារផ្សេងៗដែលស្តេចចម្រៀងរូបនេះ នាការប្រគំតន្ត្រីប្រវត្តិសាស្ត្រនៅ Madison Square Garden កាលពីឆ្នាំ១៩៧២ ត្រូវបានលក់ក្នុងតម្លៃ១,០១២លានដុល្លារអាមេរិក៕
 



Tag:
 Elvis Presley
© រក្សាសិទ្ធិដោយ thmeythmey.com