កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករយូដូអាល់ហ្សេរី ជាប់បម្រាម១០ឆ្នាំ ព្រោះមិនប្រកួតជាមួយអត្តពលិកអ៊ីស្រាអែលនៅអូឡាំពិកតូក្យូ
15, Sep 2021 , 4:07 pm        
រូបភាព
Fethi Nourine កីឡាករយូដូជនជាតិអាល់ហ្សេរី រួមជាមួយគ្រូបង្វឹក ត្រូវបានសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) ព្យួរការងាររយៈពេល១០ឆ្នាំ រួមទាំងការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក។ ការជាប់បម្រាមរយៈពេលដ៏យូរនេះ ដោយសារ Nourine បានដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ ព្រោះមិនចង់ប្រកួតជាមួយកីឡាករអ៊ីស្រាអែល។ IJF ចាត់ទុកទង្វើនេះ ជាំករណីនេះពាក់ព័ន្ធនយោបាយ។


Nourine បានដកខ្លួនចេញពីកីឡារដូវក្តៅក្រុងតូក្យូដោយប្រកួតបាន១លើកប៉ុណ្ណោះ បន្ទាប់ពីដឹងថារូបនឹងត្រូវបន្តប៉ះម្ចាស់មេដាយសំរឹទ្ធិអូឡាំពិក Tohar Butbul របស់អ៊ីស្រាអែលក្នុងប្រភេទទម្ងន់ស្រាលជុំទី២។ កាលនោះ កីឡាករយូដូវ័យ៣០ឆ្នាំ រួមជាមួយគ្រូរបស់ខ្លួនលោក Amar Benikhlef បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល់ហ្សេរី ថា ពួកគេមិនចូលរួមប្រកួតជាមួយអត្តពលិកអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន។
 
បើតាមការផ្សាយរបស់កាសែត CNN ម្ចាស់មេដាយមាស៣សម័យប្រចាំតំបន់អាហ្វ្រិករូបនេះ អះអាងថា ដោយសារការគាំទ្រផ្នែកនយោបាយរបស់ខ្លួនចំពោះបុព្វហេតុប៉ាឡេស្ទីន ធ្វើឱ្យរូបគេមិនអាចប្រកួតជាមួយ Butbul នៅអូឡាំពិកឆ្នាំ២០២០បាន។
 
លើករណីនេះ គណៈកម្មាធិការអូឡាំពិកអាល់ហ្សេរី (AOC) បានដកការទទួលស្គាល់ទាំងកីឡាករ និងគ្រូបង្វឹកទាំងពីររូប។ បន្ទាប់ពីការស៊ើបអង្កេត IJF បានចេញបម្រាមដោយបញ្ចប់អាជីពកីឡាយូដូរបស់ Nourine ជាមួយបម្រាម១០ឆ្នាំ។
 
គ្រូបង្វឹកលោក Benikhlef វ័យ៣៩ឆ្នាំ ដែលធ្លាប់ឈ្នះមេដាយប្រាក់នៅអូឡាំពិកទីក្រុងប៉េកាំងក្នុងឆ្នាំ ២០០៨ នោះ ក៏ត្រូវជាប់បម្រាមដូចគ្នាជាមួយនឹងកូនសិស្សខ្លួនផងដែរ។
 
ជុំវិញការហាមប្រាមនេះ IJF ពន្យល់ថា ដោយសារគ្រូនិងសិស្សទាំងពីរមានចេតនាប្រើព្រឹត្តិការណ៍អូឡាំពិកជាវេទិការសម្រាប់ការតវ៉ា ដែលពាក់ព័ន្ធនឹងនយោបាយ និងសាសនា ហើយនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើលក្ខន្តិកៈនៃច្បាប់កីឡា ក្រមសីលធម៌ និងស្ថាប័ន IJF ផងដែរ៕
 

Tag:
 Fethi Nourine
  IJF
© រក្សាសិទ្ធិដោយ thmeythmey.com