អន្តរជាតិ
លោក បៃឌិន៖ គ្រោះធម្មជាតិធ្ងន់ធ្ងរ ធ្វើឱ្យអាម៉េរិកខាតបង់លុយជាង១០០ពាន់លានដុល្លារនៅឆ្នាំនេះ
16, Sep 2021 , 8:29 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងដំណើរត្រួតពិនិត្យនៅរដ្ឋ Colorado ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងដំណើរត្រួតពិនិត្យនៅរដ្ឋ Colorado ។ រូបថត AFP
ដោយ៖ឡាយ ស្រីពេជ្រ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី ១៤ ខែកញ្ញា និយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជាភ្លើងឆេះព្រៃ និងខ្យល់ព្យុះ នឹងធ្វើឱ្យអាម៉េរិកខាតបង់ទឹកប្រាក់ជាង១០០ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ។ លោក បៃឌិន និយាយបែបនេះពីរដ្ឋ Colorado អំឡុងការចុះដើម្បីត្រួតពិនិត្យពីផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅភាគខាងលិចអាម៉េរិក។
 
រដ្ឋ Colorado ជាគោលដៅចុងក្រោយដំណើរត្រួតពិនិត្យបស់លោក ចូ បៃដិន នៅរដ្ឋបីនៃភាគខាងលិចអាម៉េរិក ។ លោក បៃឌិន ក៏បានទៅដល់រដ្ឋ California និងរដ្ឋ Idaho ដើម្បីទទួលការរាយការណ៍ពីផលប៉ះពាល់នៃការឡើងកម្តៅភពផែនដីទៅលើតំបន់នេះ ខណៈនៅផ្នែកផ្សេងទៀតនៃប្រទេស ជួបប្រទះព្យុះសង្ឃរាដែលបណ្តាលឱ្យមានទឹកជំនន់ និងស្លាប់មនុស្សរាប់សិបនាក់។ នៅពីថ្ងៃទី១៤ ខែកញ្ញា ព្យុះត្រូពិចនីកូឡាស បានបោកបក់មកលើឆ្នេរសមុទ្ររដ្ឋ Texas និងរដ្ឋ Louisiana ដោយធ្វើឱ្យជន់លិចផ្លូវ និងផ្តាច់ថាមពលអគ្គីសនីអាជីវកម្ម និងផ្ទះរាប់សែនខ្នង។
 
ជុំវិញបញ្ហានេះ លោក បៃដិន បានប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចដែលបណ្តាលមកពីព្រឹត្តិការណ៍បែបនេះនៅឆ្នាំ២០២១ នឹងមានចំនួនដល់ទៅ១០០ពាន់លានដុល្លារឯណោះ។ សម្រាប់ឆ្នាំ២០២០ លោក បៃឌិន អះអាងនៅថ្ងៃទី១៣ ខែកញ្ញា ថា វាបានធ្វើឱ្យខាតបង់ទឹកប្រាក់៩៩ពាន់លានដុល្លារផងដែរ។
 
«យើងត្រូវតែធ្វើការវិនិយោគណាដែលនឹងរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុនៅថ្ងៃនេះមិនមែនថ្ងៃស្អែកទេ»។ ប្រធានាធិបតីអាម៉េរិកលើកឡើងបែបនេះបន្ទាប់ពីធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍ថាមពលកកើតឡើងវិញនៅរដ្ឋ Colorado ។ លោកបានបន្ថែមទៀតថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនាពេលថ្មីៗនេះ នឹងមានភាពសាហាវជាងមុន។
 
ជាមួយនឹងគ្រោះធម្មជាតិដែលកើតមានកាន់តែញឹកញាប់ និងកាន់តែមហន្តរាយបែបនេះ លោក បៃឌិន សង្ឃឹមថា បញ្ហាអាកាសធាតុនេះអាចធ្វើឱ្យមានអ្នកគាំទ្រច្រើនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់លោកដោយនឹងចាយទឹកប្រាក់ជាង៣,៥ទ្រីលានដុល្លារ។ គម្រោងនេះ ស្ថិតនៅក្នុងដៃសភាអាម៉េរិក។
 
យ៉ាងណាមិញបក្សសាធារណរដ្ឋជំទាស់ បានគម្រោងនេះដោយសារតែគម្រោងចំណាយដ៏ច្រើន និងការប្រមូលពន្ធពីអ្នកមានដើម្បីផ្គត់ផ្គង់គម្រោង។ ចំណែកឯគណបក្សប្រជាធិបតេយ្យដែលមានសំឡេងច្រើននៅក្នុងសភាតំណាងរាស្រ្តនិងព្រឹទ្ធសភា សង្ឃឹមថា នឹងអនុម័តគម្រោងដ៏ធំមួយនេះសម្រាប់លោក បៃឌិន ៕
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com