កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានជាច្រើននាក់ទៅដល់ប៉ាគីស្ថាន ដើម្បីស្វែងរកសិទ្ធិជ្រកកោន
16, Sep 2021 , 2:30 pm        
រូបភាព
ក្រុមបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថាន បានមកដល់ប្រទេសប៉ាគីស្ថានហើយ ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣។ ការចាកចេញពីប្រទេសកំណើត ព្រោះពួកគេបារម្ភអំពីស្ថានភាពអត្តពលិកជាស្ត្រី ក្រោមរដ្ឋាភិបាលថ្មីរបស់តាលីបង់។



លោក Umar Zia មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) នៅថ្ងៃទី១៦ ខែកញ្ញា អះអាងថា មនុស្សចំនួន៨១នាក់រួមទាំងកីឡាករស្រ្តី នៃក្រុមយុវជនបាល់ទាត់អាហ្វហ្គានីស្ថាន ជាមួយគ្រូបង្វឹក និងសមាជិកគ្រួសាររបស់ពួកគេ បានទៅដល់ប្រទេសប៉ាគីស្ថាន តាមរយៈការឆ្លងកាត់ព្រំដែន Torkham។ លោកបន្ថែមថា ៣៤នាក់ផ្សេងទៀត នឹងទៅដល់ប៉ាគីស្ថាននៅថ្ងៃបន្ទាប់។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់ផ្ទះប៉ាគីស្ថាន បានទទួលស្វាគមន៍ជនភៀសខ្លួននយោបាយអាហ្វហ្គានីស្ថាន ដែលភាគច្រើនជាកីឡាការរិនីបាល់ទាត់ និងគ្រួសារបស់ពួកគេ។ ក្រុមមន្រ្តីប៉ាគីស្ថាន បានផ្តល់កម្រងផ្កាពណ៌ក្រហមដល់ជនភៀសខ្លួនទាំងនោះ នៅពេលពួកគេចុះពីឡានក្រុង នៅការិយាល័យ PFF នាទីក្រុងឡាហ័រ នៅថ្ងៃទី១៥ ខែកញ្ញា។
 
លោក Zia ប្រាប់ Reuters ថាពួកគេនឹងស្នាក់នៅប៉ាគីស្ថាន ក្រោមសន្តិសុខដ៏តឹងរ៉ឹង មុនពេលដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅប្រទេសទីបី។ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានរូបនេះ លើកឡើងទៀតថា អង្គការបាល់ទាត់អន្តរជាតិដើម្បីសន្តិភាព បានជួយរៀបចំការចាកចេញរបស់ពួកគេពីអាហ្វហ្គានីស្ថាន និងនៅពេលទៅដល់ប៉ាគីស្ថាន។
 
«ពួកគេនឹងទៅប្រទេសផ្សេងទៀត បន្ទាប់ពីនៅទីនេះ៣០ថ្ងៃ ដោយសារអង្គការអន្តរជាតិមួយចំនួន កំពុងធ្វើការក្នុងការរកដោះស្រាយ ដើម្បីបញ្ជូនពួកគេទៅប្រទេសណាមួយ ដែលក្នុងនោះ រួមមានទាំងអង់គ្លេស អាមេរិក និងអូស្ត្រាលីផង»។ នេះបើតាមការបញ្ជាក់របស់លោក Zia។
 
ចាប់តាំងពីមានការកាន់កាប់ជាថ្មីរបស់ក្រុមតាលីបង់មក ការនិរទេសខ្លួនរបស់ប្រជាជនអាហ្វហ្គានីស្ថាន ទៅកាន់ប្រទេសផ្សេងកើនឡើងយ៉ាងខ្លាំង។ អ្នកភៀសខ្លួនទាំងនោះ ភាគច្រើនជាបញ្ញវន្តអាហ្វហ្គានីស្ថាន ឥស្សរជនសាធារណៈ និងជាពិសេសនោះជាស្ត្រីអ្នកកីឡាតែម្តង។ ក្រុមតាលីបង់ មិនពេញចិត្តស្រ្តីអាហ្វហ្គានីស្ថាន មានសិទ្ធិធ្វើអ្វីមួយដូចបុរសឡើយ៕
 

Tag:
 អាហ្វហ្គានីស្ថាន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com