អន្តរជាតិ
ចិន៖ មនុស្ស៣នាក់ស្លាប់​ និងជាច្រើននាក់ទៀតរងរបួសក្នុងគ្រោះរញ្ជួយដីនៅខេត្តស៊ីឈ័ន
16, Sep 2021 , 3:40 pm        
រូបភាព
ក្រុមសង្រ្គោះកំពុងកាយកម្ទេចកម្ទីក្រោយហេតុការណ៍រញ្ជូយដីនៅលូស៊ាន ខេត្តស៊ីឈ័ន។ រូបថត Xinhua
ក្រុមសង្រ្គោះកំពុងកាយកម្ទេចកម្ទីក្រោយហេតុការណ៍រញ្ជូយដីនៅលូស៊ាន ខេត្តស៊ីឈ័ន។ រូបថត Xinhua
ដោយ:
គ្រោះរញ្ជួយដីកម្រិតរាក់មួយបានកើតឡើងនៅភាគនិរតីប្រទេសចិននាថ្ងៃទី១៦ ខែកញ្ញា បណ្តាលឱ្យមនុស្សចំនួន៣នាក់បានស្លាប់ និងរាប់សិននាក់ទៀតរងរបួស។ ក្រុមអ្នកជួយសង្រ្គោះ បានដាក់ភាពអាសន្នកម្រិតខ្ពស់បំផុតទី២។​


គ្រោះរញ្ជួយដីនៅខេត្តស៊ីឈ័ន បានវាយប្រហារក្នុងខណ្ឌលូស៊ាន ​នាវេលាព្រឹកព្រលឹមថ្ងៃទី១៦ ខែកញ្ញាហើយរីករាលដាលចម្ងាយប្រហែល១២០គីឡូម៉ែត្រដល់ទីក្រុងឆុងឈីងដោយមានប្រជាជនរស់នៅប្រមាណ៣០លាននាក់។​
 
ក្រុមអ្នកសង្គ្រោះបានចុះប្រតិបត្តិការយ៉ាងប្រញាប់ប្រញាល់ដើម្បីស្វែងរកអ្នកនៅមានជីវិតស្ថិតក្រោមកម្ទេចថ្ម និងយកពួកគេចេញតាមរយៈរទេះរុញពីអាគារដែលរងការបំផ្លាញ។ ផ្ទះជាច្រើនខ្នងនៅខណ្ឌលូស៊ាន​បានប្រែក្លាយជាកម្ទេចថ្ម និងរាប់សិបខ្នងទៀតរងការខូតខាត។​
 
​ក្រុមភូគព្ភសាស្រ្តអាម៉េរិកបានវាស់កម្រិតរញ្ជួយដីទំហំ៥,៤រិចទ័រ ខណៈចិនវាយតម្លៃកម្រិតរញ្ជួយរហូតដល់៦,០រិចទ័រ។​ គ្រោះរញ្ជួយដីនេះបានធ្វើឱ្យមនុស្ស៣នាក់ស្លាប់, ​៣នាក់ទៀតរងរបួសធ្ងន់, និង៥៧នាក់ផ្សេងទៀតរងរបួសស្រាល។ បន្ថែមពីនេះ ​មនុស្សយ៉ាងហោច១ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញទៅកាន់ជម្រកអាសន្ន។
 
អាជ្ញាធរមូលដ្ឋាននៅស៊ីឈ័នបានអះអាងតាមបណ្តាញ​សង្គម​ Weibo ថា បណ្តាញចរន្តអគ្គិសនីជាច្រើនខ្សែត្រូវបានកាត់ផ្តាច់ ដែលបណ្តាលឱ្យគ្រួសារចំនួន៦២,០០០ គ្មានអគ្គិសនីប្រើប្រាស់។
 
គួរបញ្ជាក់ថា ​ចិនតែងតែរងការវាយលុកដោយសារគ្រោះរញ្ជួយដីជាពិសេសតាមតំបន់ភ្នំភាគខាងលិចនិងភាគនិរតី។ កាលពីឆ្នាំ២០០៨ គ្រោះរញ្ជួយដីកម្រិត៧,៩រិចទ័របានធ្វើឱ្យប្រជាជនក្នុងខេត្តស៊ីឈ័នប្រមាណ៨៧០០០នាក់ ស្លាប់និងបាត់ខ្លួន៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com