ជាតិ
សាសនា / ធម៌
ចូររកធម៌មុនទុក្ខមកដល់ ពុំគួរចាំទុក្ខមកដល់ ទើបរកធម៌នោះទេ
16, Apr 2023 , 10:39 am        
រូបភាព
ព្រះធម៌ ជាឱសថដ៏ស័ក្តិសិទ្ធិ សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត។ មានព្រះធម៌ក្នុងខ្លួន មុនមានសេចក្តីទុក្ខ ប្រៀបដូចជា មានឱសថជាប់តាមខ្លួន មុនជំងឺមកដល់ដូច្នេះដែរ។


 
ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន គេ សង្កេតឃើញមនុស្សមួយចំនួន ពិសេសអ្នក ដែលល្បីឈ្មោះតាមបណ្តាញសង្គម បានដើរតាមគន្លងមួយតៗគ្នា នោះគឺការទៅសាងផ្នួស ពេលមានបញ្ហាផ្លូវចិត្ត មានភាពស្មុគស្មាញ ឬមានវិបត្តិគ្រួសារ។ អ្នកទាំងនោះ ទទួលបានការលើកទឹកចិត្តផង និងទទួលបានការសើចចំអកផង។ 
 
អ្នកខ្លះ ពេលជីវិតកំពុងរុងរឿង កំពុងមានសេចក្តីសុខ កំពុងសប្បាយរីករាយ ដោយសារភាពចុះសម្រុងគ្នាក្នុងគ្រួសារ ដោយសារការមានទ្រព្យសម្បត្តិស្តុកស្តម្ភ គេ ក៏ហាក់ភ្លេចខ្លួនពីព្រះធម៌ ហើយជាប់អារម្មណ៍តែទៅលើអ្វីដែលគេ កំពុងមាននោះ។ ដល់ពេលសេចក្តីទុក្ខមកដល់ គេ ក៏ចាប់ផ្តើមនឹកឃើញដល់ព្រះធម៌ភ្លាម ហើយគេ យល់ថា វិធី ដែលអាចនៅជិតព្រះធម៌បំផុត គឺការសាងផ្នួស។
 
គេ ទៅបួស និងយកវត្តអារាម ធ្វើជាទីពឹង ក៏ព្រោះគេ ចង់គេចចេញពីសង្គមមនុស្សមួយរយៈ ចង់ស្វែងរកមធ្យោបាយកម្ចាត់ភាពស្មុគស្មាញក្នុងចិត្ត ហើយដើម្បីមានឱកាសបានរៀនធ្វើចិត្តឲ្យស្ងប់ និងរៀនបង្កើតក្តីមេត្តា។ តាមការសង្កេត អ្នកទាំងនោះ បួសក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូចជា មួយសប្តាហ៍ កន្លះខែ មួយខែ ឬលើសពីនេះ។ 
 
ពេលមានទុក្ខ ទើបរត់ទៅរកវត្តអារាម ពេលមានទុក្ខ ទើបចាប់ផ្តើមនឹកឃើញធម៌អាថ៌ ខុសឬ? មិនខុសឡើយ។ ជាធម្មតា មនុស្ស ពេលមានទុក្ខ តែងស្វែងរកទីពឹង ឬស្វែងរកផ្លូវ ដែលអាចជួយបន្សាបសេចក្តីទុក្ខរបស់គេ។ សម្រាប់ពុទ្ធសាសនិក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គឺជាទីពឹងប្រសើរបំផុតហើយ។
 
ប៉ុន្តែ មនុស្ស មិនគួរប្រកាន់ផ្នត់គំនិតថា ចាំដល់វ័យចាស់ ឬចាំដល់ពេលមានទុក្ខ ទើបស្វែងរកព្រះធម៌នោះទេ។ ព្រះធម៌ មិនមែនសម្រាប់តែមនុស្សចាស់ ឬមិនមែនសម្រាប់ជួយអ្នក តែពេលអ្នកមានសេចក្តីទុក្ខឡើយ។ មនុស្សគ្រប់វ័យ អាចឈ្វេងយល់ពីព្រះធម៌ និងយកព្រះធម៌មកដាក់ក្នុងខ្លួនបាន ដោយមិនចាំបាច់ដល់វ័យចាស់ ឬដល់ពេលមានសេចក្តីទុក្ខ ទើបរូតរះរកព្រះធម៌នោះទេ។ 
 
ម្យ៉ាងទៀត ថ្វីបើផ្លូវល្អបំផុតក្នុងការស្វែងរកព្រះធម៌ គឺការសាងផ្នួស តែការសិក្សាឈ្វេងយល់ពីព្រះធម៌ មិនចាំបាច់ទាល់តែទៅសាងផ្នួសនោះទេ ពីព្រោះមនុស្ស មិនអាចមានឧបនិស្ស័យ មិនអាចមានឱកាសបានទៅសាងផ្នួសគ្រប់គ្នាឡើយ។ ការនៅជាគ្រហស្ថ ក៏អាចស្វែងរកព្រះធម៌ សិក្សាពីព្រះធម៌ និង យកព្រះធម៌ដាក់ក្នុងខ្លួនបានដែរ។ 
 
ស្វែងរកព្រះធម៌យ៉ាងម៉េច? គឺការសិក្សាឈ្វេងយល់ពីព្រះធម៌ ហើយយកព្រះធម៌មកដាក់ក្នុងខ្លួន។ ការយល់ពីច្បាប់ធម្មជាតិ គឺជាការយល់ពីព្រះធម៌។ ឧទាហរណ៍៖ កើត ចាស់ ឈឺ ស្លាប់ គឺជាច្បាប់ធម្មជាតិ។ 
 
មនុស្សកើតមក តែងមានលាភ តែងអត់លាភ តែងមានយស តែងអត់យស់ តែងមានសរសើរ តែងមាននិន្ទា តែងមានសុខ តែងមានទុក្ខ។ ក្នុងជីវិតមនុស្ស មានជួប មានបែក មានត្រូវគ្នា មានឈ្លោះគ្នា មានស្រណុកសុខស្រួល មានលំបាកវេទនា មានភាពមានបាន មានក្រតោកយ៉ាក។ ការយល់ពីរឿងទាំងអស់នេះ គឺជាការយល់ពីច្បាប់ធម្មជាតិ ជាការយល់ពីព្រះធម៌។  
 
ការលះបង់សេចក្តីព្យាបាទ ការឈប់សាងអំពើបាប ការមានមេត្តា ករុណា ការរៀនធ្វើចិត្តឲ្យស្ងប់ ការលះបង់សេចក្តីកំណាញ់ ការធ្វើបុណ្យដាក់ទាន ការជួយអ្នកដទៃ ការអត់ទោស ការព្យាយាមលះបង់លោភៈ ទោសៈ មោសៈ គឺជាការមានព្រះធម៌ក្នុងខ្លួន។ ការរក្សាសីល៥ រួមមាន មិនសម្លាប់សត្វ មិនលួចឆក់ប្លន់ មិនភូតកុហក មិនប្រព្រឹត្តកាមលើកូនប្រពន្ធប្តីគេ មិនសេពគ្រឿងស្រវឹង ក៏អាចចាត់ទុកថា មានព្រះធម៌ក្នុងខ្លួនដែរ។ ចាស់បុរាណ ហៅថា មនុស្សមានធម៌។
 
បុគ្គលមា្នក់ ដែលយល់ពីព្រះធម៌ និងមានព្រះធម៌ក្នុងខ្លួន បុគ្គលនោះ អាចនឹងមានសេចក្តីសុខ មានសេចក្តីស្ងប់ និងមានមាគ៌ាជីវិតល្អប្រសើរ។ លើសពីនេះ ការយល់ពីព្រះធម៌ ការមានព្រះធម៌ក្នុងខ្លួន គេ អាចនឹងមានលទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងសេចក្តីទុក្ខ ពេលសេចក្តីទុក្ខកើតមានចំពោះគេ។ 
 
ពេលមានជំងឺ គេ តែងតែទៅរកថ្នាំ និងគ្រូពេទ្យ។ ប៉ុន្តែ បើគេ អាចរក្សាសុខភាពឲ្យល្អ ឲ្យមាំទាំ និងចេះការពារខ្លួន កុំឲ្យមានជំងឺតម្កាត់ ដូចពាក្យខ្មែរថា ការពារប្រសើរជាងព្យាបាល នោះជីវិតរបស់គេ នឹងល្អប្រសើរ ជាងការដែលគេ មិនចេះថែទាំងសុខភាព ហើយដល់ពេលធ្លាក់ខ្លួនឈឺធ្ងន់ ទើបចាប់ផ្តើមស្វះស្វែងរកគ្រូពេទ្យ។ គេ មិនគួរអាងថ្នាំ អាងគ្រូពេទ្យ ហើយមិនថែទាំសុខភាពឡើយ។ ដូចគ្នានេះដែរ គេ ពុំគួរគិតតែពីសប្បាយរហូតភ្លេចខ្លួន ហើយយល់ថា ចាប់មានទុក្ខ ចាំរកព្រះធម៌ និងរត់រកវត្តអារាមនោះទេ។ 
 
ទោះមិនទាន់មានសេចក្តីទុក្ខក៏ដោយ ក៏គេ គួរតែស្វែងរកព្រះធម៌ និងយកព្រះធម៌មកដាក់ក្នុងខ្លួនឲ្យហើយ។ បុគ្គល ដែលយល់ពីព្រះធម៌ និងមានព្រះធម៌ក្នុងខ្លួន ប្រៀបដូចជា មានឱសថជាប់នឹងខ្លួនស្រាប់ ហើយដល់ពេលកើតជំងឺ គេ ក៏ប្រើឱសថនោះព្យាបាលតែម្តង។ 
 
សុភាសិតសំស្រ្កឹតមួយ ពោលថា៖«ទឹកអម្រឹត ជាប្រធាននៃឱសថ អាហារ ជាប្រធាននៃសុខភាព ចក្ខុន្រ្ទិយ ជាប្រធាននៃឥន្ទ្រិយ សិរសា ជាប្រធាននៃរាងកាយ»។ តាមន័យប្រៀបធៀប ទឹកអម្រឹត គឺសំដៅលើព្រះធម៌ ដែលជាឱសថទិព្វព្យាបាលជំងឺផ្លូវចិត្តរបស់មនុស្សលោក៕ 
 
 

Tag:
 ធម៌
© រក្សាសិទ្ធិដោយ thmeythmey.com