អន្តរជាតិ
ក្រសួងបរិស្ថានឥណ្ឌូណេស៊ីប្តឹងជំទាស់សាលក្រមទាក់ទងការបំពុលបរិយាកាស
17, Sep 2021 , 9:29 pm        
រូបភាព
ទិដ្ឋភាពរដ្ឋធានីហ្សាការតាដែលចោមព័ទ្ធដោយអ័ព្ទនាពេលកន្លងមក។ រូបថត AFP
ទិដ្ឋភាពរដ្ឋធានីហ្សាការតាដែលចោមព័ទ្ធដោយអ័ព្ទនាពេលកន្លងមក។ រូបថត AFP
ដោយ:
ក្រសួងបរិស្ថានឥណ្ឌូណេស៊ី នឹងប្តឹងជំទាស់សេចក្តីសម្រេចរបស់តុលាការក្រុងហ្សាការតាដែលបានរកឃើញមន្រ្តីជាន់ខ្ពស់ជាច្រើននាក់រាប់ទាំងប្រធានាធិបតី ចូកូ វីដូដូ មានទោសជាប់ពាក់ព័ន្ធពីបទធ្វេសប្រហែសលើបញ្ហាបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។


ជុំវិញសេចក្តីសម្រេចលើបណ្តឹងរបស់ប្រជាពលរដ្ឋនាថ្ងៃទី១៦ ខែកញ្ញា ចៅក្រមបានរកឃើញថា មន្រ្តីជាន់ខ្ពស់ជាច្រើនរូបមានពិរុទ្ធភាពក្នុងការខកខានចាត់វិធានការបង្ការ ,ត្រួតពិនិត្យ និងគ្រប់គ្រងកម្រិតខ្យល់ពុលដែលប៉ះពាល់ដល់សុខភាពប្រជាជននៅក្នុងនិងជុំវិញរដ្ឋធានីហ្សាការតា។
 
យោងតាមរបាយការណ៍ឆ្នាំ២០២០ របស់ក្រុមអ្នកតាមដានគុណភាពកម្រិតខ្យល់ IQAir ក្រុងហ្សាកាតានិងតំបន់ជុំវិញដែលជាកន្លែងមានប្រជាជនណែនតាន់តាប់ប្រមាណ៣០លាននាក់ ជាទីក្រុងមានខ្យល់ពុលខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
នាយកគ្រប់គ្រងខ្យល់ពុលរបស់ក្រសួងបរិស្ថាន Dasrul Chaniago ប្រាប់ទីភ្នាក់ងារ Reuters ថាការប្តឹងឧទ្ធរណ៍ នឹងត្រូវធ្វើឡើងប្រឆាំងនឹងសេចក្តីសម្រេចនេះ។ លោកក៏បានបន្ថែមថា តុលាការបានបញ្ជាឱ្យក្រសួងត្រួតពិនិត្យគុណភាពខ្យល់ និងការបំភាយឧស្ម័ន។ ចំណែកការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាក់ថា ការដាក់ពាក្យប្ដឹងជំទាស់នេះ នឹងត្រូវធ្វើដោយក្រសួងបរិស្ថានតែម្ដង។
 
ក្រុមមេធាវីការពារដើមបណ្តឹងចំនួន៣២នាក់ បានអះអាងថា អាជ្ញាធរបានបរាជ័យក្នុងការការពារប្រជាជន។ ពួកគេបានផ្អែកលើការស្រាវជ្រាវវិទ្យាសាស្រ្តមួយថា ខ្យល់ពុលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជា ជំងឺហឺត,  ជំងឺបេះដូង និងមានអាយុខ្លី។
 
គួររំឭកថា កាលពីឆ្នាំ២០១៩ ដើមបណ្តឹងជាច្រើនរូប បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយទាមទារឱ្យរដ្ឋាភិបាលដាក់ចេញវិធានការតឹងរ៉ឹងទប់ទល់នឹងការបំពុលដែលមានគ្រោះថ្នាក់ដើម្បីធានាគុណភាពខ្យល់ល្អក្នុងក្រុងហ្សាកាតា។ កំណើននគរូបនីយកម្មយ៉ាងឆាប់រហ័ស ការកកស្ទះចរាចរណ៍ដ៏អាក្រក់ និងរោងចក្រធ្យូងថ្មក្នុងក្រុងហ្សាកាតា បានរួមចំណែកបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះយ៉ាងដុនដាប៕
 
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com