អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ បញ្ជូនយន្តហោះចម្បាំងជាច្រើនទៅឃ្លាំមើលយន្តហោះចម្បាំងចិន
19, Sep 2021 , 10:22 am        
រូបភាព
រូបភាព៖ CNN
រូបភាព៖ CNN
ដោយ: ថ្មីៗ
ដោយ៖ឡាយ ស្រីពេជ្រ
កម្លាំងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃទី ១៧ ខែកញ្ញា ត្រូវបានបញ្ជូនទៅព្រមានយន្តហោះចិនចំនួន ១០គ្រឿងដែលបានចូលក្នុងដែនការពារអាកាសតៃវ៉ាន់។ ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីតៃវ៉ាន់ បានប្រកាសដំឡើងថវិកាការពារជាតិខ្លួន។



ជាច្រើនលើកច្រើនសា ចិនតែងបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង មកជិតកោះតៃវ៉ាន់។ ទង្វើបែបនេះ ត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិចាត់ទុកជាការគំរាមកំហែង និងបញ្ជូនយន្តហោះចម្បាំង ទៅឃ្លាំមើលស្ថានការណ៍ ក៏ដូចជាការពារដែនអាកាសរបស់ខ្លួន។ ជាថ្មីម្តងទៀត ចិន បានបញ្ជូនយន្តហោះយោធាចំនួន ១០គ្រឿង មកក្បែរតៃវ៉ាន់។

តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ បេសកកម្មចុងក្រោយរបស់ចិន មានយន្តហោះចម្បាំង J-16 ចំនួន ៦ គ្រឿង, យន្តហោះចម្បាំង J-11 ចំនួន ២ គ្រឿង រួមជាមួយ យន្តហោះប្រឆាំងនាវាមុជទឹក ១ គ្រឿង និងយន្តហោះឈ្លបការណ៍ផងដែរ។ ដើម្បីការពារការវាយប្រហារ ក៏ដូចជាដែនអាកាសខ្លួន តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិនទាំងនោះ និងពង្រាយប្រព័ន្ធការពារមីស៊ីល។  

យន្តហោះចិនមួយចំនួន បានហោះទៅក្បែរកោះPratas ខណៈយន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះឈ្លបការណ៍ បានហោះចូលទៅដែនទឹក Bashi Channel ដែលបែងចែកដែនដីតៃវ៉ាន់ និងហ្វីលីពីន។

យ៉ាងណាមិញ ចិន បានអះអាងថា យន្តហោះចម្បាំងទាំងនោះ គឺជាផ្នែកមួយនៃសមយុទ្ធយោធាខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែកញ្ញា អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើត បានលើកឡើងថា នាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះ ដែលបានបញ្ជូនទៅល្បាត និងសមយុទ្ធនៅថ្ងៃទី១៧ខែកញ្ញាកន្លងទៅ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធរួមគ្នារបស់យោធាចិននៅក្នុងតំបន់នោះប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីតៃវ៉ាន់បានស្នើបង្កើនថវិកាការពារជាតិខ្លួន ដែលមានទំហំ ៨,៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្នុងនោះរួមមានមីស៊ីលថ្មី និងតម្រូវការធ្វើទំនើបកម្មអាវុធ ដើម្បីប្រឈមនឹងការគំរាមកំហែងពីចិន៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com