អន្តរជាតិ
តៃវ៉ាន់គំរាមអូសចិនឡើង WTO ក្រោយចិនហាមនាំចូលទៀបនិងជម្ពូ
×
ដោយ៖ឡាយ ស្រីពេជ្រ
តៃវ៉ានគំរាមអូសចិន ឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីដោះស្រាយបញ្ហា បន្ទាប់ពីទីក្រុងប៉េកាំង ផ្អាកការនាំចូលផ្លែទៀប និងជម្ពូពីតៃវ៉ាន់ ក្រោយរកឃើញសត្វល្អិត លើផ្លែឈើទាំងពីរនេះ។ នេះជាជម្លោះថ្មី រវាងភាគីទាំងពីរ លើបញ្ហាផ្លែឈើនេះ។
រដ្ឋបាលគយចិន បានប្រកាសពីការរកឃើញសត្វល្អិតនៅក្នុងផ្លែទៀប និងជម្ពូនាំចូលពីតៃវ៉ាន់។ អាជ្ញាធរគយចិន បានស្នើឱ្យខេត្តគ័ងតុង និងការិយាល័យដែលពាក់ព័ន្ធទាំងអស់ ឈប់អនុញ្ញាតឱ្យនាំចូលនៃប្រភេទផ្លែឈើទាំងនេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា។ តៃវ៉ាន់ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ចិន។
រដ្ឋមន្រ្តីទទួលបន្ទុកក្រុមប្រឹក្សាកសិកម្មតៃវ៉ាន់ Chen Chi-chung និយាយថា ចិនមានអាកប្បកិរិយាឯកតោភាគី ដោយមិនមានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់។ លោក Chen រិះគន់ចំណាត់ការរបស់ប៉េកាំង ដែលប្រកាសមុនពិធីសែនព្រះខែនោះ។
«យើងមិនអាចទទួលយករឿងនេះបានឡើយ។» លោក Chen ប្រាប់អ្នកយកព័ត៌មានបែបនេះ ដោយទម្លាយថា ការិយាល័យរបស់លោក ទើបទទួលបានព័ត៌មាន ពីការសម្រេចចិត្តរបស់ចិន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា។ រដ្ឋមន្រ្តីរូបនេះបន្ថែមទៀតថា តៃវ៉ាន់នឹងនាំចិន ទៅ WTO ក្រោមយន្តការដោះស្រាយវិវាទ ប្រសិនបើចិនមិនឆ្លើយតប នឹងសំណើរបស់តៃវ៉ាន់ ក្នុងការដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី មុនថ្ងៃទី៣០ ខែកញ្ញាទេនោះ។
ចំណែករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu បានបង្ហោះសារនៅលើ Twitter ដែរថា បន្ទាប់ពីការគំរាមកំហែងខាងយោធា ចិនឥឡូវប្រើប្រាស់អាវុធពាណិជ្ជកម្មវិញម្ដង។ ជុំវិញបញ្ហានេះ លោក Wu ក៏ចោទជាសំណួរលើការព្យាយាមរបស់ចិន ដើម្បីក្លាយជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងសេរីដ៏ធំ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
នេះគឺជាលើកទី២ហើយ ដែលចិន បិទការនាំចូលផ្លែឈើពីតៃវ៉ាន់។ នៅខែកុម្ភៈ ចិនបានហាមឃាត់ផ្លែម្នាស់ពីតៃវ៉ាន់ ដោយអះអាងថា មានសត្វល្អិតដែលបង្កឱ្យមានគ្រោះថ្នាក់។ ប៉ុន្តែតៃវ៉ាន់ធ្លាប់បកស្រាយថា វាគ្មានអ្វីមិនប្រក្រតីទេ ហើយតៃវ៉ាន់ចាត់ទុកការចោទប្រកាន់នេះថា ជាការលេងនយោបាយរបស់ប៉េកាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com