អន្តរជាតិ
ថៃ នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមស្បែកជំនួសការចាក់ចូលសាច់ដុំដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង
21, Sep 2021 , 7:29 pm        
រូបភាព
នៅថ្ងៃទី២០ខែកញ្ញា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានប្រកាសឱ្យគ្រូពេទ្យចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រោមស្បែកជាជាងការចាក់បញ្ចូលក្នុងសាច់ដុំក្នុងគោលបំណង ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង។ ថៃនៅតែខ្វះខាតវ៉ាក់សាំងសម្រាប់ប្រជាជន ទោះបីជាមានរោងចក្រផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្នុងស្រុកក៏ដោយ។

 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បានអះអាងថា វិធីសាស្ត្រចាក់វ៉ាក់សាំងក្រោមស្បែកដែលបានសិក្សាស្រាវជ្រាវកាលពីខែសីហា អាចចាប់ផ្ដើមប្រើប្រាស់ដោយគ្រូពេទ្យជំនាញបានហើយ។
 
ប្រធានមន្ទីរពេទ្យ Vachira នៅខេត្ត Phuket លោក Chalermpong Sukonthaphon បានបញ្ជាក់ថា មន្ទីរពេទ្យរបស់លោកបានទទួលភ្លើងបៃតងដែលអាចចាប់ផ្ដើមប្រើប្រាស់មធ្យោបាយចាក់វ៉ាក់សាំងក្រោមស្បែកនេះ។ លោកបានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ និងសាកល្បងមធ្យោបាយនេះបង្កឱ្យប្រព័ន្ធភាពស៊ាំមានការឆ្លើយតបស្រដៀងគ្នាចំពោះវិធីសាស្ត្រធម្មតាដែលចាក់ថ្នាំបង្ការចូលសាច់ដុំដែរ។ 
 
«វ៉ាក់សាំងមួយដូសអាចត្រូវបានប្រើសម្រាប់ការចាក់បញ្ចូលក្រោមស្បែកចំនួន៥ដង»។ លោក Chalermpong ពន្យល់បែបនេះ មុនបន្តថា ការធ្វើបែបនេះ បង្កើតការឆ្លើយតបភាពស៊ាំស្រដៀងគ្នាវិធីសាស្រ្តធម្មតា។ ការណ៍នេះមានន័យថា ថៃអាចបង្កើនចំនួនវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនមានចំនួនប្រាំដងឯណោះ។ ការចាក់វ៉ាក់សាំងចូលក្រោមស្បែកប្រើប្រាស់ចំណុះវ៉ាក់សាំងតែ២៥ភាគរយនៃចំណុះវ៉ាក់សាំងដែលចាក់ចូលក្នុងសាច់ដុំ។ 
 
កន្លងមក ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ជាច្រើនលើក និងកង្វះខាតវ៉ាក់សាំងបណ្ដាលមកពីការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង និងសារធាតុផលិតវ៉ាក់សាំងថៃត្រូវងាកទៅរកវិធីសាស្ដ្រដែលមិនបានអនុញ្ញាតជាផ្លូវការពីអង្គការសុខភាពពិភពលោក។ តួយ៉ាង ថៃសម្រេចចាក់វ៉ាក់សាំងឆ្លាស់គ្នាដោយប្រើ Sinovac និង AstraZeneca ទៀតផង។
 
រហូតមកដល់ពេលនេះមានតែប្រជាជនជាង២១ភាគរយនៃប្រជាជនសរុប ៧២លាននាក់តែប៉ុណ្ណោះដែលទទួលបានថ្នាំបង្ការពេញលេញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com