អន្តរជាតិ
ដោយសារអត់ចាក់វ៉ាក់សាំង ប្រធានាធិបតីប្រេស៊ីល ត្រូវបរិភោគភីស្សាតាមផ្លូវនៅញូវយ៉ក
21, Sep 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (ឆ្វេងទី៣) កំពុងកាន់ភីស្សាតាមផ្លូវក្នុងទីក្រុងញូវយ៉ក។ រូបថត Twitter Luiz Eduardo Ramos_
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (ឆ្វេងទី៣) កំពុងកាន់ភីស្សាតាមផ្លូវក្នុងទីក្រុងញូវយ៉ក។ រូបថត Twitter Luiz Eduardo Ramos_
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ត្រូវបង្ខំចិត្តបរិភោគភីស្សាតាមផ្លូវក្នុងទីក្រុងញូវយ៉ក ទឹកដីអាម៉េរិក ព្រោះមិនអាចអង្គុយបរិភោគក្នុងហាងបាន ខណៈលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡើយ។ នៅទីក្រុងញូវយ៉ក ការចាក់វ៉ាក់សាំងជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលបរិភោគអាហារក្នុងហាង។

 
ហាងភីស្សា Big Apple បានកំណត់ឱ្យអតិថិជនទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស បើពួកគេចង់បរិភោគអាហារក្នុងហាង។ ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ដែលជាមេដឹកនាំស្ទាក់ស្ទើរនឹងការទទួលវ៉ាក់សាំងនោះ មិនទាន់ទទួលបានវ៉ាក់សាំងឡើយសូម្បីមួយដូស។
 
«អាហារពេលល្ងាចដ៏ឆើតឆាយ។» រដ្ឋមន្រ្តីប្រេស៊ីល Luiz Eduardo Ramos បង្ហោះសារបែបនេះនៅលើ Twitter ដោយភ្ជាប់រូបថតលោក បុលសូណារ៉ូ កំពុងពិសារភីស្សាជាមួយប្រតិភូប្រេស៊ីលឯទៀត។ លោក បុលសូណារ៉ូ កំពុងស្ថិតនៅទីក្រុងញូវយ៉កដើម្បីចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
 
តម្រូវការបណ្ណចាក់វ៉ាក់សាំង ត្រូវបានអនុវត្តនៅទូទាំងទីក្រុងញូវយ៉កកាលពីសប្ដាហ៍មុន ដោយសកម្មភាពខាងក្នុងអាគារជាច្រើន ត្រូវតែបង្ហាញការកាតចាក់វ៉ាក់សាំងសិន។ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងទីតាំងកម្សាន្តនានា សុទ្ធតែអនុវត្តលក្ខខណ្ឌនេះ។
 
អាជ្ញាធរទីក្រុង ក៏បានសរសេរលិខិតទៅកាន់ប្រធានមហាសន្និបាតផងដែរ ដោយបញ្ជាក់ពីការកំណត់សាលប្រជុំមហាសន្និបាត ជាទីតាំងសន្និសីទ ដែលតម្រូវឱ្យអ្នកចូលរួមទាំងអស់មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង។ ប៉ុន្តែប្រធានមហាសន្និបាត លោក Abdulla Shahid បានបដិសេធវិញ។ 
 
ជាទម្លាប់ ប្រធានធិបតីប្រេស៊ីល នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតមុនគេ។ លោក បុលសូណារ៉ូ ធ្លាប់និយាយថា លោកជាមនុស្សចុងក្រោយនៅប្រេស៊ីលដែលចាក់វ៉ាក់សាំង៕
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com