អន្តរជាតិ
EU ថា អាម៉េរិកខ្វះតម្លាភាពនិងភាពស្មោះត្រង់ចំពោះដៃគូនៅអឺរ៉ុប
21, Sep 2021 , 9:29 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ។ រូបថត AFP
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ។ រូបថត AFP
សម្ព័ន្ធភាពលោកខាងលិច កំពុងរង្គោះរង្គើក្រោយខ្លាំងរហូតប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល បានរិះគន់អាម៉េរិកចំពោះកង្វះតម្លាភាព និងភាពស្មោះត្រង់ចំពោះដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក។ លោក មីឈែល ក៏លើករឿងនៅអាហ្វហ្កានីស្ថាននិងបញ្ហាបារាំងធ្វើជាឧទាហរណ៍។


ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល ប្រាប់អ្នកកាសែតមួយចំនួននៅថ្ងៃទី២០ ខែកញ្ញាថា ការសម្រេចចិត្តឯកតោភាគីរបស់អាម៉រិកក្នុងការដកខ្លួនចេញពីអាហ្វហ្កានីស្ថាន និងបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយអូស្រ្តាលីដែលធ្វើឱ្យប៉ះពាល់ដល់បារាំងនេះ បានបង្ហាញពីកង្វះតម្លាភាពនិងភាពស្មោះត្រង់របស់អាម៉េរិក។  
 
«សម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ជាសម្ព័ន្ធភាពសំខាន់បំផុតសម្រាប់យើងនៅសហភាពអឺរ៉ុប»។ លោក មីឈែល ប្រាប់អ្នកកាសែតបែបនេះ ដោយសំដៅលើភាពជាដៃគូរវាងប្លុកអឺរ៉ុប និងអាម៉េរិកដែលនៅម្ខាងម្នាក់មហាសមុទ្រអាត្លង់ទិក។ បើតាមទីភា្នក់ងារព័ត៌មាន AFP លោក មីឈែល មើលឃើញពីការខ្វះតម្លាភាពនិងភាពស្មោះត្រង់ក្នុងទំនាក់ទំនងនេះ។ 
 
លោក មីឈែល ក៏ប្រដូចរដ្ឋបាលលោក ចូ បៃឌិន ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ។ សម្រាប់មន្រ្តីកំពូលសហភាពអឺរ៉ុបរូបនេះ តាមរយៈភាសាកាយវិការរបស់លោក ត្រាំ សហភាពអឺរ៉ុបមិនមែនជាដៃគូដែលមានប្រយោជន៍នោះឡើយ តែលោក បៃឌិន វិញ ក៏បែរជាដើរផ្លូវរបៀបនេះទៅវិញដែរ។
 
គួររំលឹកថា នៅពេលថ្មីៗនេះ អាម៉េរិក អូស្ត្រាលី និងអង់គ្លេសបានចាប់ដែគ្នាបង្កើតកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅអូស្ត្រាលី។ ការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដោយដើរដោយថាមពលឥន្ធនៈលើសតម្លៃ៤០ពាន់លានដុល្លាររវាងបារាំងនិង អូស្ត្រាលីកន្លងមក ដែលបានធ្វើឱ្យបារាំងខកចិត្តជាខ្លាំង៕
 

Tag:
 EU
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com