អន្តរជាតិ
លោកស៊ី៖ ចិនមិនដែលគំរាមប្រទេសផ្សេង ហើយក៏មិនដែលចង់ក្លាយជាមេដឹកនាំពិភពលោកដែរ
22, Sep 2021 , 12:18 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតតាមប្រព័ន្ធវីដេអូ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតតាមប្រព័ន្ធវីដេអូ។ រូបថត Xinhua
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតីចិន ស៊ីជិនភីង បានអះអាងថា ចិនមិនដែលហើយ​ក៏នឹងមិនគំរាមកំហែងប្រទេសដ៏ទៃ​ឡើយ ហើយចិន​ក៏​មិន​ដែលចង់​ដណ្ដើមតំណែងជាអ្នកដឹកនាំពិភពលោកនោះទេ។ លោក ស៊ី ក៏បានទទូចឱ្យ​មេដឹកនាំ​ប្រទេស​ទាំងអស់ចៀសវាងការប្រឈមមុខដាក់គ្នា ហើយងាកទៅរកកិច្ចសហប្រតិបត្តិការ​និង​ការ​ដោះស្រាយ​បញ្ហាដោយការសន្ទនាគ្នាវិញ។

 
ក្នុងសុន្ទរកថាតាមរយៈតំណភ្ជាប់វីដេអូទៅកាន់កិច្ចប្រជុំមហាសន្និបាត UN លើកទី៧៦ ប្រមុខរដ្ឋចិន ស៊ី ជិនភីង ប្រកាសថា មកទល់ពេលនេះចិនមិនដែលបានឈ្លានពាន ឬកិច្ចការប្រទេសដទៃនោះទេ ហើយនៅពេលអនាគត ចិនក៏នឹងមិនធ្វើបែបនេះដែរ។ លោកបញ្ជាក់ថា ចិនមិនដែលស្វែងរក​ផ្លូវ​ដើម្បី​ក្លាយជាមេដឹកនាំពិភពលោកអ្វីនោះដែរ។
 
«ប្រជាជនចិន តែងតែអនុវត្ត និងខិតខំបន្តចក្ខុវិស័យនៃសន្តិភាព មិត្តភាព និងភាពសុខដុមរមនា»។ មេដឹកនាំចិនលើកឡើងបែបនេះក្នុងកិច្ចប្រជុំដែលមានវត្តមានមេដឹកនាំពិភពលោកជាច្រើន ហើយបន្តថា ចិននឹងបន្តនាំឱកាសថ្មីៗដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រទេស។
 
សុន្ទកថារបស់លោក ស៊ី ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពី​ប្រធានាធិប​តីអាម៉េរិក ​ចូ បៃឌិន បាន​និយាយថា អាម៉េរិកគ្មានចេតនាចង់ចាប់ផ្តើមសង្គ្រាមត្រជាក់ថ្មីជាមួយចិនទេ។ លោក បៃឌិន អះអាងថា ទំនាក់​ទំនងប្រទេសទាំងពីរជាការប្រកួតប្រជែងមិនមែនជាជម្លោះឡើយ។
 
ក្នុងសេចក្ដីថ្លែងការណ៍ខាងលើដដែល ប្រធានាធិបតីចិនជឿថា បញ្ហារវាងប្រទេសនិងប្រទេសមិនអាច​ចៀសផុតឡើយ ប៉ុន្ដែភាគីទាំងអស់ត្រូវដោះស្រាយបញ្ហាតាមកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក។ 
 
ជាមួយគ្នានេះ លោក ស៊ី ក៏ស្នើឱ្យប្រទេសលើពិភពលោកបោះបង់​ចោលការប្រឈម​មុខដាក់​គ្នា​ និង​ការ​មិនរាប់រកប្រទេសណាមួយ។ លោកសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវការបង្កើតទំនាក់ទំនង អន្តរជាតិ​ប្រភេទថ្មីមួយដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកដែលមានសមធម៌ យុត្តិធម៌ និង​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
 
ក្រៅពីនេះ ទំនងជាបរិហារអាម៉េរិកជុំវិញសង្គ្រាមនៅអាហ្វហ្កានីស្ថាន ប្រធានាធិបតីចិនរូបនេះបាន​រិះគន់ថា ការអន្តរាគមន៍យោធាពីបរទេសនឹងមិនបានផ្ដល់ផលអ្វីឡើយ​ក្រៅពីភាព​អន្តរាយ​។ លោក ស៊ី សង្កត់ធ្ងន់ដែរថា ពិភពលោកដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ​គួរតែ​ទទួល​យក​អរិយធម៌ផ្សេងៗគ្នា។ ក្នុងន័យនេះ ប្រទេសនីមួយមានបែបបទសង្គម និងប្រព័ន្ធនយោបាយខុសគ្នាៗ ​ដូចច្នេះ​ទម្រង់​ប្រជាធិបតេយ្យត្រូវបត់បែនតាមសង្គមនីមួយៗដែលធ្វើយ៉ាងណាឱ្យតែផ្ដល់ផលប្រយោជន៍​ឱ្យ​ប្រជាជន​៕
 
 
 

Tag:
 ចិន
  ស៊ី ជិនភីង
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com