អន្តរជាតិ
ប្រធានាធិបតីចិន សន្យាបញ្ចប់ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងធ្យូងថ្មនៅក្រៅប្រទេស
22, Sep 2021 , 8:29 pm        
រូបភាព
ដោយ៖ឡាយ ស្រីពេជ្រ 
 
ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រកាសនៅថ្ងៃទី២១ ខែកញ្ញាថា ថា ចិននឹងបញ្ឈប់ការផ្តល់មូលនិធិដល់គម្រោងធ្យូងថ្មនៅក្រៅប្រទេស។ មានន័យថា ចិនលែងផ្ដល់ជំនួយសាធារណៈដែលអាចប្រើទៅលើថាមពលកខ្វក់ដូចជាធ្យូងថ្មនេះ ដែលជាការរួមចំណែកខ្លាំងក្នុងវិបត្តិអាកាសធាតុ។

 
ក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ី ជិនភីង បញ្ជាក់ថា ចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ហើយនឹងសម្រេចឱ្យបានគោលដៅអាព្យាក្រឹត្យកាបូនតាមការសន្យានៅឆ្នាំ២០៦០ ។
 
«គោលដៅនេះទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយយើងនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅទាំងនេះ»។ លោក ស៊ី បញ្ជាក់បែបនេះ មុនប្រកាសថា ចិននឹងបង្កើនការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតក្នុងការអភិវឌ្ឍថាមពលបៃតង និងការប្រើប្រាស់ថាមពលកាបូនទាប ហើយចិនមិនបង្កើតគម្រោងថាមពលថ្មីដើរដោយធ្យូងថ្មនៅក្រៅប្រទេសទៀតទេ។
 
សេចក្តីប្រកាសរបស់ប្រមុខរដ្ឋចិន គឺស្រដៀងទៅនឹងការប្ដេជ្ញារបស់កូរ៉េខាងត្បូង និងជប៉ុនដែលជាប្រទេសផ្តល់លុយដ៏ចម្បងសម្រាប់គម្រោងធ្យូងថ្មនៅបរទេស។ ការប្រកាសនេះ ក៏ទទួលបានការសាទរដែរ។ អង្គការបរិស្ថានអន្តរជាតិ 350.org ហៅសេចក្តីប្រកាសរបស់លោក ស៊ី ថាជាការប្តេជ្ញាដ៏ធំ និងអាចនាំឱ្យមានការប្រែប្រួលច្រើន។
 
ចំណែកឯអនុប្រធានផ្នែកអាកាសធាតុនិងសេដ្ឋកិច្ចនៃវិទ្យាស្ថានធនធានពិភពលោកលោកស្រី Helen Mountford អះអាងថា នេះជារបត់ប្រវត្តិសាស្រ្តដែលទាញពិភពលោកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលកង្វក់បំផុត។ ប៉ុន្តែលោកស្រីបន្ថែមថា អ្នកវិនិយោគឯកជនក៏ត្រូវចូលរួមក្នុងការប្ដេជ្ញាចិត្តនេះដែរ។ លោកស្រី ក៏កត់សម្គាល់ថា ចិននៅតែបន្តបង្កើនឧស្សាហកម្មធ្យូងថ្មដដែល។
 
ខណៈការប្រកាសរបស់លោក ស៊ី ជាការអនុវត្តនៅពេលខាងមុខ ចិននៅតែវិនិយោគទៅលើធ្យូងថ្មនិងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតនៅក្នុងគម្រោងធ្យូងថ្មក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាឥណ្ឌូណេស៊ី វៀតណាម និងបង់ក្លាដែស។ 
 
គួរបញ្ជាក់ថា ចិនបានប្រើប្រាស់ថាមពលដើរដោយធ្យូងថ្មថ្មីចំនួន៣៨,៤ជីហ្គាវ៉ាត់នៅឆ្នាំ២០២០ ដែលច្រើនជាងចំនួនបីដងធៀបទៅនឹងការប្រើប្រាស់ទូទាំងពិភពលោក៕
 
 
 
 
 

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com