កីឡាអន្តរជាតិ
អន្តរជាតិ
ទោះគ្មានជើង ប៉ុន្តែ​ Zion Clark អាចប្រើ​ដៃ​រត់​បាន​ក្នុងល្បឿនយ៉ាងលឿន
27, Sep 2021 , 9:29 am        
រូបភាព
ដោយ: ធីតា
ជាសហគ្រិន វាគ្មិនខាង​លើកទឹកចិត្ត អ្នក​សម្តែង អ្នកនិពន្ធ និងជា​អត្តពលិក Zion Clark អាយុ២៤ឆ្នាំ ដែលគ្មាន​ជើងទាំងពីរតាំងពីកំណើត ក៏ជាម្ចាស់​កំណត់ត្រាមួយ​រូប​ក្នុង​សៀវភៅ Guinness World Records 2022 ផងដែរ។

 
កាលពីថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ Zion បានក្លាយជាម្ចាស់​កំណត់ត្រា ខាងរត់​ដោយដៃ​ចម្ងាយ​២០ម៉ែត្រ លឿនជាងគេបំផុតជាមួយ​នឹង​ថិរវេលា ៤,៧៨វិនាទី។ «អ្នកទាំងអស់គ្នា បាន​រីករាយ ខ្ញុំរីករាយ មិត្តស្រី​របស់ខ្ញុំ​ក៏រីករាយផងដែរ... វាជាវេលាដ៏អស្ចារ្យ​សម្រាប់ខ្ញុំ»។ នេះជាការលើកឡើង​របស់ Zion។
 
កើតនៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៩៧ នៅ​ក្រុង Columbus រដ្ឋអូហៃយ៉ូ Zion ត្រូវបាន​យក​ទៅដាក់កន្លែងស្មុំកូន​តាំងពី​ពេលកើតភ្លាម ហើយស្ថិត​ក្រោម​ប្រព័ន្ធថែទាំជាពិសេស​រហូត​ដល់អាយុ​១៦​ឆ្នាំ មុននឹង​រកបាន​គ្រួសារជាអចិន្ត្រៃយ៍មួយដោយមានអ្នកស្រី Kimberli Hawkins ជាម្តាយ​ចិញ្ចឹម។
 
 
ដំណើរជីវិត​របស់ Zion បានជួប​រឿងរ៉ាវជាច្រើន​ ជាពិសេស​ការ​ប្រមាថមាក់ងាយ ការរើសអើង និងទង្វើ​ដែលប៉ះពាល់អារម្មណ៍​ផ្សេងៗ ប៉ុន្តែ​គេបាន​ព្យាយាមជម្នះ​បញ្ហានេះ ហើយ​បន្ត​រស់នៅ​ពោរពេញទៅ​ដោយក្តីសង្ឃឹម។
 
ក្រោម​ការបង្ហាត់​របស់​​លោក Butch Reynolds ម្ចាស់មេដាយមាសអូឡាំពិក និងជាម្ចាស់​កំណត់ត្រា​ពិភពលោក​ Zion មាន​លំនឹងផ្លូវ​ចិត្ត​យ៉ាងខ្លាំង ហើយ​គេព្យាយាម​តស៊ូ​ឲ្យ​សម្រេចគោលដៅខ្លួន តាមរយៈការប្រើ​ពាក្យ​ដ៏សាមញ្ញថា «No Excuses» (គ្មាន​ការអភ័យទោស)។
 
ក្នុង​បទ​សម្ភាស​ជាមួយ​សៀវភៅកំណត់ត្រាពិភពលោក Zion បាននិយាយថា៖ «ខ្ញុំនឹងតែងតែប្រឹងប្រែង​តាមអ្វីដែល​ខ្ញុំមាន។ ខ្ញុំគ្មាន​អ្វី​ផ្សេងទៀតឡើយ ខ្ញុំ​ប្រើ​ប្រាស់ថាមពលខ្លួន​តាម​វិធីត្រឹមត្រូវ ដូច្នេះខ្ញុំអាចជោគជ័យ និងឈ្នះ​ការប្រកួតប្រជែង»។
 
Zion មាន​ក្តីសុបិន​ចង់​ក្លាយជាអត្តពលិកអាមេរិក​ដំបូង​ដែលអាចចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍អូឡាំពិក លើ​វិញ្ញាសា​បោក​ចំបាប់ និងព្រឹត្តិការណ៍​កីឡាប៉ារ៉ាឡាំពិក​លើ​វិញ្ញាសា​ប្រណាំង​រទេះ នា​ឆ្នាំ​២០២៤ ខាងមុខ ហើយ​គេមានជំនឿថា ខ្លួន​នឹងអាចធ្វើបាន៕





Tag:
 Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com