កីឡាអន្តរជាតិ
អន្តរជាតិ
Arteta ត្រូវបានគេចាត់ទុកថាជា Wenger ទី២ ក្រោយជួយ Arsenal ឈ្នះ៣ប្រកួតជាប់គ្នា
27, Sep 2021 , 9:35 am        
រូបភាព
Arsenal បានយកឈ្នះ Tottenham Hotspur ៣-១ ក្នុងជំនួប London Derby នៅយប់ថ្ងៃទី២៦ ខែកញ្ញា។ បន្ទាប់ពីជួយកាំភ្លើងធំឈ្នះ៣ប្រកួតជាប់គ្នា Gael Clichy អតីតខ្សែការពារ Arsenal សរសើរ Mikel Arteta ថាជា Arsene Wenger ទី២។



Emile Smith-Rowe, Pierre-Emerick Aubameyang និង Bukayo Saka រកបានម្នាក់១គ្រាប់សម្រាប់ក្រុមលោក Arteta នៅវគ្គទី១ មុនពេល Son Heung-min តាមបានមួយគ្រាប់វិញឱ្យ Spurs នៅតង់ទី២នាទី៧៩។
 
ក្រោយរកបានជ័យជម្នះ៣ប្រកួតចុងក្រោយ Arteta ថានេះជាថ្ងៃពិសេស និងជាថ្ងៃដែលអាចបញ្ជាក់បានថាក្រុមលោកអាចធ្វើបាន។ «ជ័យជម្នះនេះគឺសម្រាប់អ្នកគាំទ្រកាំភ្លើងធំ។ នីទីនេះ យើងត្រូវការការគាំទ្ររបស់ពួកគេហើយឥឡូវនេះយើងកំពុងបង្កើតទំនាក់ទំនងជាមួយអ្នកគាំទ្រ»។ នេះជាការបញ្ជាករបស់គ្រូសញ្ជាតិអេស្ប៉ាញ​វ័យ៣៩ឆ្នាំ។
 
Arsenal ធ្វើមិនបានល្អឡើយនៅ Premier League សម្រាប់៣ប្រកួតដំបូង ដោយបរាជ័យទាំង៣ប្រកួត និងធ្លាក់ទៅតំបន់ត្រូវកាត់ចោល ខណៈអ្នកគាំទ្រក៏មិនពេញចិត្តនឹងការដឹកនាំរបស់ Arteta ដែរ។ ប៉ុន្តែចាប់ពីប្រកួតសប្តាហ៍ទី៤ដល់ទី៦នេះ ពួកគេរៀបចំក្រុមប្រសើរឡើងវិញដោយរកបាន៩ពិន្ទុពេញតែម្តង។
 
តាមរយៈលទ្ធផល ៣-១ លើក្រុមមានខ្នាយមាសនេះ Clichy ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Wenger ៨ឆ្នាំ និងធ្វើការជាមួយ Arteta ដែលជាជំនួយការលោក Pep Guardiola នៅ Manchester City ជឿជាក់ថាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះមានគុណសម្បត្តិគ្រប់គ្នាន់ដើម្បីកសាងកេរដំណែលនៅ Arsenal ។
 
អតីតខ្សែការពារអន្តរជាតិបារាំងរូបនេះ ប្រាប់កាសែត BBC ថា៖ « Arteta មានចំនេះដឹងច្រើនហើយគាត់មានភាពច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំ ដែលលោកបានរៀនពី Guardiola»។
តាមរយៈសមិទ្ធផលនេះ Clichy ជឿជាក់ថាក្នុងរយៈពេលដ៏ខ្លី Arteta ដែលនៅមានវ័យក្មេងនៅឡើយ នឹងក្លាយជាគ្រូបង្វឹកដែលមានសមត្ថភាពដូចលោក Wenger អ៊ីចឹងដែរ។ 
 
លោក Wenger ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍកីឡាបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ធ្លាប់ដឹកនាំក្រុម Arsenal ចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ ក្នុងនោះឈ្នះ Premier League ៣ ដង និង FA Cup ៧ សម័យ។
 
ក្រោយឈ្នះ៣ប្រកួតជាប់គ្នាចុងក្រោយ Arsenal ឡើងទៅឈរចំណាត់ថ្នាក់ទី១០ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន៩ពិន្ទុ។ Spurs ឯណោះធ្លាក់ទៅលេខ១១ ក្រោយចាញ់៣ប្រកួតចុងក្រោយ។ ៣ប្រកួតដំបូង ក្រុមដែលមានលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មីឈ្នះទាំង៣លើកជាប់គ្នា៕

Tag:
 Arsenal
  Mikel Arteta
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com