កីឡាអន្តរជាតិ
អន្តរជាតិ
គ្មានក្លិបលេងយូរ Nasri សម្រេចបញ្ចប់អាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៤ឆ្នាំ
27, Sep 2021 , 6:01 pm        
រូបភាព
Samir Nasri អតីតខ្សែបម្រើឆ្នើមរបស់ Manchester City និង Arsenal សម្រេចចូលនិវត្តន៍ពីជាជីពកីឡាករបាល់ទាត់នៅអាយុ៣៤ឆ្នាំ។ Nasri មិនមានក្លិបលេង ចាប់តាំងពីរូបគេចាកចេញពី Anderlecht កាលពីឆ្នាំមុន។


អតីតសមាជិកក្រុមជម្រើសជាតិបារាំង ដែលធ្លាប់ពាក់ព័ន្ធករណីប្រើសារធាតុហាមឃាត់ បង្ហាញខ្លួនបានយ៉ាងល្អជាមួយ Arsenal ពី២០០៨ ដល់២០១១ មុនផ្លាស់ទៅលេងនៅ Man City បាន៥រដូវកាល។ នៅរដូវកាល ២០១០-១១ Nasri ជាប់ក្នុងបញ្ជីឈ្មោះកីឡាកររបស់ PFA ប្រចាំឆ្នាំផងដែរ។
 
Nasri ជាប់ជម្រើសជាតិបារាំងចន្លោះឆ្នាំ២០០៧ ដល់២០១៣ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ លើក។
 
អំឡុងពេលផ្លាស់ទៅលេងឱ្យក្រុម Antalyaspor រដូវកាល ២០១៧-១៨ Nasri ត្រូវជាប់បម្រាមរយៈពេល១២ខែ ក្រោយស្ថាប័នប្រឆាំងសារធាតុញៀនពិភពលោក (WADA) រកឃើញថារូបគេមានជាប់បទល្មើសប្រើប្រាសសារធាតុហាមឃាត់។
 
កាលនោះ អតីតកីឡាករ West Ham និង Sevilla រូបនេះ បានបដិសេធថាខ្លួនមិនបានប្រើសារធាតុខុសច្បាប់នោះទេ។ Nasri បានប្រាប់កាសែតបារាំង Le Journal du Dimanche ថា៖ «ខ្ញុំបានទទួលរងភាពអយុត្តិធម៌ ខ្ញុំមិនបានលេបថ្នាំជំនួយអ្វីឡើយ ខ្ញុំគ្រាន់តែចាក់វីតាមីនប៉ុណ្ណោះព្រោះខ្ញុំឈឺ»។
 
បុរសវ័យ៣៤ឆ្នាំរូបនេះ បន្ថែមថាបម្រាមពីការចោទប្រកាន់របស់ WADA បានធ្វើឱ្យអនាគតរបស់គេជាមួយបាល់ទាត់ឃ្លាតឆ្ងាយបន្តិចម្តងៗ។ យ៉ាងណានៅឆ្នាំ២០១៩ Nasri បានចូលលេងឱ្យ West Ham ៥ប្រកួត មុនពេលផ្លាស់ទៅ Anderlecht​ នៅឆ្នាំបន្ទាប់ ដោយបង្ហាញខ្លួនបាន៧លើក។
 
ចាប់តាំងពីពេលនោះមក Nasri មិនមានក្លិបណាចាប់អារម្មណ៍រូបគេទៅលេងឡើយ រហូតដល់ថ្ងៃទី២៦ ខែកញ្ញាទើបប្រកាសចូលនិវត្តន៍តែម្តង៕
 

Tag:
 Samir Nasri
© រក្សាសិទ្ធិដោយ thmeythmey.com