អន្តរជាតិ
ចិន នឹងរឹតត្បិតការរំលូតកូនក្នុងប្រទេស ខណៈអត្រាបង្កើតកំណើតធ្លាក់ចុះ
28, Sep 2021 , 9:59 am        
រូបភាព
រូបភាព៖xinhua
រូបភាព៖xinhua
ដោយ:
ចិន សម្រេចកាត់បន្ថយការរំលូតកូនមិនផ្អែកតាមហេតុផលវេជ្ជសាស្រ្តក្នុងប្រទេស។ នេះបើតាមការសម្រេចរបស់គណៈរដ្ឋមន្រ្តីចិននៅថ្ងៃទី២៧ ខែកញ្ញា។ ការសម្រេចនេះ មានគោលដៅពង្រឹងសុខភាពបន្តពូជរបស់ស្រ្តីឱ្យល្អប្រសើ ហើយទំនងជាចង់បង្កើនអត្រាបង្កកំណើតក្នុងប្រទេស ខណៈចំនួនក្មេងកើតបានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានឆ្នាំកន្លងនេះ។


កន្លងមក ចិនធ្លាប់ចេញវិធានការយ៉ាងតឹងរ៉ឹងរួចហើយលើការរំលូតកូន ដោយហាមឃាត់ការរំលូតកូនតាមការជ្រើសរើសភេទ។ អាជ្ញាធរចិនក៏បានព្រមានដែរថា ការប្រើប្រាស់វិធីសាស្រ្តរំលូតកូនដែលបានដោយអចេតនា នឹងបង្កគ្រោះថ្នាក់ដល់រាងកាយស្រ្តី និងហានិភ័យធ្ងន់ធ្ងរដល់ការបង្កកំណើត។
 
សម្រាប់វិធានការថ្មី ក្រុមប្រឹក្សារដ្ឋចិនអះអាងថា មានបំណង់ជួយកែលំអសេវាថែទាំសុខភាពរបស់ស្រ្តីមុនពេលមានផ្ទៃពោះ។
 
ទិន្នន័យរបស់គណៈកម្មការសុខាភិបាលចិនបានបង្ហាញថា នៅចន្លោះឆ្នាំ២០១៤ និង២០១៨ តួលេខរំលូតកូនជាមធ្យមក្នុងប្រទេសចិនមានចំនួនដល់ទៅ៩,៤លានដងក្នុងមួយឆ្នាំ ដែលកើនឡើង៥១ភាគរយធៀបនឹងតួលេខចន្លោះឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣ ។ ទិន្នន័យខាងលើនេះមិនបានបញ្ជាក់ពីចំនួនរំលូតកូនដោយសារហេតុផលបញ្ហាសុខភាពឡើយ។
 
ថ្វីបើជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ការធ្វើជំរឿនចុងក្រោយបានបង្ហាញថា អត្រាកំណើនប្រជាជនពីឆ្នាំ២០១១ ដល់២០២០ មានការកើនឡើងយឺតខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៥០មក។តួលេខនេះត្រូវបានព្យាករណ៍ថា កាន់តែថយចុះបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
 
ដោយឡែកក្នុងរបាយការណ៍ឆ្នាំ២០០៥ របស់ក្រុមអ្នកស្រាវជ្រាវរដ្ឋ គ្រួសារនីមួយៗត្រូវចំណាយលុយចំនួន ៧៤,៨៣៨ដុល្លារលើការចិញ្ចឹមកូនម្នាក់។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ត្រឹមឆ្នាំ២០២០ ថ្លៃចំណាយសម្រាប់កូនម្នាក់ក្នុងគ្រួសារមានចំនួនកើនឡើង៤ដងបើធៀបនឹងឆ្នាំ២០០៥ ដោយត្រូវចំណាយជាង៣០ម៉ឺនដុល្លារ។
 
កាលពីខែកក្កដា ចិនបានអនុម័តគោលនយោបាយកូនបី និងគោលនយោបាយផ្សេងៗទៀតដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើការចិញ្ចឹមកូន និងជំរុញឱ្យមានអត្រាកំណើតកើនឡើងវិញ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com