FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
UEFA លែងប្ដឹង Barca, ​​Real និង Juventus ទោះពួកគេរក្សាជំហរគាំទ្រ Super League
28, Sep 2021 , 12:12 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបញ្ចប់ការប្តឹងប្ដល់ប្រឆាំងនឹងក្លិប Barcelona, ​​Juventus និង Real Madrid ជុំវិញការចូលរួមរបស់ពួកគេក្នុងគម្រោងបង្កើតពានរង្វាន់អឺរ៉ុបថ្មី European Super League ។


 
Barcelona, ​​Juventus និង Real Madrid ស្ថិតក្នុងចំណោមសមាជិកស្ថាបនិកទាំង១២ក្លិបដែលធ្លាប់គាំទ្ររួមគ្នាក្នុងការបង្កើត Super League។ យ៉ាងណាមកទល់ពេលនេះ មានក្លិប៩ហើយបានដកខ្លួនចេញវិញ។
 
៩ក្លិបផ្សេងទៀតបានដកខ្លួន ក៏ប៉ុន្តែក្លិបយក្សបី Barcelona, ​​Juventus និង Real Madrid នៅតែរក្សាជំហរមិនបោះបង់ចោលគម្រោងនេះឡើយ បើទោះ UEFA មិនពេញចិត្ត និងគំរាមប្តឹងផ្តល់ថែមទៀតនោះ។ UEFA បានដាក់បណ្តឹងឱ្យមានការស៊ើបអង្កេតលើក្រុមទាំងបីពីបទ រំលោភបំពានសក្តានុពល នៃក្របខណ្ឌច្បាប់របស់ស្ថាប័នខ្លួនទៅតុលាការ។
 
យ៉ាងណាក៏ដោយ នៅជំហានចុងក្រោយ UEFA ប្រកាសថា ដំណើរការនីតិវិធីត្រូវបានចាត់ទុកជាមោឃៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«បន្ទាប់ពីបន្តដំណើរការប្រឆាំងនឹងក្រុម Barcelona, ​​Juventus និង Real Madrid នៅក្នុងបញ្ហាដែលទាក់នឹង Super League ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ UEFA បានប្រកាសនៅថ្ងៃនេះថាចាត់ទុកជាមោឃៈ»។ ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ UEFA និយាយដូច្នេះក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន។
 
ការសម្រេចបញ្ចប់ពាក្យបណ្តឹងរបស់ UEFA ធ្វើឡើងបន្ទាប់ពីតុលាការនៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញបានសម្រេចថា UEFA មិនគួរដាក់ទណ្ឌកម្មលើក្លិបទាំងបីឡើយ បើទោះពួគេរក្សាជំហរគាំទ្រ Super League។
 
UEFA បានអះអាងថា ដំណើរការនីតិវិធីពាក្យបណ្តឹងរបស់ខ្លួនទៅលើក្លិប Barcelona, ​​Juventus និង Real Madrid មិនដែលត្រូវបានបើកនោះទេ ដូច្នេះស្ថាប័នខ្លួនសម្រេចបញ្ចប់តែម្តង៕
 

Tag:
 European Super League
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com