អន្តរជាតិ
ចិនថា កាណាដាគួរតែរៀនសូត្រពីករណីនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei
28, Sep 2021 , 3:32 pm        
រូបភាព
នាយកហិរញ្ញវត្ថុ Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ ពេលទៅដល់ទឹកដីចិន។ រូបថត Xinhua
នាយកហិរញ្ញវត្ថុ Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ ពេលទៅដល់ទឹកដីចិន។ រូបថត Xinhua
ដោយ៖ឡាយ​ ស្រីពេជ្រ
 
ការដោះលែងមន្រ្តីនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ បង្ហាញពីភាពខ្លាំងរបស់ចិនហើយកាណាដាគួរតែទាញយករឿងនេះជាមេរៀន។ នេះបើតាមការប្រកាសក្រសួងការបរទេសចិននៅថ្ងៃទី២៧ ខែកញ្ញា។

 
នៅថ្ងៃទី ២៥ ខែកញ្ញា លោកស្រីម៉ឹង វ៉ាន់ចូវ នាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើដំណើរមកតាមយន្តហោះរដ្ឋាភិបាលចិន និងបានចុះចតនៅទីក្រុង Shenzhen ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនHuawei។ នេះជាការបញ្ចប់ការប្តឹងជំទាស់ជិត៣ឆ្នាំរបស់លោកស្រីពីការធ្វើបត្យាប័នរបស់អាម៉េរិក។ 
 
នៅថ្ងៃដដែល ​​ជនជាតិកាណាដា២នាក់មានលោក Michael Kovrig និង លោកMichael Spavor ដែលត្រូវបានឃុំខ្លួនដោយទីក្រុងប៉េកាំងនៅឆ្នាំ២០១៨ដែរនោះក៏បានត្រឡប់មកស្រុកកំណើតវិញដែរ។ ​​ជនជាតិកាណាដាទាំង២រូបនេះជាប់ឃុំឃាំងដោយសារការចោទប្រកាន់ពីបទលួចការណ៍សម្ងាត់ជាតិ។ លោក Spavor ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់រូបថតនៃសម្ភារយោធាដល់លោក Kovrig និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១១ ឆ្នាំកាលពីខែសីហា។ 
 
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying បានប្រាប់សន្និសីទសារព័ត៌មានៅថ្ងៃទី២៧ ខែកញ្ញាថា ការវិលត្រឡប់របស់លោកស្រី ម៉ឹង ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាល និងបក្សកុម្មុយនីស្តចិន ព្រមទាំងការគាំទ្រពីប្រជាជនចិនទាំងអស់។ លោកស្រី Hua បន្ថែមថាការទទួលបាននូវយុត្តិធម៌អាចមានភាពយឺតយ៉ាវប៉ុន្តែចុងក្រោយវានឹងសម្រេចបាន ដោយបក្ស និងរដ្ឋាភិបាលចិនតាំងចិត្តយ៉ាងមាំក្នុងការការពារប្រជាពលរដ្ឋ ក្រុមហ៊ុន និងផលប្រយោជន៍របស់ប្រទេស។
 
«កាណាដាមិនគួរធ្វើរឿងទាំងនេះដើម្បីបម្រើផលប្រយោជន៍ឱ្យអាម៉េរិកនោះទេ និងគួរតែយករឿងនេះជាមេរៀនហើយចាប់ផ្តើមធ្វើអ្វីដែលស្របតាមផលប្រយោជន៍របស់ប្រទេសខ្លួនវិញ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងបែបនេះ មុនបន្តនិយាយការពារថា សំណុំរឿងពាក់ព័ន្ធនឹងជនជាតិកាណាដាគឺខុសគ្នាទាំងស្រុងពីរឿងលោកស្រី ម៉ឹង ដែលជាករណីធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ 
 
ក្នុងសន្និសីទដដែល មន្ត្រីក្រសួងការបរទេសចិន ហៅការឃុំខ្លួនលោកស្រី ម៉ឹង ថាជាកំហុសដ៏ធ្ងន់ធ្ងររបស់អាម៉េរិក និងកាណាដាដែលគួរតែត្រូវបានដោះស្រាយជាយូរមកហើយ។ ពាក់ព័ន្ធករណីនេះ កាណាដាបានហៅការចាប់ខ្លួនលោក Kovrig និងលោក Spavor ជាទង្វើចំណាប់ខ្មាំងការទូត។
 
គួរបញ្ចាក់ថា លោកស្រី ម៉ឹង ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាអាម៉េរិកកាលពីថ្ងៃទី២៤ ខែកញ្ញាដើម្បីបញ្ចប់ករណីកេងបន្លំហិរញ្ញវត្ថុប្រឆាំងនឹងលោកស្រី។ បទចោទចំពោះលោកស្រីនឹងត្រូវទម្លាក់ត្រឹមខែធ្នូ ឆ្នាំ២០២២ ​ប្រសិនបើលោកស្រីអនុវត្តតាមលក្ខខណ្ឌកិច្ចព្រមព្រៀង៕

Tag:
 កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com