ជាតិ
សេដ្ឋកិច្ច
World Bank៖កូវីដ-១៩ បំប្លែងថ្មី «ដែលតា» ធ្វើឱ្យកម្ពុជាស្ដារសេដ្ឋកិច្ចយឺតយ៉ាវ ខុសការរំពឹងទុក
28, Sep 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ-១៩ ប្រភេទមេរោគបំបែងថ្មីដែលតា(Delta)។ បើតាម សេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោក(World Bank)នៅកម្ពុជា លោក លី សូដេត ការផ្ទុះឡើងនូវមេរោគបំប្លែងថ្មី ដែលបន្តពីភាពអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នោះ  បានធ្វើឱ្យការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា គឺមានភាពយឺតយ៉ាវ។


 
បច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទមេរោគបំបែងថ្មី Delta  ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ចជាតិឡើងវិញ មានសកម្មភាពយឺតយ៉ាវ  ជាពិសេស វិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ។ ភាពអូសបន្លាយនៃការជំងឺកូវីដ-១៩នេះ បានធ្វើឱ្យធនាគារពិភពលោក(World Bank) កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤ភាគរយ មក ២,២ភាគរយវិញ នៅក្នុងឆ្នាំ២០២១នេះ ទោះបីការនាំចេញ មានភាពរឹងមាំ គាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អក្តី។  
 
លោក លី សូដេត ដែលជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោក(World Bank) បានលើកឡើងដូច្នេះ ៖« ហេតុផលនៃការកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានេះ គឺដោយសារយើងមើលឃើញ នូវការកើនឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា តាំងពីត្រីមាសទី២នៃឆ្នាំ២០២១ ហើយ បានបន្តមកទល់ពេលនេះទៀត»។  បើតាមសេដ្ឋកិច្ចវិទូរូបនេះ ទោះបីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា មានវឌ្ឍនភាពលឿនទៅតាមក្រុមប្រជាជននីមួយៗក៏ដោយ ប៉ុន្តែហានិភ័យនៃការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ និងការរាំងស្ទះនានា នៅតែបន្តអូសបន្លាយ ហើយនឹងបង្កឱ្យមានការបិទខ្ទប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។  
 
លោក លី សូដេត បានអះអាង នៅក្នុងសន្នីសិទសារព័ត៌មានតាមប្រព័ន្ធអនឡាញ(Zoom) នាព្រឹកថ្ងៃទី២៨កញ្ញានេះ ថា៖ « ភាពអូសបន្លាយនឹងការរាំងស្ទះនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសជាតិ បើទោះបីវិស័យកសិកម្មនៅតែមានភាពធន់ និងការនាំចេញទំនិញបានងើបឡើងវិញក៏ដោយ»។ 
 
ការរំខានដល់សកម្មភាពសេដ្ឋកិច្ចជាតិ ដោយសារវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បានបង្កឱ្យបាត់បង់ការងារ ឬកាត់បន្ថយម៉ោងធ្វើការ ដែលប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ។  ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺបានធ្វើឱ្យវិស័យទេសចរណ៍  ដែលបានផ្តល់ការងារឱ្យពលរដ្ឋនៅកម្ពុជាប្រមាណ២លានកន្លែង និងរួមចំណែកមួយភាគបួននៃផ.ស.ស(GDP)នោះ ត្រូវបានបាត់បង់ស្ទើរទាំងស្រុង។ លោក បានសង្កត់ធ្ងន់ដូច្នេះ៖ «ហានិភ័យឆ្ពោះទៅរកការធ្លាក់ចុះ ហើយ ទស្សនវិស័យរបស់កម្ពុជា នៅតែមានភាពមិនច្បាស់លាស់ខ្ពស់»។
 
ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ និងជំរុញការបង្កើតការងារវិញនោះ កម្ពុជាត្រូវចាត់វិធានការចាំបាច់ក្នុងការពង្រឹងភាពប្រកួតប្រជែងខាងក្រៅ ក្នុងការជំរុញការផលិតនិងនាំចេញ ដោយការទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA)។  ជាពិសេស ការដោះស្រាយបញ្ហារាំងស្ទះផ្នែកផ្គត់ផ្គង់ ដោយកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ភស្តុភារ និងថាមពល ជាពិសេសលុបបំបាត់ភាពមិនទន់ភ្លន់ ក្នុងការអនុវត្តបទបញ្ញតិសំខាន់ៗទាក់ទងនឹងការងារ ដែលរាំងស្ទះដល់ការងើបឡើងវិញនៃទីផ្សារការងារ។ នេះជាការលើកឡើងរបស់លោក លី សូដេត  ដោយបានបន្តថា ធនាគារពិភពលោក បានព្យាករសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងកំណើន ៤,៥ភាគរយ នៅឆ្នាំ២០២២៕ 
 
 

Tag:
 World Bank
  COVID-19
  លី សូដេត
© រក្សាសិទ្ធិដោយ thmeythmey.com