អន្តរជាតិ
ចិនបង្អួតអាវុធផ្លូវអាកាសថ្មី ខណៈតៃវ៉ាន់ថា ត្រូវការអាវុធរយៈចម្ងាយឆ្ងាយដើម្បីទប់ទល់ចិន
28, Sep 2021 , 5:09 pm        
រូបភាព
យន្តហោះចម្បាំង J-20 ហោះបង្អួតក្នុងកម្មវិធីនៅ Zhuhai ។ រូបថត Xinhua
យន្តហោះចម្បាំង J-20 ហោះបង្អួតក្នុងកម្មវិធីនៅ Zhuhai ។ រូបថត Xinhua
ចិន នៅថ្ងៃទី ២៨ ខែកញ្ញា បានដាក់បង្ហាញអាវុធផ្លូវអាកាសថ្មីដ៏ទំនើបរបស់ខ្លួនដូចយន្តហោះដ្រូន និងយន្តហោះចម្បាំងដែលអាចរារាំងឧបករណ៍អេឡិចត្រូនិកជាដើម។ ការតាំងបង្ហាញនេះ ធ្វើឡើងខណៈជម្លោះជាមួយតៃវ៉ាន់ និងជម្លោះនៅសមុទ្រចិនខាងត្បូងមិនធូរស្រាល។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់នៅថ្ងៃទី ២៧ ខែកញ្ញា បានលើកឡើងថា តៃវ៉ាន់ត្រូវការអាវុធដែលអាចវាយប្រហារគោលដៅឆ្ងាយថ្មីដើម្បីទប់ទល់នឹងចិន។​



ការតាំងពិព័រណ៍អាវុធដែនអាកាសដ៏ធំបំផុតរបស់ចិន នៅ​ទីក្រុងឆ្នេរសមុទ្រ Zhuhai ភាគខាងត្បូងប្រទេស បានចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែកញ្ញា ស្របពេលដែលទីក្រុងប៉េកាំងជំរុញការធ្វើទំនើបកម្មយោធាឡើងវិញដើម្បីត្រៀមសម្រាប់សង្គ្រាមទំនើបតាមកាលកំណត់នៅឆ្នាំ២០៣៥។
 
គំរូយន្តហោះដ្រូន CH -6 ថ្មី ដែលអាចប្រយុទ្ធបាន ស្ថិតក្នុងចំណោមសម្ភារផ្លូវអាកាសដែលត្រូវបានដាក់បង្ហាញ​នៅទីក្រុង Zhuhai ។ យន្តហោះដ្រូននេះ ដោយមានស្លាបប្រវែង ២០,៥ ម៉ែត្រ និងខ្លួនប្រវែង ១៥,៨ ម៉ែត្រ អាចផ្ទុកមីស៊ីលបាន ហើយត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការឃ្លាំមើល និងវាយប្រហារ។
 
ក្នុងការតាំងពិព័រណ៍នេះ ចិនក៏ដាក់បង្ហាញអាវុធដែនអាកាសផ្សេងទៀតរួមមានយន្តហោះដ្រូន WZ-7 ដែលអាចប្រើសម្រាប់ការឈ្លបយកការណ៍តាមព្រំដែន និងល្បាតតាមដែនសមុទ្រ និងយន្តហោះចម្បាំង J-16D ដែលអាចរារាំងឧបករណ៍អេឡិចត្រូនិក។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យន្តហោះដ្រូននិងយន្តហោះចម្បាំងនេះ ត្រូវបានចិនយកទៅប្រើការរួចហើយ។
មកទល់ពេលនេះ ចិននៅតែតាមពីក្រោយអាម៉េរិកទាក់ទងនឹងបច្ចេកវិទ្យា និងការវិនិយោគលើអាវុធសង្គ្រាម ប៉ុន្តែអ្នកជំនាញផ្នែកអាវុធលើកឡើងថា ចិនកំពុងព្យាយាមកាត់បន្ថយគម្លាតនេះ ហើយខិត​តាមប្រកៀកនឹងអាម៉េរិក​។ តាមរបាយការណ៍ចារកម្មអាម៉េរិកនៅឆ្នាំ២០២០ ការកើនឡើងនៃឥទ្ធិពលរបស់ចិន ជាការគំរាមកំហែងធំបំផុតមួយរបស់អាម៉េរិក។
 
នៅមុនការដាក់បង្ហាញអាវុធថ្មីៗនេះរបស់ចិន នៅថ្ងៃទី ២៧ ខែកញ្ញារដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា តៃវ៉ាន់ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ និងច្បាស់លាស់ដើម្បីរារាំងឥទ្ធិពលចិនដែលកំពុងអភិវឌ្ឍអាវុធយ៉ាងឆាប់រហ័សដើម្បីវាយប្រហារលើតៃវ៉ាន់។ នៅដើមខែនេះ តៃវ៉ាន់បានស្នើថវិកាចំណាយបន្ថែមលើវិស័យការពារជាតិជិត៩ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ និងចង់ធ្វើទំនើបកម្មអាវុធរបស់ខ្លួន។
 
«ការអភិវឌ្ឍមីស៊ីលថ្មីត្រូវតែមានរយៈចម្ងាយឆ្ងាយ ច្បាស់លាស់ និងចល័តដើម្បីឱ្យសត្រូវដឹងថា យើងបានត្រៀមខ្លួនរួចរាល់នៅពេលពួកគេចង់វាយប្រហារ»។ លោក Chiu លើកឡើងបែបនេះ។
កម្មវិធីតាំងពិព័រណ៍អាវុធផ្លូវអាកាសរបស់ចិនដែលជាធម្មតាត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារជំងឺរាលដាលកូវីដ-១៩ ហើយត្រូវរៀបចំឡើងក្នុងឆ្នាំនេះវិញ៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com