អន្តរជាតិ
ទូតចិនប្រចាំចក្រភពអង់គ្លេសថា ការប៉ុនប៉ងរបស់បរទេសដើម្បីរារាំងចិន នឹងបរាជ័យ
29, Sep 2021 , 3:17 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍លោក  Zheng Zeguang នៅថ្ងៃទី២៨​​ ខែកញ្ញាបានលើកឡើងថា ការ​ប៉ុនប៉ងរបស់បរទេសដើម្បីរារាំង ឬឡោមព័ទ្ធចិននឹងបរាជ័យជាក់ជាមិនខាន។ ដូចច្នេះ​មហា​អំណាចនានាគួរតែចៀសវាងគំនិតអាណានិគមដែលនឹងនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយចិន​ដែល​ជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក។​

 
សម្ព័ន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិករវាងអាម៉េរិក អង់គ្លេស និងអូស្ត្រាលី​ដែល​នឹង​ផ្តល់ឱ្យ​ទីក្រុង​កង់បេរ៉ានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធ្វើឱ្យចិននៅមិនស្ងៀមឡើយ។ សម្ព័ន្ធភាពថ្មីនេះ ត្រូវគេជឿថា ដាក់គោលដៅប្រឆាំងចិនតែម្ដង។​ ប៉ុន្តែអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស បានរំឭកមហាអំណាចទាំងអស់ឱ្យគិតគូរយុទ្ធសាស្រ្តរបស់ខ្លួន។
 
អំឡុងពិធីអបរខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២៨ ខែកញ្ញា អគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេសលោក Zheng Zeguang បានថ្លែងថា បក្សកុម្មុយនីស្តចិនបាន កំចាត់ជនបរទេសដែលជិះជាន់ និងបានកសាងប្រទេសឡើងវិញដោយបានស្រោចស្រង់ប្រជាជនជាង ៧៧០ លាននាក់ចេញពីភាពក្រីក្រក្នុងរយៈពេលត្រឹមតែកន្លះសតវត្សរ៍។ ដូចនេះការព្យាយាមរបស់បរទេសទាំងឡាយ មិនអាចទប់ចិនបានឡើយ។
 
«ការប៉ុនប៉ងដើម្បីរារាំង ឬឡោមព័ទ្ធចិន មិនដែលទទួលបានជោគជ័យឡើយក្នុងប្រវត្តិសាស្ត្រ ហើយ​នេះក៏នឹងត្រឹមតែជាសុបិនដែលមិនអាចទៅរួចនាពេលអនាគត។ គ្មាននរណាម្នាក់អាចរារាំង​ប្រជាជន​ចិនមិនឱ្យមានការរីកចម្រើនបន្ថែមទៀតនោះទេ»។ លោក Zeng អះអាងបែបនេះ។ ទន្ទឹមនេះ លោកក៏បានបញ្ជាក់ថា មហាអំណាចទាំងនោះគួរតែបោះបង់ចោលចិត្តគំនិតអាណានិគម និង​ផែនការ​ដែលអាចធ្វើឱ្យមានការបាក់បែកគ្នា ឬប្រឈមមុខដាក់គ្នា។ 
 
ក្នុងពិធីដដែល អគ្គរដ្ឋទូតចិនរូបនេះក៏បាននិយាយចំៗទៅកាន់ចក្រភពអង់គ្លេសថា ចក្រភពអង់គ្លេស​គួរតែធ្វើការលើការកែលម្អទំនាក់ទំនង​ជាមួយទីក្រុងប៉េកាំង​បន្ទាប់មានបញ្ហាល្អក់កក​រ​មួយចំនួន​ក្នុង​រយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ថ្មីៗនេះ លោក Zeng ត្រូវបានរារាំងពីការចូលរួមពិធីមួយនៅសភាអង់គ្លេសផងដែរ។
 
អ្នកការទូតចិនរូបនេះ ក៏ឆ្លៀតលើកគុណសម្បត្តិនៃការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដោយលោកអះអាងថាប្រព័ន្ធនយោបាយសង្គមនិយម និងបក្សកុម្មុយនីស្តចិន  មានសារសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍរបស់ចិន។ លោកសង្កត់ធ្ងន់ថា មានតែ CPC និងប្រព័ន្ធនយោបាយសង្គមនិយមប៉ុណ្ណោះ ដែល​អាចធ្វើឱ្យចិនអភិវឌ្ឍបានមកដល់ពេលនេះ៕

Tag:
 ចិន
  អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com