អន្តរជាតិ
EU ថា អឺរ៉ុបនិងចិនត្រូវតែបន្តជជែកគ្នា ទោះបីខ្វែងគំនិតលើបញ្ហាច្រើនក៏ដោយ
29, Sep 2021 , 9:29 pm        
រូបភាព
ប្រមុខការទូតអឺរ៉ុប Joseph Borrell។ រូបថត AFP
ប្រមុខការទូតអឺរ៉ុប Joseph Borrell។ រូបថត AFP
សហភាពអឺរ៉ុប (EU) និងចិននៅថ្ងៃទី ២៨ ខែកញ្ញា បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រជាន់ខ្ពស់លើកទី១១ ។ ក្នុងជំនួបនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ EU លោក Josep Borrell ប្រាប់សមភាគីចិនលោក វ៉ាង យី ថា សហភាពអឺរ៉ុបនិងចិន ត្រូវសហការគ្នាលើរឿងមួយចំនួន បើទោះបីជាមានការខ្វែងគំនិតលើកបញ្ហាច្រើនក្ដី។ 


តំណាងជាន់ខ្ពស់ EU លោក Joseph Borrell បានកត់សម្គាល់ថា ទោះបីជាអឺរ៉ុប និងចិនប្រកាន់គោលគំនិតផ្សេងគ្នាលើបញ្ហាមួយចំនួនក៏ដោយ ភាគីទាំងពីរចាំបាច់ត្រូវបន្តចូលរួមសហការគ្នាឱ្យបានខ្លាំងក្លានៅក្នុងវិស័យសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ EU នៅថ្ងៃទី ២៨ ខែកញ្ញា។  
 
ចំពោះមុខរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី លោក Borrell លើកឡើងទៀតថា ការពង្រឹងទំនាក់ទំនងជាមួយចិនជារបៀបវារៈដ៏សំខាន់មួយរបស់ EU ហើយរឿងដែលសំខាន់បំផុត គឺ EU និងចិនត្រូវបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនិងការសន្ទនាដ៏រលូនមួយ។ លោកក៏បន្ថែមថា EU មានឆន្ទៈធ្វើការជាមួយចិនដើម្បីត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាជាន់ខ្ពស់រវាងភាគីទាំងពីរនៅដំណាក់កាលបន្ទាប់ផងដែរ។ 
 
ប្រមុខការទូតចិន ក៏មានជំហរដូចគ្នាលើការចង់បានកិច្ចសហប្រតិបត្តិការនេះដែរ។ លោកវ៉ាង ប្រាប់សមភាគីអឺរ៉ុបដូច្នេះ «យើងគួរតែពង្រឹងទំនាក់ទំនងវិជ្ជមាននេះ បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ យោគយល់ភាពខុសគ្នានៃគោលគំនិតរវាងភាគីទាំងពីរ និងរួមចំណែកជាកម្លាំងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល»។ 
 
ក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិនដែលស្រង់សម្ដីលោក វ៉ាង ទាំងចិននិង EU ជឿជាក់ថាទំនាក់ទំនងទ្វេភាគីនេះ គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយស្វែងរកចំណុចរួមខណៈមានគំនិតខុសគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ កាត់បន្ថយការប្រឈមមុខដាក់គ្នា ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក វ៉ាង ក៏ចង់ឃើញភាគីទាំងពីររួមគ្នាដោះស្រាយបញ្ហាប្រឈមមានកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុជាដើម។ 
 
លោក វ៉ាង ក៏អះអាងថា ថ្មីៗនេះទំនាក់ទំនងនិងការសន្ទនារវាងចិននិងសហភាពអឺរ៉ុបបានកើនឡើង ហើយភាគីទាំងពីរបានចុះការព្រមព្រៀងជាច្រើន ដែលនឹងជួយបង្កើនការយល់ដឹង ពង្រឹងការជឿទុកចិត្តគ្នា និងកាត់បន្ថយការខ្វែងគំនិតគ្នាផង។
 
សូមបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់សហភាពអឺរ៉ុប។ កន្លងមក ទំនាក់ទំនងទ្វេភាគីហាក់រប៉ិនរប៉ាន់ខ្លាំងដែរ ដោយអឺរ៉ុបប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង និងហុងកុង៕
 

Tag:
 EU
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com