អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនបញ្ជាឱ្យក្រុមហ៊ុនថាមពលធានាការផ្គត់ផ្គង់ឱ្យបាន ខណៈប្រឈមមុខការខ្វះខាត
02, Oct 2021 , 2:06 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុនថាមពលរដ្ឋធានាការផ្គត់ផ្គង់ឥន្ធនៈឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងាដែលកំពុងខិតជិតមកដល់។ នេះបើតាមរបាយការណ៍មួយនៅថ្ងៃទី១ ខែតុលា។ ការដាក់បញ្ជាធ្វើឡើងស្របពេលចិន កំពុងទប់ទល់វិបត្តិថាមពលដែលអាចគំរាមកំណើនសេដ្ឋកិច្ចរបស់ខ្លួន។


 
ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារការដាច់ចរន្តអគ្គិសនីដែលបណ្តាលឱ្យរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វារ ព្រមទាំងរាំងស្ទះដល់ដំណើរការផលិត និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិមានក្រុមហ៊ុនផលិតទូរស័ព្ទ Apple និងក្រុមហ៊ុនផលិតឡាន Tesla ស្ថិតក្នុងចំណោមរោងចក្រដែលបញ្ជាឱ្យបញ្ឈប់ការផលិតបណ្តោះអាសន្ន។
 
វិបត្តិខ្វះខាតថាមពលនេះកើតឡើងដោយសារ តម្រូវការនាំចេញក្រៅប្រទេសច្រើនលើសលប់ តម្លៃធ្យូងថ្ម ការគ្រប់គ្រងតម្លៃអគ្គិសនីរបស់រដ្ឋ និងការរឹតត្បិតការបញ្ចេញឧស្ម័នតាមគោលដៅកំណត់។ប៉ុន្មានខែចុងក្រោយនេះ បណ្តាខេត្តនិងតំបន់ជាង១២កន្លែងត្រូវបានអាជ្ញាធរមូលដ្ឋានបង្ខំឱ្យប្រើប្រាស់ថាមពលយ៉ាងក្បិតក្បៀតដើម្បីចូលរួមសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៦០។
 
ស្របពេលរដូវរងាកាន់តែជិតដល់ផងនោះ ឧបនាយករដ្ឋមន្រ្តីចិន ហាន ចឹង បានប្រាប់ទៅកាន់ក្រុមហ៊ុនថាមពលឱ្យប្រាកដខ្លួនថា អាចផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាដំណើរការសេដ្ឋកិច្ចរបស់ប្រទេស និងតម្រូវការប្រើប្រាស់។ មន្រ្តីជាន់ខ្ពស់ចិនរូបនេះព្រមានថា ទីក្រុងប៉េកាំងនឹងមិនអត់ធ្មត់លើហេតុការណ៍ការដាច់ចរន្តអគ្គិសនីឡើយ។
 
ជុំវិញបញ្ហានេះ លោក ហាន ដែលជាទទួលបន្ទុកត្រួតពិនិត្យវិស័យថាមពល និងផលិតកម្មឧស្សាហកម្មជាតិ ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះជាមួយក្រុមមន្រ្តីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រុងប៉េកាំង និងទីភ្នាក់ងារផែនការសេដ្ឋកិច្ច។ នេះបើតាមសារព័ត៌មាន Bloomberg ។
 
ស្ទើរតែ៦០ភាគរយនៃសេដ្ឋកិច្ចចិន ត្រូវបានដំណើរការដោយវិស័យធ្យូងថ្ម ប៉ុន្តែប្រទេសនាំចូលធ្យូងថ្មធំជាងគេបំផុតនេះកំពុងរងការរាំងស្ទះដោយជំងឺរាតត្បាត និងការនាំដែលចូលធ្លាក់ចុះ ស្របពេលជម្លោះពាណិជ្ជកម្មជាមួយអូស្ត្រាលីដែលធ្លាប់ជាដៃគូនាំចូលធ្យូងថ្មធំបំផុតកើនឡើងផងនោះ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com