អន្តរជាតិ
ចិនបញ្ជូនយន្តហោះច្រើនមិនធ្លាប់មានទៅកំញើញតៃវ៉ាន់នៅចំថ្ងៃបុណ្យជាតិ
02, Oct 2021 , 2:54 pm        
រូបភាព
យន្តហោះទម្លាក់គ្រាប់បែក H-6 របស់កងទ័ពចិន។ រូបថត People
យន្តហោះទម្លាក់គ្រាប់បែក H-6 របស់កងទ័ពចិន។ រូបថត People's Daily
កោះតៃវ៉ាន់ នៅថ្ងៃទី២ ខែតុលា បានរាយការណ៍ពីវត្តមានដ៏ធំបំផុតដែលមិនធ្លាប់មាននៃយន្តហោះកងទ័ពអាកាសចិនក្នុងតំបន់ការពារអាកាសរបស់ខ្លួន។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចម្បាំងចិនសរុបចំនួន៣៨គ្រឿងបានហោះទៅកៀកតៃវ៉ាន់ចំនួនពីរលើកនៅថ្ងៃទី១ និងព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ខណៈទីក្រុងប៉េកាំងបានប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។



ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថា នៅថ្ងៃទី ១ ខែតុលា យន្តហោះចម្បាំងចិនប្រភេទ J-16 ចំនួន១៨គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង រួមជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរចំនួន២គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹក១គ្រឿង ហោះចូលទឹកដីដែលគ្រប់គ្រងដោយតៃវ៉ាន់នៅក្បែរកោះ Pratas ។ កោះនេះ តែងជាទីតាំងយន្តហោះចម្បាំងចិនបើកកាត់កន្លងមក។

នៅព្រឹកថ្ងៃទី២ ខែតុលា ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍បន្ថែមថា យន្តហោះចិនចំនួន ១៣ គ្រឿងបន្ថែមទៀត ក៏បានចូលរួមក្នុងបេសកកម្មនេះដែលមានយន្តហោះ J-16 ចំនួន១០គ្រឿង និងយន្តហោះ H-6 ចំនួន២គ្រឿង និងយន្តហោះផ្ដល់សញ្ញាព្រមានទុកមួយគ្រឿងទៀត។ យន្តហោះចម្បាំងចិនមួយក្រុមនេះ ធ្វើដំណើរពីលើដែនអាកាសចន្លោះតៃវ៉ាន់ និងហ្វីលីពីន។
យៅងតាមក្រសួងការពារតៃវ៉ាន់ យន្តហោះចម្បាំងទ័ពអាកាសតៃវ៉ាន់ ក៏ត្រូវបានបញ្ជូនទៅបណ្តេញយន្តហោះចិនទាំងនេះចេញ ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ដំណើរការផងដែរ។
ទាក់ទិននឹងរឿងនេះ ចិនមិនទាន់ធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់ខ្លួននៅឡើយទេ។ យ៉ាងណាមិញ កន្លងមក ចិនបានលើកឡើងថា ការហោះហើរបែបនេះគឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស និងមានគោលបំណងព្រមានការគប់គិតគ្នារវាងកោះតៃវ៉ាន់និងអាម៉េរិកដែលជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់តៃវ៉ាន់នេះ។

គួររំលឹកថា សកម្មភាពយោធាធំបំផុតពីមុន បានកើតឡើងនៅក្នុងខែមិថុនាកន្លងទៅដោយមានយន្តហោះរបស់កងទ័ពអាកាសចិនចំនួន២៨គ្រឿងចូលដែនការពារអាកាសតៃវ៉ាន់។ ចិនបានបង្កើនសម្ពាធទាំងផ្នែក យោធា និងនយោបាយលើតៃវ៉ាន់ ដើម្បីបង្ខំតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ចិន៕


Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com