ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្ដេច ស ខេង ៖ តួអង្គ៤រូប ដែលជះឥទ្ធិពលល្អ ឬមិនល្អ ដល់សំឡេងឆ្នោតCPP
04, Oct 2021 , 2:51 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងសំណេះសំណាលនៅក្នុងពិធីតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង ជាផ្លូវការ នៅថ្ងៃទី៤ តុលា ២០២១
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងសំណេះសំណាលនៅក្នុងពិធីតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង ជាផ្លូវការ នៅថ្ងៃទី៤ តុលា ២០២១
ភ្នំពេញ៖ មនុស្ស៤រូប ដែលជះឥទ្ធិពលល្អ ឬមិនល្អ ដល់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាកន្លងមក។ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង ជាផ្លូវការ នៅថ្ងៃទី៤ តុលានេះ។


 
មនុស្សទាំង៤នាក់ ដែលសម្ដេច ស ខេង លើកឡើងនេះ គឺសំដៅទៅលើមេឃុំ ស្មៀន មេប៉ុស្តិ៍ និងមេភូមិ នៅតាមមូលដ្ឋានទាំងអស់ ដែលបម្រើប្រជាពលរដ្ឋមិនល្អ នាំឱ្យពួកគេឃ្នើសចិត្ត រហូតលែងចង់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
 
ថ្លែងចំពោះមុខថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«នៅទីនេះ ខ្ញុំចង់និយាយអំពីតួអង្គ៤នាក់ ដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោត ។ មនុស្ស៤នាក់ហ្នឹងអ្នកណាខ្លះ ទី១ ខ្ញុំគិតថាមេឃុំ និងចៅសង្កាត់ ,មនុស្សទី២ ស្មៀនឃុំ-សង្កាត់ មនុស្សទី៣ មេប៉ុស្តិ៍ប៉ូលិស ប៉ុស្តិ៍រដ្ឋបាល និងទី៤ គឺមេភូមិ។ អ៊ីចឹងទេខ្ញុំសុំស្នើថា ក្រុមការងារគណបក្សក្តី ក្រុមការងាររដ្ឋាភិបាលក្តី ក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងម៉េចលើកទឹកចិត្តមនុស្សទាំង៤ហ្នឹង ធ្វើការឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ»។
 


សម្ដេច ស ខេង មើលឃើញការដឹកនាំរបស់មន្ត្រីមូលដ្ឋាននេះ គឺសំខាន់ណាស់ ដូច្នេះបើពួកគេធ្វើការមិនល្អនោះ វានឹងនាំគ្រោះឱ្យគណបក្សផងដែរ។ ក្រៅពីតួអង្គទាំង៤នោះ ក៏មានកត្តាថ្នាក់លើដែរ។
 
«ការពិតហើយមូលហេតុដែលនាំឱ្យជោគជ័យ ឬមិនជោគជ័យ គឺអាចថាមានកត្តាខាងលើ(ថ្នាក់លើ)ដែរ មិនមែនអត់ទេ អាហ្នឹងក៏យើងខិតខំប្រឹងប្រែង តាំងពីខាងលើ ពីស្រុក ពីខេត្ត ពីថ្នាក់កណ្ដាលស្អីខ្លះ ។ ក៏ប៉ុន្តែការបោះឆ្នោតឃុំ-សង្កាត់ គឺ(ពលរដ្ឋ)គាត់មើលហ្នឹងណា គាត់មើលមេភូមិធ្វើការបម្រើឱ្យគាត់បានល្អទេ? គាត់ត្រូវការអត្តសញ្ញាណបណ្ណ គាត់ត្រូវការលិខិតកំណើត ឬសេវាផ្សេងៗ តើមានការយឺតយ៉ាវ ឬមានការលំបាក។ ប៉ុស្តិ៍បូលិសនៅក្នុងឃុំហ្នឹងមានចោរលួច ចោរប្លន់ (ប៉ូលិស) មិនបានគិតគូ មិនបានយកចិត្តទុកដាក់ ឬក៏បញ្ហាផ្សេងៗទៀត កៀបសង្កត់យកលុយយកកាក់ពីប្រជាពលរដ្ឋ។ មេឃុំក៏ដូចគ្នាដែរ»។ នេះបើតាមប្រមុខក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ថា សម្ដេចបានរកឃើញបញ្ហាបម្រើផលប្រយោជន៍ពលរដ្ឋ ដែលកើតចេញពីតួអង្គទាំង៤នាក់នេះ នៅតាមមូលដ្ឋានជាច្រើនកន្លែងមកហើយ។
 
«ប្រជាពលរដ្ឋ គាត់ថា ខ្ញុំមានស្អប់ឯណាថ្នាក់ដឹកនាំកំពូល សម្ដេច ហ៊ុន សែន សម្ដេច ហេង សំរិន សម្ដេច សាយ ឈុំ អីជាដើម។ ប៉ុន្តែបើបោះឆ្នោតឱ្យពួកហ្នឹងទៅ (មេឃុំ-សង្កាត់) ពួកហ្នឹង ដឹកនាំដដែល ធ្វើបាបខ្ញុំដដែល។ ប្រយ័ត្នណា ប្រយ័ត្នកន្លែងហ្នឹង»។ នេះជាការបន្ថែមរបស់សម្ដេច ស ខេង។
 
ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋវិញ សម្ដេច ស ខេង បានបញ្ជាឱ្យក្រុមការងារគណបក្ស និងក្រុមការងាររដ្ឋាភិបាល ចុះប្រមូលបញ្ហាប្រឈម អសកម្ម ដូចជាបញ្ហាទំនាស់ដីធ្លីជាដើម យកមកដោះស្រាយជូនពលរដ្ឋ ដោយមិនត្រូវទុកករណីទាំងនោះចោលឡើយ។ ជាពិសេសស្ដាប់មតិ និងដោះស្រាយបញ្ហាពលរដ្ឋគ្រប់ទីកន្លែង៕
 
 
 

Tag:
 ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com