ជាតិ
សង្គមជាតិ
ហេតុអ្វីការឧបត្ថម្ភ និងលើកទឹកចិត្តគ្រូបង្រៀនជារឿងចាំបាច់បំផុតសម្រាប់វិស័យអប់រំកម្ពុជា?
05, Oct 2021 , 7:43 pm        
រូបភាព
គ្រូម្នាក់កំពុងបង្រៀនសិស្សនៅក្នុងថ្នាក់រៀនមួយនៅរាជធានីភ្នំពេញ។​រូបភាព៖ AFP
គ្រូម្នាក់កំពុងបង្រៀនសិស្សនៅក្នុងថ្នាក់រៀនមួយនៅរាជធានីភ្នំពេញ។​រូបភាព៖ AFP
ដោយ៖ ហាន ណូយ
 
«ទិវាគ្រូបង្រៀន»ត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃទី ៥ខែតុលាដើម្បីបង្ហាញការគោរពដល់គ្រូបង្រៀនទាំងអស់ចំពោះការប្រឹងប្រែង និងលះបង់ក្នុងបុព្វហេតុផ្តល់ចំណេះដឹងដល់សិស្សទាំងឡាយ។ នៅកម្ពុជា ការរំលឹកគុណគ្រូនេះ គួរតែត្រូវបានរៀបចំឡើងយ៉ាងផុសផុល ហើយគ្រូបង្រៀនដែលជាវិស្វករព្រលឹងនោះក៏សក្តិសមនឹងទទួលបានការឧបត្ថម្ភ  និងលើកទឹកចិត្តច្រើនជាងពេលបច្ចុប្បន្នដែរ។ 

ក្រោយឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ប្រហែលបីទសវត្សរ៍មក កម្ពុជារងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ធនធានមនុស្ស និងបញ្ញវន្តជាច្រើនជាពិសេសគ្រូបង្រៀននោះ បានរងការសម្លាប់យ៉ាងរង្គាលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែរ។ 
 
មកដល់បច្ចុប្បន្ន កម្ពុជានៅតែខ្វះធនធានមនុស្សលើច្រើនវិស័យនៅឡើយ។ ក្រឡេកទៅមើល គ្រូបង្រៀនដែលត្រូវបានគេចាត់ទុកជាវិស្វករព្រលឹង និងមានភារកិច្ចបណ្ដុះបណ្តាលធនធានមនុស្សថ្មីៗ ក៏នៅមានកម្រិតជាពិសេសគុណភាព និងសមត្ថភាព។ ពួកគេមិនសូវទទួលបានការលើកទឹកចិត្ត និង សាទរចំពោះការប្រឹងប្រែងនិងការលះបង់របស់គេប៉ុន្មានឡើយ។
 
ជាការពិតណាស់ បើយើងគិតគូរឲ្យបានស៊ីជម្រៅដោយផ្អែកលើកត្តាជាច្រើន ក្តីរំពឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត កម្ពុជានឹងសម្បូរដោយធនធានមនុស្ស ប្រកបដោយគុណភាព និងសីលធម៌ ដូចបណ្តាប្រទេសជិតខាងនោះ អាចត្រឹមតែជាក្តីស្រមើលស្រមៃមួយដ៏ល្អប៉ុណ្ណោះ។ 
 
នេះក៏ដោយហេតុថា នៅពេលដែលគ្រូបង្រៀនដែលជាអ្នកជួយបណ្តុះបណ្តាលធនធានទាំងនោះបន្តបេសកកម្មរបស់ខ្លួនទាំងខ្វះការឧបត្ថម្ភ ការជួយជ្រោមជ្រែង និងលើកទឹកចិត្ត ការផ្ទេរចំណេះដឹងទៅកាន់សិស្សានុសិស្សជាទំពាំងស្នងឬស្សីនោះក៏ត្រូវប្រឈមនឹងបញ្ហាដូចគ្នា។
 
ជាក់ស្តែង ខ្លួនខ្ញុំផ្ទាល់សង្កេតឃើញថា  ការពឹងផ្អែកទាំងស្រុងលើប្រាក់ខែ ដែលបានពីការបង្រៀននោះមិនគ្រប់គ្រាន់ទេ។ លោកគ្រូ អ្នកគ្រូ ទាំងនោះប្រឈមនឹងបញ្ហាជីវភាពខ្វះខាត  ដែលការណ៍នេះធ្វើឲ្យការបង្រៀនមេរៀនដល់សិស្សក្នុងសាលាមិនគ្រប់ជ្រុងជ្រោយនិងអស់ពីសមត្ថភាព។ គ្រូបង្រៀនខ្លះពោលប្រាប់ឲ្យ រៀនគួរបន្ថែមជាមួយខ្លួន បើសិនជាពួកគេចង់ចេះឲ្យកាន់តែច្បាស់។ 
 
លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូខ្លះទៀត បានចំណាយពេលវេលានៅសល់ពីការបង្រៀន ទៅប្រកបរបររកស៊ី ផ្សេងទៀតដើម្បីបានចំណូលចិញ្ចឹមគ្រួសារ។ ហេតុនេះហើយ អ្នកអប់រំទាំងអស់នេះ គ្មានពេលវេលាគ្រប់គ្រាន់ឡើយ ដើម្បីសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និង ស្វែងរកចំណេះដឹងថ្មីៗបន្ថែមមកបង្រៀនដល់សិស្ស។ 
 
ត្រង់នេះសំណួរមួយលេចឡើងមកថា តើនេះមិនជាបញ្ហាសម្រាប់វិស័យអប់រំដែលយើងត្រូវយកចិត្តទុកដាក់ទេឬយ៉ាងណា? ចម្លើយគឺ វាជាបញ្ហា ហើយវាក៏ចាំបាច់ណាស់ដែល សង្គមកម្ពុជាទាំងមូលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។ យកចិត្តទុកដាក់ អាចធ្វើបានតាមរយៈការបង្ហាញលើកទឹកចិត្ត និងគាំទ្រដល់គ្រូបង្រៀនទាំងអស់ ជាពិសេសការរៀបចំទិវារម្លឹកគុណគ្រូបង្រៀននេះតែម្តង។
 
ទង្វើ និងការបង្ហាញការគោរពដឹងគុណចំពោះគ្រូបង្រៀន មិនត្រឹមតែជាការបំផុសស្មារតីគំាទ្រ និងផ្តល់កម្លាំងចិត្តប៉ុណ្ណោះទេ តែវាក៏បង្ហាញឲ្យឃើញពីការទទួលស្គាល់ជាសាកលមួយពីតួនាទីមិនអាចខ្វះបានរបស់គ្រូបង្រៀនដែលជាអ្នកសាបព្រួសចំណេះនេះ។ 
 
ប៉ុន្តែគួរឲ្យសោកស្តាយជាខ្លាំង។ សកម្មភាពល្អៗបែបនេះ មិនត្រូវបានគេយកមកអនុវត្តជារួមនោះទេក្នុងចំណោមប្រជាជនជាពិសេសយុវជនយុវនារីខ្មែរ។ ផ្ទុយទៅវិញ ខ្ញុំសង្កេតឃើញថា ប្រជាជនខ្លះជាពិសេសយុវ័យបែរជាជ្រើសរើសយកការប្រារព្ធពិធីដទៃដែលជាវប្បធម៌ និងប្រពៃណីបរទេសយ៉ាងគគ្រឹកគគ្រេងទៅវិញ។  
 
ខ្ញុំលើកឡើងបែបនេះមិនមែនជាការទិតៀនបន្តុះបង្អាប់ទេ តែជាការក្រើនរំលឹកដល់ប្រជាជនយើងប៉ុណ្ណោះ។ រាល់ការប្រតិបត្តិយកនូវវប្បធម៌ទាំងអស់នោះយ៉ាងខ្ជាប់ខ្ជួន វាក៏អាចក្លាយជាហានិភ័យសម្រាប់ជាតិ និងវប្បធម៌យើងក៏ថាបាន។ 
 
ត្រឡប់មកវិញ វារឿងចាំបាច់ដែលយើងម្នាក់ៗចាប់ផ្តើមនាំគ្នាឈឺឆ្អាល ដោយជួយលើកតម្កើង និងជួយឧបត្ថមដល់គ្រូបង្រៀនក្នុងសង្គមយើង។ សកម្មភាពនេះនឹងជួយជ្រោមជ្រែង និងជំរុញឲ្យវិស័យអប់រំនៅកម្ពុជាយើងកាន់តែរីកចម្រើន ទៅរកភាពល្អប្រសើរទាំងគុណភាព និងសីលធម៌ផងដែរ។ 
 
ជាពិសេសនោះ ការដឹងគុណចំពោះអ្នកដែលបានធ្វើគុណមកលើយើងតាមរយៈការឲ្យនូវធម្មទានឬក៏ចែករំលែកនូវចំណេះដឹងនេះ គឺជាវប្បធម៌របស់ជនជាតិខ្មែរដែលបានប្រតិបត្តិមកតៗគ្នាច្រើនជំនាន់មកហើយដែរ។ 
ដូច្នេះហើយ ការលើកតម្កើងគ្រូនិងឱ្យតម្លៃដល់គ្រូបង្រៀន គឺជាកតាលីករដែលមិនត្រឹមតែជំរុញឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យវប្បធម៌យើងត្រដែតឡើង ផុស ផុលថែមទៀតផង។
 
ជារួមមក​ «ទិវាគ្រូបង្រៀន» គួរតែជាថ្ងៃមួយដែលជនានុជនគ្រប់រូប យកចិត្តទុកដាក់ និងខ្វាយខ្វល់ជាងថ្ងៃបុណ្យណាៗទាំងអស់។ ជាពិសេស នៅក្នុងថ្ងៃនេះដែរ សិស្សានុសិស្សគ្រប់រូបគួរតែរៀបចំនូវគ្រឿងសម្ភារ ឬប្រារព្ធជាពិធីណាមួយដើម្បីជាការតបស្នងដល់លោកគ្រូ អ្នកគ្រូក្នុងស្មារតីលើកទឹកចិត្ត និងអបអរផង។ កាលណា​ បើគុណលោកគ្រូអ្នកគ្រូត្រូវបានរំលឹក និងទទួលស្គាល់  យើងអាចនឹងធានាបាននូវការបង្កើតធនធានមនុស្សជំនាន់ក្រោយប្រកបដោយ សីលធម៌ គុណធម៌ និងសមត្ថភាពជាមិនខាននោះទេ។ 
 
ត្រង់ចំណុចនេះខ្ញុំចង់សង្កត់ធ្ងន់ថា ការឲ្យតម្លៃដល់អ្នកអប់រំ និងវិស័យអប់រំ ក៏ជាយុទ្ធសាស្ត្រនៅក្នុងការកសាងប្រទេសជាតិឲ្យខ្លាំងក្លា និងរីកចម្រើនជឿនលឿនឆាប់រហ័សដែរ។ នេះក៏ដ្បិតថា ប្រទេសខ្លាំងក្លានៅលើលោក មិនថាខាងសេដ្ឋកិច្ច នយោបាយការទូត ឬយោធាឡើយ គឺសុទ្ធតែផ្តើមចេញពីការព្យាយាមកសាងធនធានមនុស្សនេះឯង។ ដូចលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីមានប្រសាសន៍ថា៖ «ចង់ឲ្យប្រទេសជាតិរីកចម្រើន ទាល់តែមានការអភិវឌ្ឍធនធានមនុស្សជាមុនសិន»៕
 
ហាន  ណូយ  ជានិស្សិតឆ្នាំទី៣  ផ្នែកទំនាក់ទំនងអន្តរជាតិ  នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា។

© រក្សាសិទ្ធិដោយ thmeythmey.com