សង្គមអន្តរជាតិ​
អន្តរជាតិ
តើកត្តាអ្វីខ្លះដែលធ្វើឱ្យថៃគេចផុតពីអំណាចអាណានិគមបរទេស?
16, Apr 2022 , 9:15 pm        
រូបភាព
រូបភាពបង្ហាញពីទង់ជាតិថៃបច្ចុប្បន្ន។ រូបថត Reuters
រូបភាពបង្ហាញពីទង់ជាតិថៃបច្ចុប្បន្ន។ រូបថត Reuters
ប្រទេសលើពិភពលោកភាគច្រើនមិនបានគេចផុតពីនឹមអាណានិគមបរទេសនោះទេ។ ក្នុងបណ្ដាប្រទេសទាំង១០របស់អាស៊ាន ប្រទេសចំនួន៩ទៅហើយដែលត្រូវបានមហា អំណាចអឺរ៉ុបដាក់អាណានិគម។ ថៃដែលមានព្រំប្រទល់ជាប់ជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី មិនត្រូវបានបរទេសដាក់អាណានិគមដោយផ្ទាល់នោះទេ។



តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យថៃមានលក្ខណៈពិសេសមួយនេះ?

កត្តាទីតាំងភូមិសាស្ត្រ

ក្នុងសតវត្សរ៍ទី១៩និងទី២០ ស្ថិតនៅចន្លោះអាណានិគមបារាំងនៅកម្ពុជានិងឡាវ ព្រមទាំង អាណានិគមចក្រភពអង់គ្លេសនៅមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ទីតាំងរបស់ថៃបានបង្ហាញថាជា តំបន់អាព្យាក្រិត្យ មួយដ៏មានប្រសិទ្ធភាពរវាងមហាអំណាចអាណានិគមទាំងពីរ។
ទោះយ៉ាងណាក៏ដោយ ថៃមិនបានមានសន្តិភាពរហូតនោះទេ។ ខណៈពេលដែលថៃ រីករាយជាមួយទំនាក់ទំនងពាណិជ្ជកម្មដ៏រីកចំរើនជាមួយអង់គ្លេស បារាំងឯណោះនៅតែ សម្លឹងមើលការពង្រីកទឹកដីរបស់ខ្លួនចង់ក្ដោបយកថៃទាំងមូល។

បារាំងបានបន្តទទូចឱ្យ បែងចែកថៃជាពីរ ប៉ុន្តែតាមរយៈការចរចាការទូតរវាងអង់គ្លេសនិងបារាំង ភាគីទាំងពីរបាន ចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ ១៨៩៦ ដែលបានយល់ព្រមរក្សាថៃឱ្យមានឯករាជ្យហើយ ដើរតួជាតំបន់ទ្រនាប់រវាងមហាអំណាចទាំងពីរ។

ការធ្វើទំនើបកម្មប្រព័ន្ធនយោបាយ

នៅពាក់កណ្ដាលសតវត្សរ៍ទី១៩ដល់ដើមសតវត្សរ៍ទី២០ ស្ដេចថៃ ជាពិសេសស្ដេច ជូឡាឡុងកន ឬរាមាទី៥ បានកត់សម្គាល់ថា ដើម្បីរក្សាឯករាជ្យនិងចៀសវាងការធ្វើ អាណានិគមពីបរទេស ថៃត្រូវកែប្រែប្រព័ន្ធនយោបាយរបស់ខ្លួនឱ្យស្របទៅតាមទម្រង់ ប្រព័ន្ធនយោបាយនៃប្រទេសអឺរ៉ុប។ លក្ខណៈសំខាន់ៗនៃគម្រោងទំនើបកម្មនេះរួមមាន ការរៀបចំផែនទីប្រទេសដែលថៃនិងប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍មិនដែលមាន ពីមុនមក។
 
បន្ថែមពីនេះស្ដេចថៃក៏បានលុបបំបាត់ប្រព័ន្ធទាសភាព ចាប់ផ្ដើមរៀបចំការ អប់រំតាមបែបបស្ចិមប្រទេសដូចជា ភាសានិងវិទ្យាសាស្ត្រ ការកែលម្អប្រព័ន្ធយុត្តិធម៌ និងស្ថាប័នហិរញ្ញវត្ថុ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើវិមជ្ឈការប្រព័ន្ធរដ្ឋបាល តាមអឺរ៉ុប។ ការកែទម្រង់ទាំងអស់នេះហើយដែលធ្វើឱ្យបរទេសដូចជា អង់គ្លេស និងបារាំងជាដើមមើលឃើញថាថៃជាប្រទេសរីកចម្រើន និងមានការយល់ដឹង ខ្ពស់ពីប្រព័ន្ធគ្រប់គ្រងប្រទេស ឯករាជ្យភាព និងបូរណភាពដែនដីដូចបណ្ដា ប្រទេសលោកខាងលិចដែរ។

ការអនុវត្តការទូត «ដើមឬស្សី»

ម្ចាស់អាណានិគមអង់គ្លេស និងបារាំងបានគំរាមថៃជាច្រើនលើកច្រើនសា ហើយថៃដែលមានអំណាចទន់ខ្សោយបើធៀបនឹងប្រទេសទាំងនេះ ងាយនឹងធ្លាក់ចូល កណ្ដាប់ដៃមហាអំណាចណាស់។ ប៉ុន្តែដោយសារព្រះមហាក្សត្រថៃ ជាពិសេសស្ដេចមង្គុត ឬរាមាទី៤ និងស្ដេចជូឡាឡុងកន បានអនុវត្តការទូតបត់បែនធ្វើឱ្យមហាអំណាច អាណានិគមមិនអាចវាយក្ដោបក្ដាប់ប្រទេសរបស់ខ្លួនទាំងមូលបានឡើយ។ ឧទាហរណ៍ ដូចជា ស្ដេចរាមាទី៥បានអនុញ្ញាតឱ្យអង់គ្លេសកេងចំណេញលើវត្ថុធាតុដើមរបស់ខ្លួន និងបានបំពេញតាមការទាមទាររបស់បារាំងដោយគ្មានលក្ខខណ្ឌដោយបានប្រគល់ទឹកដីថៃជាងមួយភាគបួននៃផ្ទៃដីសរុបជាសំណងដើម្បីការពារជម្លោះយោធាជាមួយបារាំង បន្តទៀតបន្ទាប់ពីជម្លោះមួយនៅបន្ទាយ Paknam ក្នុងឆ្នាំ ១៨៩៣ ។

បន្ថែមពីនេះ ស្ដេចជូឡាឡុងកនក៏បានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅដល់ទ្វីបអឺរ៉ុបហើយបានបង្កើតមិត្តភាពជិតស្និទ្ធជាមួយមេដឹកនាំប្រទេសមហាអំណាចដូចជាចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងអាល្លឺម៉ង់និងការផ្សារភ្ជាប់ទំនាក់ទំនងផ្សេងទៀត។ ជាពិសេស នៅពេលនោះស្ដេចថៃ បាននាំរុស្ស៊ី និងអាល្លឺម៉ង់មកជួយខ្លួនទប់ទល់នឹងចក្រភពអង់គ្លេស និងបារាំងផងដែរ។

សរុបមកវិញ ទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ថៃ ជាពិសេសគួបផ្សំនឹងគោលនយោបាយ ការបរទេសដែលផ្លាស់ប្ដូរនឹងបត់បែនតាមកាលៈទេសៈជួយឱ្យថៃបានចៀសផុតពីនឹម អាណានិគមបរទេសបាន។ ទោះស្ថិតក្រោមការគំរាមកំហែងរបស់ចក្រភពអង់គ្លេស និងបារាំងក៏ដោយ ស្តេចជូឡាឡុងកនបានស្វែងរកមធ្យោបាយគ្រប់លទ្ធភាពទោះបីត្រូវលះបង់ប្រពៃណីទំនៀមទំលាប់ ប្រព័ន្ធគ្រប់គ្រង និងទឹកដីមួយចំនួន របស់ខ្លួនក៏ដោយ ឱ្យតែអាចការពារឯករាជ្យជាតិបាន៕






© រក្សាសិទ្ធិដោយ thmeythmey.com