អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិន ថា បានឯកភាពគ្នាជាមួយលោក ស៊ី គោរពកិច្ចព្រមព្រៀងទាក់ទងបញ្ហាតៃវ៉ាន់
06, Oct 2021 , 2:00 pm        
រូបភាព
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ៥ ខែតុលា បានលើកឡើងថា លោក និងប្រធានាធិបតីចិន ស៊ី ជិនភីង បានពិភាក្សាគ្នាអំពីបញ្ហាទាក់ទិននឹងកោះតៃវ៉ាន់។ លោក បៃឌិន ក៏បានអះអាងថា ភាគីទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងទាក់ទងបញ្ហាដែនកោះនេះ។


នៅប៉ុន្មានថ្ងៃមុន ស្របពេលប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិត ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលត្រូវបានតៃវ៉ាន់ចាត់ទុកថាជាការយាយីជាថ្មីពីសំណាក់ទីក្រុងប៉េកាំង។ ក្រោយព្រឹត្តិការណ៍នេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងថា មេដឹកនាំចិនយល់ព្រមគោរពរាល់កិច្ចព្រមព្រៀងទាក់ទងបញ្ហាតៃវ៉ាន់។

«ខ្ញុំបាននិយាយជាមួយ លោក ស៊ី (ប្រធានាធិបតីចិនស៊ី ជិនភីង) អំពីកោះតៃវ៉ាន់​។ យើងបានព្រមព្រៀងគ្នាថា យើងនឹងគោរពតាមកិច្ចព្រមព្រៀងតៃវ៉ាន់ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ ខ្ញុំមិនគិតថាគាត់គួរតែធ្វើអ្វីផ្សេងក្រៅពីគោរពតាមកិច្ចព្រមព្រៀងនោះទេ»។ ​លោក បៃឌិន ប្រាប់អ្នកកាសែតបែបនេះ​ពីសេតវិមាននៅថ្ងៃទី ៥ ខែតុលា។ លោកមិនបញ្ជាក់ពីពេលវេលានៃការសន្ទនាជាមួយលោក ស៊ី តែអាចធ្វើឡើងកាលពីការជជែកតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែកញ្ញា។

កិច្ចព្រមព្រៀងតៃវ៉ាន់ដែលលោក បៃឌិន និយាយ គឺសំដៅលើកិច្ចព្រមព្រៀងចិនតែមួយ ដែលអាម៉េរិកទទួលស្គាល់ទីក្រុងប៉េកាំងជាតំណាងតែមួយគត់របស់ចិន។ ប្រធានាធិបតីអាមេរិក ក៏ទំនងជានិយាយសំដៅច្បាប់តៃវ៉ាន់ ដែលសភាអាម៉េរិកអនុម័តកន្លងមក សំដៅផ្ដល់ការការពារដល់តៃវ៉ាន់ និងការបញ្ជាក់ពីជំហររបស់អាម៉េរិកក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធី។

ទាក់ទងវត្តមានយន្តហោះចម្បាំងចិនវិញ អាម៉េរិកបានជំរុញម្តងហើយម្ដងទៀតឱ្យចិនបញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price ចាត់ទុកសកម្មភាពយោធាចិន ជាទង្វើកំពុងធ្វើឱ្យអស្ថិរភាព និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះចម្បាំងនេះដែរ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងនៅថ្ងែទី ៥ ខែតុលាថា តៃវ៉ាន់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារខ្លួន ក៏ដូចជាការពារប្រជាធិបតេយ្យនៅតៃវ៉ាន់។

គួររំលឹកថា តៃវ៉ាន់បានរាយការណ៍ពីយន្តហោះចម្បាំងចិនជាង ១៤៨ គ្រឿងបានហោះចូលភាគខាងត្បូងនិងនិរតីនៃដែនការពារដែនអាកាសរបស់ខ្លួន ក្នុងរយៈពេល ៤ ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលាដែលជាថ្ងៃប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតរដ្ឋ ដែលជាការបញ្ជូនយន្តហោះច្រើនមិនធ្លាប់មានរបស់ចិនទៅតៃវ៉ាន់​។

ចិនជានិច្ចជាកាលតែង អះអាងថាកោះតៃវ៉ាន់ជាទឹកដីខ្លួនដែលគួរតែត្រូវបានរួបរួម បើទោះបីជាចាំបាច់ត្រូវប្រើកម្លាំងយោធាក្តី។ ឯតៃវ៉ាន់វិញ អះអាងថា ខ្លួនជាប្រទេសឯករាជ្យហើយ នឹងការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនពីចិន៕





Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com