ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន៖ បងប្អូនទៅកម្សាន្តតាមតំបន់នានា ធានាយ៉ាងណាកុំឱ្យក្រោយភ្ជុំ មានអ្នកធ្វើបុណ្យឱ្យយើងវិញ
06, Oct 2021 , 6:19 pm        
រូបភាព
 សម្ដេច ហ៊ុន​ សែន បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តវិធានការសុវត្ថិភាពរបស់រដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ត្រូវការពារខ្លួនដាច់ខាត ដើម្បីកុំឱ្យមានអ្នកធ្វើបុណ្យឱ្យវិញ ក្រោយភ្ជុំបិណ្ឌ។



តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំចុងក្រោយ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅតាមតំបន់នានា ទៅលេងនៅតំបន់នានា សូមរក្សាឱ្យបានខ្ជាប់ខ្ជួននូវ ៣កុំ ៣ការពារ ធានាយ៉ាងណាកុំឱ្យក្រោយពេលបុណ្យ យើងបែជាមានអ្នកធ្វើបុណ្យឱ្យយើងវិញ នោះ គឺជាមហន្តរាយមួយ ដែលកើតឡើងក្រោយពីការសប្បាយរីករាយ របស់យើង»។

តាមរយៈសារសំឡេងដដែល សម្ដេច ហ៊ុន សែន ប្រកាសថា ប្រសិនបើស្ថានភាព ក្រោយភ្ជុំមិនធ្ងន់ធ្ងរ ដោយមិនមានអ្នកឆ្លងច្រើន ហើយចំនួនអ្នកស្លាប់ ក៏ថយចុះ នោះកម្ពុជា នឹងអាចវិលទៅរកប្រក្រតីភាព ហើយនឹងអាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ ប៉ុន្តែ សម្តេច បញ្ជាក់ថា ក្រោយភ្ជុំបិណ្ឌ បើករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង នោះកម្ពុជា ពុំទាន់អាចឈានទៅបើកប្រទេសពេញឡើងវិញឡើយ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់នឹងសភាពការណ៍អាក្រក់ នៅក្រោយភ្ជុំបិណ្ឌ៕




Tag:
 Covid-19
  កូវីដ-១៩
  ភ្ជុំ
© រក្សាសិទ្ធិដោយ thmeythmey.com