ជាតិ
សង្គមជាតិ
អង្គការទេសចរណ៍ពិភពលោក ផ្តល់អាហារូបករណ៍៥០កន្លែងដល់កម្ពុជា
06, Oct 2021 , 10:30 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងទេសចរណ៍)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងទេសចរណ៍)
តាកែវ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងដល់កម្ពុជា លើការសិក្សាមុខវិជ្ជា «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍» តាមប្រព័ន្ធអនឡាញ។ ចំពោះបេក្ខជន ដែលមានបំណងដាក់ពាក្យក្នុងកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្សនៃក្រសួងទេសចរណ៍ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។



សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្តល់ជូនអាហារូបករណ៍ដល់កម្ពុជា៥០កន្លែង សិក្សាតាមប្រព័ន្ធអនឡាញក្នុងកម្មវិធី UNWTO Online Academy។ កម្មវិធីនេះ នឹងផ្តល់ជូនមន្ត្រីទេសចរណ៍២០កន្លែង ផ្នែកឯកជន២០កន្លែង និងសិស្ស-និសិ្សត១០កន្លែង។ គោលបំណងនៃការផ្តល់ឲ្យនេះ គឺដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើរ។

សម្រាប់បេក្ខជន-បេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យប្រឡងត្រូវគោរពតាមលក្ខខណ្ឌនៃការជ្រើសរើស ដោយត្រូវមានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់។ ក្រៅពីនេះ បេក្ខជន-បេក្ខនារី ត្រូវជាមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬជានិសិ្សតកំពុងសិក្សាក្នុងវិស័យទេសចរណ៍។

អាហារូបករណ៍ ដែលកម្ពុជាទទួលបាននេះ នឹងជួយស្តារវិស័យទេសចរណ៍ឡើងវិញ ដោយផ្តោតលើយុទ្ធសាស្រ្តធុរកិច្ច គណនេយ្យហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនៃម៉ាឃីតឌីជីថល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ មូលដ្ឋានគ្រឹះនៃវានុវត្ត និងការផ្លាសប្តូរឌីជីថល៕

Tag:
 ក្រសួងទេសចរណ៍
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com