អន្តរជាតិ
ភាសាមានអ្នកប្រើប្រាស់ច្រើនជាងគេ៖ អង់គ្លេសលេខ១, ចិនលេខ២ ឯបារាំងលេខ៧
24, Sep 2022 , 9:29 pm        
រូបភាព
ភាសាគឺជាប្រព័ន្ធទំនាក់ទំនងដែលរួមបញ្ចូលទាំងការនិយាយ និងការសរសេរ។ ភាសាត្រូវបានប្រើប្រាស់ជាយានដើម្បីប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសឬតំបន់ណាមួយ ហើយ ជាទូទៅ ប្រទេសនិងតំបន់ផ្សេងៗគ្នាលើពិភពលោកតែងបានប្រើប្រាស់ភាសាខុសៗគ្នាដែរ។ ថ្វីបើមានច្រើននៅលើពិភពលោក ភាសាចំនួន ១០ ត្រូវបានប្រជាជនលើពិភពលោកប្រើប្រាស់ច្រើនជាគេ។

 
នៅទូទាំងពិភពលោកសព្វថ្ងៃ ភាសាជាង៧ពាន់ត្រូវបានប្រើប្រាស់ ខណៈភាសាមួយចំនួនត្រូវប្រើប្រាស់តែក្នុងតំបន់ប៉ុណ្ណោះ។ នេះបើយោងតាមឯកសារប្រចាំឆ្នាំរបស់គេហទំព័រ Ethnologue។ ប្រទេសមួយអាចប្រើប្រាស់ភាសាជាច្រើនតាមតំបន់នីមួយៗក្នុងប្រទេស។ លើសពីនេះទៀតប្រទេសខ្លះ បានបញ្ចូលភាសាលើសពីពីរជាភាសាផ្លូវការរបស់ប្រទេសផងដែរ។ ជាក់ស្តែងដូចជា ប្រទេសបូលីវីដែលមានភាសាផ្លូវការរហូតដល់ទៅ ៣៧ភាសា។ នេះបើយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៩ របស់ប្រទេសនេះ។ 
តាមរបាយការណ៍ពីគេហទំព័រ Ethnologue ភាសាចំនួន ១០ ត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតក្នុងចំណោមភាសាជាង ៧ ពាន់ផ្សេងៗ។ 
ភាសាទាំង១០ នេះរួមមាន៖
 
១. ភាសាអង់គ្លេស 
ភាសាអង់គ្លេស ត្រូវបានប្រើប្រាស់ដោយមនុស្សច្រើន១,៣ពាន់លាននាក់​។ ភាសានេះ ជាភាសាពេញនិយមបំផុតមួយក្នុងទំនាក់ទំនងលើពិភពលោកមិនថាសេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ ឬទំនាក់ទំនងការទូតឡើយ។​
 
២. ភាសាចិន
តាមប្រកៀកនឹងភាសាអង់គ្លេស គឺភាសាចិន ដោយមានមនុស្សជាង​ 
១,៣ពាន់លាននាក់ប្រើប្រាស់។
 
៣. ភាសាហិណ្ឌី 
ជាភាសាដែលត្រូវបានមនុស្សប្រមាណ ៦០០ លាននាក់លើពិភពលោកដូចជាផ្នែកជាច្រើននៅឥណ្ឌា និងប៉ាគីស្ថាន។
 
៤. ភាសាអេស្ប៉ាញ
ប្រជាជនលើពិភពលោកជាង៥៤៣លាននាក់ចេះនិយាយភាសានេះ។ អេស្ប៉ាញ និងប្រទេសអាម៉េរិកខាងត្បូង សុទ្ធតែប្រើប្រាស់ភាសានេះ។
 
៥.​ ភាសាស្តង់ដារអារ៉ាប់
ប្រជាជនជាង ២៧៤ លាននាក់អាចប្រើប្រាស់ភាសាអារ៉ាប់នេះបាន ពិសេសនៅមជ្ឈិមបូព៌ា។
 
៦. ភាសាបេងហ្កាលី (Bengali) 
បេងហ្កាលី ជាភាសាផ្លូវការរបស់បង់ក្លាដេសដែលមានមនុស្សប្រមាណ២៦៨លាននាក់ប្រើប្រាស់ ភាគច្រើនបំផុតនៅប្រទេសនេះផ្ទាល់។
 
៧. ភាសាបារាំង 
បារាំង ក៏ជាភាសាមានប្រើច្រើនដែរ ពិសេសក្នុងវិស័យច្បាប់។ មនុស្សជាង២៦៧ លាននាក់ប្រើប្រាស់ភាសានេះ។
 
៨. ភាសារុស្ស៊ី 
ភាសារុស្ស៊ីមានមនុស្សជាង ២៥៨ លាននាក់អាចប្រើប្រាស់ភាសានេះបាន ដោយក្នុងចំណោមនោះ មានប្រជាជនជាង ១៥៤ នាក់ជាជនជាតិដើមប្រើប្រាស់ភាសានេះស្រាប់។
 
៩.ភាសាព័រទុយហ្កាល់ 
ជាភាសាដែលមានមនុស្សជាង ២៥៨ លាននាក់ប្រើប្រាស់ ដែលជាចំនួនប្រហាក់ប្រហែលនឹងចំនួនអ្នកចេះភាសារុស្ស៊ីដែរ។ ប្រេស៊ីលជាប្រទេសនៅអាម៉េរិកខាងត្បូងមួយគត់ ប្រើភាសាព័រទុយហ្កាល់ជាផ្លូវការ។
 
១០. ភាសាអ៊ូឌូ (Urdu)
ភាសានេះជាភាសាផ្លូវការរបស់ប៉ាគីស្ថាន ជាភាសាដែលស្រដៀងនឹងភាសាហិណ្ឌីនិងមានពាក្យចម្ចីជាច្រើនពីភាសាអារ៉ាប់ មានមនុស្សជាង ២៣០ លាននាក់ប្រើប្រាស់នៅប៉ាគីស្ថាន និងតំបន់ខ្លះក្នុងប្រទេសឥណ្ឌាជាដើម។
 
ក្នុងចំណោមភាសាទាំង១០​ខាងលើ ភាសាអង់គ្លេស ចិន អេស្ប៉ាញ អារ៉ាប់ បារាំង និងរុស្ស៊ីត្រូវបានប្រើប្រាស់ជាភាសាផ្លូវការក្នុងអង្គការសហប្រជាជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com