អន្តរជាតិ
អាម៉េរិកនិងចិនឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលបៃដិន-ស៊ី នៅមុនដំណាច់ឆ្នាំនេះ
07, Oct 2021 , 6:09 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan (ឆ្វេង) ក្នុងជំនួបជាមួយលោក Yang Jiechi ។ រូបថត Xinhua
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan (ឆ្វេង) ក្នុងជំនួបជាមួយលោក Yang Jiechi ។ រូបថត Xinhua
មន្រ្តីរដ្ឋបាលជាន់ខ្ពស់អាម៉េរិកនៅថ្ងៃទី៦ ខែតុលា បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាជាគោលការណ៍សម្រាប់ការរៀបចំកិច្ចប្រជុំតាមអនឡាញរវាងមេដឹកនាំកំពូលប្រទេសទាំងពីរនៅមុនដំណាច់ឆ្នាំ២០២១។ ការប្រកាសនេះ ធ្វើឡើងក្រោយជំនួបមន្រ្តីជាន់ខ្ពស់ចិន និងអាម៉េរិកនៅទឹកដីស្វ៊ីស ដោយភាគីទាំងពីរក៏បានសន្យាសហការគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង និងមានប្រកួតប្រជែងគ្នាដោយការទទួលខុសត្រូវ។



ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង មិនទាន់បានជួបមុខគ្នាដោយផ្ទាល់ឡើយ តាំងពីលោក បៃឌិន ឡើងកាន់តំណែងមុខ។ មេដឹកនាំទាំងពីរ បានជជែកគ្នាតាមទូរស័ព្ទពីរដងដែរ។ មន្រ្តីអាម៉េរិក និងចិន កំពុងត្រៀមខ្លួនដើម្បីរៀបចំជំនួបបៃឌិន-ស៊ី ដែលគ្រោងធ្វើតាមប្រព័ន្ធវីដេអូនៅមុនដំណាច់ឆ្នាំ២០២១ នេះ។
 
ដំណឹងនៃការឯកភាពគ្នាខាងលើ ត្រូវបានបញ្ចេញដោយមន្រ្តីសេតវិមានក្រោយកិច្ចប្រជុំថ្ងៃទី៦ ខែតុលា ក្នុងទីក្រុង Zurich ស្វ៊ីស រវាងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jake Sullivan បានជួបជាមួយ សមាជិកគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Yang Jiechi ។ កិច្ចប្រជុំខាងលើនេះ ជាជំនួបបន្តពីការជជែកតាមទូរស័ព្ទរបស់លោក បៃដិន នៅថ្ងៃទី ៩ ខែកញ្ញាជាមួយលោក ស៊ី ។ ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចពិភាក្សា៦ម៉ោងនេះ មានលក្ខណៈស្ថាបនា និងស្មោះត្រង់។
 
«ពួកយើងពិតជាមានកិច្ចសន្ទនាដែលបានព្រមព្រៀងគ្នាជាគោលការណ៍ដើម្បីរៀបចំកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធអនឡាញមុនដំណាច់ឆ្នាំនេះ»។ មន្ត្រីអាម៉េរិកប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី៦ ខែតុលា។
 
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Sullivan បានបញ្ជាក់ក្នុងជំនួបជាមួយលោក Yang ថា ខណៈពេលអាម៉េរិកនឹងបន្តពង្រឹងទំនាក់ទំនងនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូ អាម៉េរិកក៏នឹងបន្តចូលរួមជាមួយចិនដើម្បីធានាការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ។ យ៉ាងណាមិញ លោក Sullivan ក៏បារម្ភអំពីសកម្មភាព របស់ចិននៅសមុទ្រចិនខាងត្បូងក៏ដូចជាសិទ្ធិមនុស្សនៅស៊ីនជាំង និងជំហររបស់ទីក្រុងប៉េកាំងចំពោះហុងកុង និងតៃវ៉ាន់។
 
ចំណែកសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនបានប្រកាសថា លោក Yang បានប្រាប់លោក Sullivan អំពីផលវិបាកនៃការប្រឈមមុខដាក់គ្នាដែលនឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រទេសទាំងពីរ និងពិភពលោក។ បន្ថែមពីនេះក្រសួងការបរទេសចិនលើកឡើងថា ភាគីទាំងពីរបានយល់ព្រមចាត់វិធានការដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ គ្រប់គ្រងភាពខុសគ្នា ហើយចៀសវាងជម្លោះនិងការប្រឈមមុខដាក់គ្នា៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com