អន្តរជាតិ
CIA បង្កើតអង្គភាពកម្រិតខ្ពស់ថ្មីមួយដែលផ្ដោតលើការតាមដានចិន
08, Oct 2021 , 5:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់អាម៉េរិក (CIA​) កំពុងបង្កើតអង្គភាពកម្រិតខ្ពស់មួយដែលក្នុងនឹងផ្តោតលើការតាមដានលើចិន និងទប់ទល់ការពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។ ​ការបង្កើតអង្គភាពនេះ កើតឡើងស្របពេលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកំពុងល្អក់កករខ្លាំងក្រោមអាាណត្តិលោកប្រធានាធិបតី ចូ បៃឌិន ។



នាយក​ CIA លោក​ William Burns បាននិយាយនៅថ្ងៃទី៧ ខែតុលា ថា ការបង្កើតមជ្ឈមណ្ឌល​​បេសកកម្មចិន នឹងប៉ះពាល់ដល់បេសកកម្មទាំងអស់របស់ CIA ខណៈការគំរាមពីសំណាក់ចិន ជារឿងធំ។ ប៉ុន្តែលោក Burns សង្កត់ធ្ងន់ថា ការគំរាមនោះ កើតចេញពីរដ្ឋាភិបាលចិន មិនមែនប្រជាជនចិនឡើយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្រ្តីជាន់ខ្ពស់ CIA ម្នាក់ បានប្រដូចការបង្កើតអង្គភាពដែលផ្ដោតលើចិនតែមួយនេះ ទៅនឹងបេសកកម្មរបស់ CIA លើការតាមដានសហភាពសូវៀតអំឡុងសង្រ្គាមត្រជាក់ និងការប្រមូលព័ត៌មានទាក់ទងក្រុមភេរវកម្មក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញាផងដែរ។ 
 
ជុំវិញការបង្កើតនេះដែរ វាជាលើកដំបូងហើយដែល CIA អាម៉េរិក បើកអង្គភាពជាន់ខ្ពស់ផ្តោតទៅលើចិនតែម្នាក់ឯង។ កាលពីមុន គ្មានអង្គភាពណាត្រូវបានបង្កើតឡើងឡើយ សូម្បីតែក្នុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ ដែលការប្រឈមមុខរវាងចិន និងអាម៉េរិកឡើងកម្ដៅខ្លាំង។
 
ការបង្កើតមជ្ឈមណ្ឌលបេសកកម្មចិននេះ ជាផ្នែកមួយនៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ CIA បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុងកន្លងមក។ អង្គភាពចារកិច្ចរបស់អាម៉េរិក បានច្របាច់អង្គភាពស៊ើបការណ៍លើអ៊ីរ៉ង់ដែលបង្កើតឡើងក្នុងរដ្ឋបាលលោក ត្រាំ ទៅក្នុងអង្គភាពដែលគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ឯមជ្ឈមណ្ឌលបេសកកម្មកូរ៉េខាងជើង ត្រូវដាក់បញ្ចូលក្នុងអង្គភាពដែលធ្វើការលើបញ្ហានៅអាស៊ីបូព៌ា។ 
 
ចាប់តាំងពីខែដំបូងនៃរដ្ឋបាលលោក បៃដិន  ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងចាប់ផ្តើមរង្គោះរង្គើខ្លាំងទាក់ទងបញ្ហាជាច្រើនរួមមានសិទិ្ធមនុស្សនៅស៊ីនជាំង បញ្ហាហុងកុង និងសមុទ្រចិនខាងត្បូង៕

Tag:
 CIA
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com