អន្តរជាតិ
មេដឹកនាំតៃវ៉ាន់ថា មិនដែលស្វែងរកការប្រឈមមុខដាក់គ្នាដោយយោធាឡើយ
08, Oct 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងសុន្ទរកថានាជំនួបមួយ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងសុន្ទរកថានាជំនួបមួយ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី ៨ ខែតុលា អះអាងថា តៃវ៉ាន់មិនចង់ប្រឈមមុខដាក់គ្នាដោយផ្នែកយោធាជាមួយប្រទេសណាឡើយ។ ប៉ុន្តែលោកស្រីក៏បានអះអាងដែរថា នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសេរីភាព និងរក្សាប្រជាធិបតេយ្យនៅតៃវ៉ាន់។


 
មួយរយៈពេលចុងក្រោយនេះ យន្តហោះចម្បាំងចិនរាប់សិបគ្រឿង ហោះរំលោភដែនការពារអាកាសរបស់តៃវ៉ាន់ ដែលសកម្មភាពនេះត្រូវបានមើលឃើញថា ជាការកំញើញសាច់ដុំយោធាពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង បង្ហាញទៅកាន់តៃវ៉ាន់។ ម្ដងជាពីរដង តៃវ៉ាន់រិះគន់ចិនថា ព្យាយាមបង្ករឿង ដែលអាចធ្វើឱ្យអស្ថិរភាពតំបន់។
 
ទោះជាយ៉ាងណា ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អះអាងថា តៃវ៉ាន់មិនចង់បានការប្រឈមមុខផ្នែកយោធាជាមួយអ្នកណាឡើយ។ ថ្លែងក្នុងវេទិកាសន្តិសុខមួយនៅថ្ងៃទី៨ ខែតុលា លោកស្រី Tsai បញ្ជាក់ថា តៃវ៉ាន់សង្ឃឹមឱ្យមានការរួមរស់ប្រកបដោយសន្តិភាព ស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែកោះតៃវ៉ាន់នឹងធ្វើគ្រប់យ៉ាងដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន។ 
 
លោកស្រី Tsai ក៏បានបន្តថា ភាពរុងរឿងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវការបរិយាកាសសន្តិភាព ស្ថិរភាពនិងតម្លាភាពក្នុងតំបន់។ ចំពោះមុខអ្នកចូលរួមជាច្រើន មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្ថែមថា តៃវ៉ាន់នឹងធ្វើការរួមគ្នាជាមួយប្រទេសក្នុងតំបន់ផ្សេងទៀតដើម្បីធានាស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
«តៃវ៉ាន់ប្តេជ្ញាយ៉ាងខ្លាំងក្នុងការសហការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ដើម្បីបញ្ចៀសការផ្ទុះអាវុធនៅសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។» លោកស្រី Tsai អះអាងបែបនេះ។
 
មុនវេទិកាសន្តិសុខនេះ លោកស្រី ក៏អះអាងពីការព្យាយាមរបស់តៃវ៉ាប់ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាផងដែរ។ នៅសប្តាហ៍នេះ តៃវ៉ាន់ ទទួលសមាជិកព្រឹទ្ធសភាបារាំង៤រូប និង​អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី Tony Abbott ដែលបំពេញទស្សនកិច្ចឯកជន។ ក្នុងវេទិកាសន្តិសុខដដែល លោក Abbot បានថ្កោលទោសចិនចំពោះសកម្មភាពលើអូស្ត្រាលី និងតៃវ៉ាន់ទៀតផង។ លោក Abbott ក៏មិនជឿថា អាម៉េរិកអាចអង្គុយមើលចិនលេបត្របាក់កោះតៃវ៉ាន់​បានទេ៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com