អន្តរជាតិ
អាជ្ញាធរចិនប្រាប់ក្រុមហ៊ុនអណ្តូងរ៉ែឱ្យបង្កើនទិន្នផលធ្យូងថ្មជាបន្ទាន់ ​ខណៈកំពុងជួបវិបត្តិខ្វះថាមពល
08, Oct 2021 , 10:29 pm        
រូបភាព
រោងចក្រចម្រាញ់ធ្យូងថ្មមួយកន្លែងនៅតំបន់ម៉ុងហ្គោលីខាងក្នុង។ រូបថត Xinhua
រោងចក្រចម្រាញ់ធ្យូងថ្មមួយកន្លែងនៅតំបន់ម៉ុងហ្គោលីខាងក្នុង។ រូបថត Xinhua
ដោយ:
អាជ្ញាធរចិន ដាក់បញ្ជាទៅកាន់ក្រុមហ៊ុនអណ្តូងរ៉ែជាង៧០កន្លែងស្ថិតនៅតំបន់ម៉ុងហ្គោលីខាងក្នុងឱ្យបង្កើនល្បឿនផលិតធ្យូងថ្មឱ្យបានចំនួនជិត១០០លានតោនដើម្បីធានាការផ្គត់ផ្គង់ថាមពលក្នុងស្រុក។ការដាក់បញ្ជាដ៏ប្រញាប់ប្រញាល់បែបនេះ​ធ្វើឡើង ស្របពេលចិនកំពុងដោះស្រាយការខ្វះខាតធ្យូងថ្មដែលជះឥទ្ធិពលខ្លាំងដល់ការជំរុញសេដ្ឋកិច្ចប្រទេស។



វិបត្តិខ្វះថាមពល កំពុងក្លាយជារឿងឈឺក្បាលសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ចិនក៏ងាកទៅធ្យូងថ្មអូស្ត្រាលីដែលត្រូវបិទខ្ទប់នៅកំពង់ផែទៀត។ លើសពីនោះ ចិនក៏បញ្ជាឱ្យក្រុមហ៊ុមផលិតធ្យូងថ្មបង្កើនការផលិតផងដែរ ខណៈតម្លៃធ្យូងថ្មកើនឡើងខ្ពស់ និងបញ្ហាកង្វះអគ្គិសនី ក៏កំពុងបង្កការសរាំងស្ទះដល់ច្រវាក់ផលិតកម្មឧស្សាហកម្ម។
 
ក្នុងសេចក្តីជូនដំណឹងបន្ទាន់ចុះផ្សាយថ្ងៃទី៧ ខែតុលា​ មន្ទីរថាមពលប្រចាំតំបន់​ម៉ុងហ្គោលីខាងក្នុងបានស្នើទៅកាន់រដ្ឋអំណាចមូលដ្ឋានតាមទីក្រុងមួយចំនួនរួមមាន​ Wuhai , Ordos , Hulunbuir​ និង Xilingol League ​ឱ្យជូនដំណឹងទៅកាន់ក្រុមហ៊ុនអណ្តូងរ៉ែប្រមាណ៧២កន្លែងពីការបង្កើនទិន្នផលធ្យូងថ្មភ្លាមៗ។​ អណ្តូងរ៉ែទាំង៧២កន្លែង​ ដែលបានចុះបញ្ជីដោយការិយាល័យថាមពលម៉ុងហ្គោលីខាងក្នុង មានសមត្ថភាពផលិតចំនួន១៧៨,៤៥លានតោនក្នុងមួយឆ្នាំ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកជំនួញម្នាក់មានមូលដ្ឋានក្នុងក្រុងប៉េកាំងបានប៉ាន់ស្មានថា ការជំរុញការផលិតអាចចំណាយពេលចន្លោះពី២ខែទៅ៣ខែ។
 
ម៉ុងហ្គោលីខាងក្នុង ជាតំបន់ផលិតធ្យូងថ្មធំជាងគេទី២របស់ចិន និង​ផលិតធ្យូងថ្មបានជាង១ពាន់លានតោននៅឆ្នាំ២០២០ ដែលស្មើជាងមួយភាគ៤នៃចំនួនទិន្នផលសរុប។ ទិន្នផលនោះ បានធ្លាក់ចុះ៨ភាគរយសម្រាប់ឆ្នាំដដែល ធៀបនឹងឆ្នាំ២០១៩ និងបន្តធ្លាក់ចុះរៀងរាល់ខែចាប់ពីខែមេសា ដល់ខែកក្កដានៅឆ្នាំ២០២១ ដោយសារបញ្ហាស៊ើបអង្កេតប្រឆាំងអំពើពុករលួយលើវិស័យធ្យូងថ្មកាលពីឆ្នាំ២០២០ និងការហាមឃាត់កម្មកររ៉ែពីការធ្វើការលើសសមត្ថភាពដែលបានអនុម័ត៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com