ជាតិ
សង្គមជាតិ
កុមារាម្នាក់ស្លាប់ និងរបួស២នាក់ ដោយសារវាយគ្រាប់មិនទាន់ផ្ទុះ ពេលទៅឃ្វាលគោ
09, Oct 2021 , 4:28 pm        
រូបភាព
កុមារាម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ឡង់ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ រូបភាពពី គណនីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កុមារាម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ឡង់ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ រូបភាពពី គណនីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កុមារាម្នាក់ស្លាប់ និងរបួស២នាក់ ដោយសារវាយគ្រាប់មិនទាន់ផ្ទុះ ពេលទៅឃ្វាលគោ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។



លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ប្រាប់សារព័ត៌មានថ្មីៗថា គ្រាប់ឡង់ដែលផ្ទុះ គឺជាគ្រាប់យុទ្ធភណ្ឌបន្សល់ពីសម័យសង្គ្រាមប្រហែលមុនឆ្នាំ១៩៩៨។ 
 
ក្រោយហេតុការណ៍នេះកើតឡើង មន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មិនទាន់ចាត់ប្រតិបត្តិការណ៍ ក្នុងការស្វែងរកគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត នៅទីតាំងនេះទេ។ លោក ហេង រតនា អះអាងដូច្នេះ៖«ភ្លាមៗពួកយើងអត់ទាន់បាន ធ្វើការបោសសម្អាត រុករកអ្វីច្រើនទេ។ ធ្វើការជាមួយប៉ូលីសសិន រកព័ត៌មានពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ហ្នឹង»។ 
 
ទោះបីយ៉ាងណាក៏ដោយ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជារូបនេះ អំពាវនាវឱ្យពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ឬកម្លាំង CMAC ពេលជួបប្រទះ ឬសង្ស័យ ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានវត្តមានរាយប៉ាយពពាយនៅកម្ពុជា។ 
 
គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាហេតុការណ៍ផ្ទុះគ្រាប់នេះ កើតឡើងចំនួន ៤៦ករណី តែថយចុះ ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ នេះបើតាមលោក ហេង រតនា៕
 

Tag:
 ThmeyThmey
  គ្រាប់មិនទាន់ផ្ទះ
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com