អន្តរជាតិ
ស្ត្រេសខ្លាំងអាចបង្កើនសម្ពាធឈាម បង្កជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
24, Sep 2022 , 2:59 pm        
រូបភាព
រូបភាព៖ Vera Arsic-Pexels
រូបភាព៖ Vera Arsic-Pexels
បញ្ហាស្ត្រេស ធុញថប់ក្នុងអារម្មណ៍ និងខឹងមួម៉ៅជាដើម មិនត្រឹមតែបានធ្វើឱ្យអ្នកមិនសប្បាយចិត្តឡើយ វាថែមទាំងប៉ះពាល់ដល់សុខភាព និងអាយុជីវិតទៀត។ នៅពេលស្ត្រេសខ្លាំង អ្នកនឹងប្រឈមហានិភ័យឡើងសម្ពាធឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺបេះដូង។ នេះបើតាមការសិក្សាមួយចុះផ្សាយលើទិនានុប្បវត្តិ American Heart Association។

 
ការសិក្សាបានរកឃើញថា សុខភាពផ្លូវចិត្តពិតជាមានទំនាក់ទំនងទៅនឹងសុខភាពមនុស្សពិសេសសុខភាពសរសៃឈាម និងបេះដូង។ ប្រសិនបើអ្នកមានបញ្ហាសតិអារម្មណ៍មិនល្អ វាអាចនឹងបង្កហានិភ័យឡើងសម្ពាធឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺបេះដូង។ មួយវិញទៀត នេះជាហានិភ័យដែលវិវដ្ដក្នុងពេលយូរ។ ដូច្នេះបើទោះពេលនេះអ្នកមិនមានបញ្ហាទាំងនេះ តែ១០ឆ្នាំក្រោយការស្ត្រេសខ្លាំងនឹងធ្វើឱ្យអ្នកប្រឈមនឹងវា។ 
 
អំណះអំណាងខាងលើ បានធ្វើឡើងដោយផ្អែកលើការសិក្សាដែលមានអ្នកចូលរួម ៤១២នាក់ មានអាយុចន្លោះ៤៨ឆ្នាំ ដល់៨៧ឆ្នាំ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨។ ការសិក្សាបានធ្វើតេស្តអរម៉ូន ៣ប្រភេទដូចជា អរម៉ូនណូអេពីនេព្រីន អេពីនេព្រីន និងដូផាមីន ដែលមាននាទីតម្រូវប្រព័ន្ធសរសៃប្រសាទ និងគ្រប់គ្រងចង្វាក់បេះដូង សម្ពាធឈាម និងដង្ហើមផងដែរ។ អ្នកជំនាញក៏បានសិក្សាពីអរម៉ូនករទីសូល ដែលជាអរម៉ូនបញ្ចេញដោយរាងកាយដើម្បីឆ្លើយតបនឹងភាពស្ត្រេស ឬភាពតានតឹងផ្សេងៗ។
 
លោក Kosuke Inoue អ្នកនិពន្ធការសិក្សា និងជាជំនួយការសាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៃសាកលវិទ្យាល័យ Kyoto របស់ជប៉ុន បានអះអាងថា៖ «អរម៉ូនណូអេពីនេព្រីន អេពីនេព្រីន ដូផាមីន និងអរម៉ូនករទីសូល អាចកើនឡើង ស្របតាមភាពស្ត្រេសរបស់មនុស្សដោយសារបញ្ហាជីវិត ការងារ ទំនាក់ទំនង ហិរញ្ញវត្ថុ និងបញ្ហាអ្វីៗផ្សេងជាច្រើនទៀត។» 
 
នៅពេលកម្រិតអរម៉ូនទាំង៤ រួមបញ្ចូលគ្នាកើនឡើងទ្វេដង ហានិភ័យនៃការឡើងសម្ពាធឈាមក៏កើនចន្លោះពី២១ ទៅ៣១ភាគរយ។ ប្រសិនបើកម្រិតអរម៉ូនករទីសូលកើនឡើង វាបានផ្សារភ្ជាប់នឹងហានិភ័យនៃការមានជំងឺសរសៃឈាមបេះដូងប្រមាណ ៩០ភាគរយឯណោះ។ លើសពីនេះ ការសិក្សាបានបង្ហាញថា ហានិភ័យនៃជំងឺទាំងនេះភាគច្រើន កើតឡើងលើអ្នកមានអាយុក្រោម ៦០ឆ្នាំ។
 
ប្រសិនបើអ្នកមានបញ្ហាតានតឹងអារម្មណ៍ និងស្ត្រេសខ្លាំង អ្នកគួររកពេលសម្រាកសម្រួលអារម្មណ៍ និងធ្វើលំហាត់ប្រាណ ដើម្បីចៀសវាងការប្រឈមនឹងហានិភ័យនៃជំងឺដាច់សរសៃឈាម ឡើងសម្ពាធឈាម និងជំងឺបេះដូងដែលអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត៕ 
 

Tag:
 ស្រ្តេស
© រក្សាសិទ្ធិដោយ thmeythmey.com