អន្តរជាតិ
ប្រធានាធិបតីចិន ប្តេជ្ញាបង្រួបបង្រួមចិន និងតៃវ៉ាន់ ដោយមិនប្រើកម្លាំងយោធា
09, Oct 2021 , 10:18 pm        
រូបភាព
ចិន ប្រារព្ធខួបលើកទី១១០ នៃបដិវត្តន៍ផ្តួលរម្លំអធិរាជចិន។ រូបភាព៖ Xinhua
ចិន ប្រារព្ធខួបលើកទី១១០ នៃបដិវត្តន៍ផ្តួលរម្លំអធិរាជចិន។ រូបភាព៖ Xinhua
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី ៩​ ខែតុលា បានប្តេជ្ញាបង្រួបបង្រួមចិន និងតៃវ៉ាន់ ប្រកបដោយសន្តិវិធី ប៉ុន្តែមេដឹកនាំរូបនេះ ក៏បានព្រមាន ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ផងដែរថា វាជាទង្វើប្រឆាំងប្រវត្តិសាស្រ្ត និងមិនអាចទៅរួច។ ជាការឆ្លើយតប តៃវ៉ាន់ បានការពារថា វាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។

 
ក្នុងខួបលើកទី១១០ នៃបដិវត្តន៍ផ្តួលរម្លំអធិរាជចិន លោកប្រធានាធិបតី ស៊ី ជិនភីង បានប្តេជ្ញាបង្រួបបង្រួមជាតិ ប្រកបដោយសន្តិវិធី ដែលខុសពីពេលកន្លង ដែលមេដឹកនាំចិន តែងព្រមានប្រើកម្លាំងទ័ពលើតៃវ៉ាន់ ដើម្បីបង្រួបបង្រួមប្រទេស។ យ៉ាងណាមិញ មេដឹកនាំរូបនេះ ក៏បានព្រមានរដ្ឋាភិបាលក្រុងតៃប៉ិផងដែរថា ការប្រកាសឯករាជ្យភាព គឺជាទង្វើប្រឆាំងប្រវត្តិសាស្រ្ត និងមិនអាចទទួលជោគជ័យ។ 
 
ពីមហាវិមានប្រជាជនចិន មេដឹកនាំចិន បានទទួលស្គាល់ថា ការបំបែករដ្ឋ​ និងប្រកាសឯករាជ្យរបស់តៃវ៉ាន់ គឺជាឧបសគ្គធំបំផុត ដើម្បីសម្រេចបានការបង្រួបបង្រួមប្រទេស និងជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត ចំពោះការស្តារប្រទេសឡើងវិញ។ បើតាមលោក ស៊ី គ្មាននរណាម្នាក់ អាចមើលស្រាលការប្តេជ្ញាចិត្ត, ឆន្ទៈដ៏ម៉ឺងម៉ាត់ និងសមត្ថភាពដ៏ខ្លាំងរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ។ 
 
ក្នុងន័យនេះ ប្រមុខរដ្ឋចិន បន្តលើកឡើងដដែលថា ការបង្រួបបង្រួម ដែនដីចិន និងតៃវ៉ាន់ គឺជាបេសកម្មប្រវត្តិសាស្រ្ត។ លោក ស៊ី ធ្លាប់អះអាងបែបនេះម្តងហើយនៅក្នុងខួប ១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិន។ នៅក្នុងឆ្នាំ ២០១៩​ កន្លងទៅ ​ប្រធានាធិបតីចិន ធ្លាប់បានគំរាមប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ដែរ។ 
 
ក្រោយការលើកឡើងរបស់ ប្រធានាធិបតីចិន តៃវ៉ាន់បានឆ្លើយតបភ្លាម​ៗ និងប្រាប់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បោះបង់បំណងបង្ខិតបង្ខំតៃវ៉ាន់ឱ្យរួបរួមជាមួយចិន។ «អនាគតតៃវ៉ាន់នាពេលអនាគត នឹងស្ថិតក្នុងដៃរបស់ប្រជាជនតៃវ៉ាន់»។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា តៃវ៉ាន់ ជាប្រទេសឯករាជ្យ និងមិនមែនជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនទេ។ ក្រុងតៃប៉ិ ក៏បានបដិសេធការអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ»របស់ចិនផងដែរ។
 
នាប៉ុន្មានថ្ងៃមុន កងទ័ពអាកាសចិន បានបញ្ជូនយន្តហោះចម្បាំងជិត ១៥០ គ្រឿង ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ ជាការឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះទៅឃ្លាំមើល និងពង្រាយប្រព័ន្ធការពារមីស៊ីល៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com